លោកឧកញ៉ា ហុង ពីវ ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដ៏ធំមួយ គឺបុរីពិភពថ្មី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា ៖ «ខ្ញុំ និងក្រុមគ្រួសារ រួមទាំងបុគ្គលិកទាំងអស់នៃ ពិភពថ្មី គ្រុប សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក មេត្តាតាមថែរក្សា លោកឌុកទ័រទេវតា Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា សូមឲ្យលោកទទួលបានជោគជ័យក្នុងការព្យាបាល និងជាសះស្បើយឆាប់ៗ។ សូមបងប្អូនទាំងអស់ ជួយបួងសួងជូនលោកឌុកទ័រទេវតា Beat Richner ផង»។
គួរបញ្ជាក់ថា កន្លងមក លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន ពិភពថ្មី គ្រុប បានបរិច្ចាគថវិកា ២លានដុល្លារអាមេរិក ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការចំណាយទៅលើការព្យាបាលនិងសង្គ្រោះកុមារកម្ពុជា។
ពលរដ្ឋខ្មែរឲ្យងារលោក Beat Richner ជា«វេជ្ជបណ្ឌិតទេវតា»
លោកវេជ្ជបណ្ឌិត ត្រូវបានខ្មែរគ្រប់ស្រទាប់វណ្ណៈស្រលាញ់ខ្លាំងណាស់ ក៏ព្រោះតែលោកត្រូវបានមហាជនខ្មែរមើលឃើញនឹងភ្នែកជាទូទៅ ថា បានជួយសង្គ្រោះនិងព្យាបាលកុមារខ្មែររាប់លាននាក់ក្នុងមួយឆ្នាំៗ។
ចាប់តាំងពីឆ្នាំ១៩៩២មក លោក បេអាត រីច្ឆន័របានបង្កើតនិងដំណើរការមន្ទីរពេទ្យចំនួន ០៥ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
នៅរាជធានីភ្នំពេញ មន្ទីរពេទ្យ គន្ធបុប្ផា មានចំនួន ៤ គឺ គន្ធបុប្ផា ១ កសាងនៅឆ្នាំ១៩៩២, គន្ធបុប្ផា ២ កសាងនៅឆ្នាំ១៩៩៦, គន្ធបុប្ផា ៣ កសាងនៅឆ្នាំ២០០៥ និង គន្ធបុប្ផា ៤ កសាងនៅឆ្នាំ២០០៧។ នៅខេត្តសៀមរាប លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បានកសាងនិងដំណើរការមន្ទីរពេទ្យមួយ ឈ្មោះ មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ដែលមន្ទីរពេទ្យកសាងនៅឆ្នាំ១៩៩៩។
ក្នុងរយៈពេលជាង ២៤ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យ ជយវរ្ម័ន ទី៧ បានផ្ដល់ការព្យាបាលមិនសម្រាកដល់អ្នកជំងឺ ១៤.៨៣៧.១៥៥នាក់ អ្នកជំងឺសម្រាកព្យាបាលបាន ១.៥១៦.៤៧១នាក់ ពិនិត្យផ្ទៃពោះបាន ១.៣៩០.៣២៣នាក់ និងសម្រាលកូនបាន ១៩២.៨៩៧នាក់។
ជួយ Share ដើម្បីបួងសួងសូមឲ្យលោកវេជ្ជបណ្ឌិត ឆាប់ជាសះស្បើយពីជំងឺ និងបន្តដឹកនាំមន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត !!!
រូបភាពខាងលើបានមកពីទំព័រហ្វេសប៊ុក ឧកញ៉ា ហុង ពីវ