ជាទូទៅ ហុងកុងបាននាំចូលស្បៀងអាហារប្រមាណ ៩០ ភាគរយ ហើយភាគច្រើនគឺនាំចូលពីចិនដីគោក ជាពិសេសអាហារស្រស់តែម្ដង។ អ្នកប្រើប្រាស់នៅហុងកុងបានជួបបញ្ហាខ្វះខាតទំនិញនាំចូលពីបរទេសមួយចំនួននាពេលកន្លងមករួចទៅហើយ រួមទាំងគ្រឿងសមុទ្រមានតម្លៃថ្លៃ ដោយសារការរឹតបន្តឹងជើងហោះហើរដ៏តឹងរ៉ឹង។
អាជ្ញាធរហុងកុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "អាជ្ញាធរដីគោក និងរដ្ឋបាលហុងកុង កំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នា ក្នុងការពង្រឹងការរៀបចំយ៉ាងលម្អិត ដើម្បីពន្លឿនការដឹកជញ្ជូនម្ហូបអាហារសម្រាប់ទីក្រុងហុងកុង ដើម្បីធ្វើឱ្យស្ថានភាពផ្គត់ផ្គង់គ្រប់គ្រាន់ឡើងវិញជាធម្មតាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ។
មែនទែនទៅ ទីក្រុងហុងកុងក្រៅតែពីរងនូវបញ្ហាសម្ពាធសេដ្ឋកិច្ច ការផ្ទុះឆ្លងរាលដាលកូវីដ១៩ក៏នៅតែជាបញ្ហាឈឺក្បាលសម្រាប់អាជ្ញាធរផងដែរ ខណៈដែលករណីឆ្លងប្រចាំថ្ងៃនៅទីក្រុងមួយនេះ មានប្រមាណជាង១ពាន់នាក់ក្នុងមួយថ្ងៃ បើទោះបីជាហុងកុងប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការគ្មានកូវីដ១៩របស់រដ្ឋាភិបាលចិនដីគោកក៏ដោយ។
មន្ត្រីជាន់ខ្ពស់ទីក្រុងហុងកុង បានអះអាងថា បច្ចុប្បន្នអាជ្ញាធរកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទប់ទល់ការឆ្លងរាតត្បាតកូវីដ១៩ ដោយការផ្ដល់ជូននូវការធ្វើតេស្ដ ការព្យាបាល និងការដាក់ឲ្យនៅដាច់ដោយឡែកជាដើម ប៉ុន្ដែ អាជ្ញាធរនៅមិនទាន់មានផែនការអនុវត្តការបិទខ្ទប់ដូចដែលរដ្ឋាភិបាលចិនដីគោកកំពុងតែធ្វើនោះទេ។
គួរបញ្ចាក់ថា ទីក្រុងហុងកុង និងចិនដីគោក ស្ថិតក្នុងចំណោមប្រទេស និងដែនដីតិចតួចប៉ុណ្ណោះ ដែលមានគោលនយោបាយតឹងរ៉ឹងខ្លាំងដើម្បីទប់ស្កាត់ COVID-19 ប៉ុន្តែ មេរោគបំប្លែងថ្មី Omicron បាននិងកំពុងធ្វើឲ្យចិនពិបាកកាន់តែខ្លាំងក្នុងការគ្រប់គ្រងលើបញ្ហានេះ ព្រោះតែសមត្ថភាពឆ្លងរបស់វាលឿនរហ័សជាងមេរោគកូវីដ១៩ប្រភេទផ្សេងៗទៀត៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន