នេះជាការលើកឡើងរបស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងសិក្ខាសាលាលើកទី១ ស្តីពីទិដ្ឋភាពច្បាប់និងបទដ្ឋានគតិយុត្តិលើការវិនិយោគវិស័យសំណង់នៅកម្ពុជា រៀបចំឡើងដោយសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។
ក្រុមអ្នកជំនាញនិងអ្នកអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា សុទ្ធតែបង្ហាញពីការតាំងចិត្តចូលរួមគោរពនិងអនុវត្តច្បាប់នេះ ដោយបានចាត់ទុកបទដ្ឋានគតិយុត្តិលើការវិនិយោគវិស័យសំណង់នៅកម្ពុជា គឺជាវិថីមួយឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CL Realty អះអាងថា ការរឹតបន្តឹងប្រព័ន្ធច្បាប់ ពង្រឹងគុណភាពអ្នកអភិវឌ្ឍ និងពង្រឹងនូវភាពស្របច្បាប់ គឺដើម្បីជាប្រយោជន៍សម្រាប់អ្នកទិញអចលនទ្រព្យ ផងដែរ។
ដោយឡែកលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងដែរថា នេះជាការបោះជំហានមួយទៀតសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យ ដើម្បីឲ្យមានចីរភាពក្នុងការអភិវឌ្ឍរបស់ខ្លួន ដែលនឹងគោរពទៅតាមបទប្បញ្ញត្តិផ្សេងៗរបស់រដ្ឋាភិបាលបានដាក់ជូនផងដែរ។
ឯកឧត្តម ឡៅ ទិព្វសីហា មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា អ្នកវិនិយោគអចលនទ្រព្យពិតណាស់នឹងទទួលបានចំណេះដឹង និងយល់កាន់តែច្បាស់ លើនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍអចលនវត្ថុ និងគ្រប់គ្រងអចលនវត្ថុ និងក៏ជាឱកាសល្អមួយថែមទៀត ដែលមន្រ្តីជំនាញបានជួបពិភាក្សាការងារជាមួយអ្នកអភិវឌ្ឍក្នុងដំណើរការធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់វិស័យសំណង់កម្ពុជា។
លោក ភូ សម្បត្តិ ជំនួយការអគ្គនាយកបុរីភ្នំពេញថ្មី បានឲ្យដឹងថា ការរឹតបន្តឹងនេះ មានប្រយោជន៍ច្រើនសម្រាប់អ្នកអភិវឌ្ឍលំនៅដ្ឋាន នូវការយល់ដឹងបន្ថែមពីនីតិវិធីនៃការទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍ ហើយការរៀបចំឯកសារកន្លងមក ក៏មិនមានបញ្ហាស្មុគស្មាញច្រើនប៉ុន្មានដែរ តែអ្វីដែលធ្វើឲ្យអ្នកអភិវឌ្ឍបារម្ភនោះ គឺសំណុំឯកសារដែលតម្រូវឲ្យអ្នកអភិវឌ្ឍទិញធានារ៉ាប់រង។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១០ រហូតដល់ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន សរុបចំនួន ២១៣គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ៣ពាន់ ៣៧៥លានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងដែលទទួលបានអាជ្ញាប័ណ្ណ ក្នុងនោះ គម្រោងបុរីមានចំនួន ១៣២ គម្រោង ស្មើនឹងជាង ៣ម៉ឺនផ្ទះ និងអគារសហកម្មសិទ្ធិមាន ចំនួន ៨១គម្រោង ស្មើនឹងជិត ៣ម៉ឺនយូនីត៕