សេដ្ឋកិច្ចចិន

ការសាយភាយឥទ្ធិពលនៃវិបត្តិអចលនទ្រព្យ កំពុងបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចចិនយ៉ាងណាខ្លះ?


ការធ្លាក់ចុះវិស័យអចលនវត្ថុរបស់ប្រទេសចិនបានស្រូបទាញទាំងធនាគារ និងអាជ្ញាធរនៅតាមបណ្ដាខេត្តធំៗជាច្រើនជួបបញ្ហា ហើយក៏កំពុងគំរាមកំហែងដល់ផលប៉ះពាល់កាន់តែខ្លាំងទៅលើកំណើនលូតលាស់នៃសេដ្ឋកិច្ចរបស់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងពិភពលោក ខណៈ ការខកខានសងបំណុលបានកើនឡើងក្នុងរយៈពេល ១២ ខែចុងក្រោយនេះ បន្ទាប់ពីក្រុមហ៊ុនអ្នកអភិវឌ្ឍកំពុងជួបវិបត្តិសាច់ប្រាក់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Nikkei Asia។
ហានិភ័យដល់កំណើនសេដ្ឋកិច្ចចិន

ការខកខានសងបំណុលក្នុងស្រុកចំនួន ៩៩ ករណីបានកើតឡើងដោយរាប់បញ្ចូលទាំងការពន្យារពេលការទូទាត់សងបំណុលផងដែរ ចាប់គិតពីដើមឆ្នាំនេះរហូតដល់ថ្ងៃទី០៨ ខែសីហា ពោលគឺកើនឡើងជាង ២ដង ធៀបនឹងឆ្នាំមុន។ នេះបើតាមស្ថាប័នស្រាវជ្រាវ Wind Information មានមូលដ្ឋាននៅទីក្រុងសៀងហៃ។

ក្រុមហ៊ុនចាត់ចំណាត់ថ្នាក់ឥណទានដ៏ល្បីរបស់ពិភពលោក S&P Global Ratings បានព្រមានថា ក្រុមអ្នកអភិវឌ្ឍន៍របស់ប្រទេសចិនប្រហែល ២០% អាចប្រឈមនឹងហានិភ័យនៃការក្ស័យធន លែងមានលទ្ធភាពសងបំណុល។ រដ្ឋាភិបាលរបស់ប្រទេសចិន ត្រូវបានគេមើលឃើញថា ក៏ជាអ្នកដែលបានចូលរួមបង្កឱ្យមានវិបត្តិនេះដែរ ដោយសារការដាក់វិធានការរឹតបន្តឹងខ្លាំងនៅឆ្នាំ២០២១ទៅលើកម្ចីសម្រាប់លំនៅឋាន និងការទទួលបានហិរញ្ញប្បទានរបស់ក្រុមអ្នកអភិវឌ្ឍន៍។ វិធានការបិទខ្ទប់ក្រោមគោលនយោបាយគ្មានជំងឺកូវីដរបស់ចិនបានបន្ថែមសម្ពាធដល់វិស័យនេះកាន់តែខ្លាំងថែមទៀត។

បរិមាណនៃការលក់លំនៅឋានថ្មីបានធ្លាក់ចុះ ២៧% នៅក្នុងឆមាសទី២ឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។ យោងតាមក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy បានឱ្យដឹងថា ការលក់ផ្ទះសម្រាប់ខែកក្កដាបានធ្លាក់ចុះ ១៣% បើធៀបនឹងខែមិថុនា និងបានធ្លាក់ចុះ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅទូទាំងទីក្រុងធំៗចំនួន ១០០ របស់ប្រទេសចិន។

ធនាគារជាច្រើនបានចាប់ផ្តើមមានសញ្ញារងផលប៉ះពាល់ ដោយការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនមានចំនួន ២៦% នៃប្រាក់កម្ចីសរុបរបស់ប្រទេសចិន ហើយភាគរយនៃប្រាក់កម្ចីមិនដំណើរការដោយធនាគាររដ្ឋធំៗចំនួន ៤ របស់ប្រទេសចិនបានកើនឡើងបន្ថែមជាង ១ ភាគរយនៅក្នុងឆ្នាំ២០២១ គឺឡើងដល់ ៣,៨%។

