ប្រទេសចិនកាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនក៏លែងទទួលស្គាល់លិខិតឆ្លងដែនរបស់អង់គ្លេសដែលកាន់កាប់ដោយប្រជាជនទីក្រុងហុងកុងផងដែរ។
ក្រុមអ្នកនយោបាយនៅហុងកុងមួយចំនួន បាននិងកំពុងលក់អាផាតមិនរបស់ខ្លួនជាបន្ដបន្ទាប់ ដោយមានអ្នកខ្លះបាននិយាយថា ពួកគេកំពុងរងបណ្ដឹងជាច្រើន ហើយការចំណាយលើផ្នែកច្បាប់ក៏មានតម្លៃថ្លៃណាស់ដែរ ដែលវាបន្ទុកធ្ងន់ធ្ងរមួយ។ ហើយមានអ្នកខ្លះទៀតថាពួកគេចង់ឲ្យកូនទៅរៀននៅក្រៅប្រទេស ដូច្នេះ ចាំបាច់ត្រូវការលក់អាផាតមិន ដើម្បីទប់ទល់ការចំណាយទាំងនោះ។
សកម្មជននយោបាយជើងចាស់ម្នាក់ទៀតបាននិយាយថា លោកក៏កំពុងប្រមូលលុយពីការលក់អចលនទ្រព្យនេះដែរ ដោយលោករំពឹងថា តម្លៃរបស់វាអាចនឹងបន្ដធ្លាក់ចុះទៀត ដោយសារតែប្រជាជនក្រុងហុងកុង នឹងបន្ដលក់ទ្រព្យសម្បត្តិហើយទៅយកសញ្ជាតិអង់គ្លេស ក្នុងគោលដៅ ចាកចេញពីហុងកុង ទៅរស់នៅអង់គ្លេស។
ភ្នាក់ងារលក់អចលនវត្ថុក្នុងទីក្រុងហុងកុងក៏បានបញ្ជាក់ដែរថា ចំនួននៃការលក់អចលវត្ថុក្នុងទីក្រុងហុងកុងកំពុងកើនឡើងយ៉ាងគំហុក ចាប់តាំងពីអង់គ្លេសបើកទទួលការស្នើសុំរបស់ពលរដ្ឋហុងកុងចូលសញ្ជាតិអង់គ្លេស ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៣១ ខែមករាមកម្ល៉េះ។
អង់គ្លេសបានប៉ាន់ស្មានថា មានប្រជាជនក្នុងទីក្រុងហុងកុងប្រហែល៣០ម៉ឺននាក់ ឬស្មើនឹង៤% នៃចំនូនប្រជាជនសរុបក្នុងទីក្រុងនេះ អាចនឹងប្រើទិដ្ឋាការថ្មី ដើម្បីធ្វើអន្តោប្រវេសន៍៕