ដោយមិនអាចធានាពីការទទួលបានសាច់ប្រាក់នោះ អ្នកអភិវឌ្ឍន៍ជាច្រើនបានបញ្ឈប់គម្រោងសាងសង់ខុនដូដែលកំពុងដំណើរការ ខណៈដែលចំនួនជិត ៤% នៃការសាងសង់ថ្មីដែលបានលក់ក្នុងរយៈពេល ៤ ឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០២២នោះកំពុងជួបបញ្ហាផងដែរ។ នេះបើតាមការប៉ាន់ស្មានរបស់លោក Yan Yuejin នៅវិទ្យាស្ថាន E-house China R&D Institute ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។

លោក Yan បាននិយាយថា នេះគឺជាលទ្ធផលដែលបានបង្កឱ្យមានការប៉ះទង្គិចទៅលើកម្ចីសម្រាប់ទិញផ្ទះ ដោយអ្នកទិញផ្ទះជាច្រើននៅក្នុងគម្រោងមិនទាន់សម្រេចជាង ៣០០គម្រោង នោះឥឡូវនេះបានបដិសេធធ្វើការទូទាត់ប្រាក់កម្ចីទិញផ្ទះរបស់ពួកគេនោះទេ។ ហើយបញ្ហានេះ នឹងជះឥទ្ធិពលដល់ប្រាក់បំណុលប្រមាណ ១៣៣ ពាន់លានដុល្លារ ឬ១,៧% នៃបំណុលអចលនទ្រព្យដែលមិនទាន់សងរួចសរុប។

ដើម្បីទប់ស្កាត់អស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ ប្រទេសចិនកំពុងចាក់បញ្ចូលទឹកប្រាក់ជិត៥០ ពាន់លានដុល្លារទៅក្នុងប្រព័ន្ធធនាគារនៅឆ្នាំនេះ ហើយមូលនិធិនេះមួយចំនួនទទួលបានពីការផ្តល់មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន ដែលត្រូវបានបញ្ជូនបន្តទៅកាន់ធនាគារមួយចំនួន។

វិស័យអចលនទ្រព្យ បានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញដល់សេដ្ឋកិច្ចរបស់ចិន នៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដោយក្នុងនោះ អចលនទ្រព្យ និងសកម្មភាពលករា់យ មានរួមចំណែកប្រហែលជិត៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ចិន ខណៈកាលពីឆ្នាំ១៩៩០ វិស័យនេះរួមចំណែកក្នុងសេដ្ឋកិច្ចត្រឹមតែតិចជាង១០%ប៉ុណ្ណោះ។ រីឯនៅអឺរ៉ុប អាមេរិក និងជប៉ុន វិស័យអចលនទ្រព្យ និងលក់រាយនេះ គឺមានចំណែកប្រហែល២០% នៅក្នុងសេដ្ឋកិច្ច។

បើតាមអ្នកជំនាញ បានប៉ាន់ប្រមាណថា ការធ្លាក់ចុះ២០% នៅក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចថយចុះ៥% ទៅ១០%។ អចលនទ្រព្យ និងសំណង់បានរួមចំណែកផ្ដល់ការងារនៅតាមទីក្រុងក្នុងប្រទេសចិនប្រហែល១៥% នៃការងារសរុប៕




អត្ថបទបន្ទាប់


ច្បាប់សំដៅកាត់បន្ថយអតិផរណារបស់អាមេរិក អាចមានឥទ្ធិពលតិចតួច ឬយ៉ាងណា?

ព័ត៌មាន
ជាមួយនឹងអតិផរណាកើនឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយ សភាអាមេរិកកាលពីសប្តាហ៍មុនបានអនុម័តច្បាប់ស្តីពីការកាត់បន្ថយអតិ…

កប៉ាល់របស់ឥណ្ឌាមួយចំនួន ត្រូវរុស្ស៊ីប្រើប្រាស់ដឹកប្រេងចូលទៅអាមេរិក ដើម្បីគេចទណ្ឌកម្ម

ព័ត៌មាន
សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះប្រទេសឥណ្ឌាថា ពួកគេទំនងជាត្រូវបានរុស្ស៊ីប្រើប្រាស់ឱ្យជួយដឹកជញ្ជូនប្រេងទៅកាន់ទីក្រុងញូយកសហរដ្ឋអាមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