ក្រុមហ៊ុនឥន្ធនៈ PTT របស់ថៃ

ក្រោយរងសម្ពាធ ក្រុមហ៊ុនឥន្ធនៈ PTT របស់ថៃសម្រេចផ្អាកគម្រោងស្តុកប្រេងឥន្ធនៈនៅមីយ៉ាន់ម៉ា


ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនថាមពលដ៏ធំរបស់រដ្ឋនៃប្រទេសថៃ PTT នឹងផ្អាកប្រតិបត្តិការដឹកជញ្ជូន និងស្តុកប្រេងឥន្ធនៈនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារអំពើហិង្សា និងភាពចលាចលនៅក្នុងប្រទេសនេះ។ ការប្រកាសរបស់ក្រុមហ៊ុននេះបានធ្វើឡើងក្រោយពេលមួយសប្ដាហ៍បន្ទាប់ពីត្រូវបាន មូលនិធិសោធននិវត្តន៍សកលរបស់រដ្ឋាភិបាលប្រទេសន័រវែស បានដកក្រុមហ៊ុនថៃមួយនេះ ចេញពីផលបត្រមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព (SWF)ដ៏ធំបំផុតរបស់ខ្លួន ក្នុងនាមជាអ្នកវិនិយោគសាកល ក្រោយរកឃើញថាក្រុមហ៊ុនថៃ PTT មានជាប់ទាក់ទងនឹងនឹងយោធាមីយ៉ាន់ម៉ា។
ក្រុមហ៊ុនឥន្ធនៈ PTT របស់ថៃសម្រេចផ្អាកគម្រោងស្តុកប្រេងឥន្ធនៈនៅមីយ៉ាន់ម៉ា

បើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei ក្រុមហ៊ុនបុត្រសម្ព័ន្ធ PTT Oil and Retail Business (PTTOR) បានកាន់កាប់ភាគហ៊ុន ៣៥% នៅក្នុងក្រុមហ៊ុន Bright Energy (BE) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាបង្កើតឡើងក្នុងឆ្នាំ២០១៩ ជាមួយអង្គភាពមួយនៅក្រោមក្រុមហ៊ុន Kanbawza Group នៅប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុន Bright Energy បាននិងកំពុងសាងសង់ស្ថានីយស្តុកប្រេងមួយនៅជិតទីក្រុង Yangon ដែលគេរំពឹងថា នឹងក្លាយជាកន្លែងដ៏ធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រុមហ៊ុន PTTOR បានប្រកាសយ៉ាងច្បាស់ពីចេតនារបស់ខ្លួនក្នុងការផ្អាកប្រតិបត្តិការ ការសាងសង់ និងការទូទាត់ប្រាក់របស់ក្រុមហ៊ុន Bright Energy។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ។

វិធានការនេះបានកើតឡើងបន្ទាប់ពីមូលនិធិសោធននិវត្តន៍សកលរបស់រដ្ឋាភិបាលនៃប្រទេសន័រវេសបានដកទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ PTTOR និងក្រុមហ៊ុនមេ PTT ចេញពីផលបត្ររបស់មូលនិធិខ្លួន ដែលត្រូវបានប្រកាសកាលពីថ្ងៃទី១៥ ខែធ្នូ។ សូមរំលឹកថា មូលនិធិន័រវែសនេះគឺជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពដ៏ធំបំផុតមួយនៅក្នុងពិភពលោក។

មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព គឺជាមូលនិធិវិនិយោគដែលគ្រប់គ្រងដោយរដ្ឋ រួមមានប្រាក់ដែលបង្កើតដោយរដ្ឋាភិបាល ដែលជារឿយៗបានមកពីទុនបម្រុងលើសរបស់ប្រទេសមួយ។

ក្រុមប្រឹក្សាក្រមសីលធម៌របស់មូលនិធិន័រវេសនេះបាននិយាយថា ភាពជាដៃគូអាជីវកម្មនៃក្រុមមេ PTT ជាមួយក្រុមហ៊ុនមួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធនឹងយោធាមីយ៉ាន់ម៉ានោះគឺអាចពាក់ព័ន្ធនឹងការចូលរួមចំណែកក្នុងការរំលោភបំពានសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។

ក្រុមហ៊ុន PTT បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូដើម្បីឆ្លើយតបទៅនឹងទង្វើរបស់មូលនិធិន័រវេសនេះថា«ការគោរពសិទ្ធិមនុស្សគឺជាការអនុវត្តជាមូលដ្ឋានបំផុតមួយរបស់ក្រុមហ៊ុន PTT Group ហើយក្រុមហ៊ុន PTT ព្រួយបារម្ភយ៉ាងខ្លាំងពីអំពើឃោរឃៅដែលកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា ឧស្ម័នធម្មជាតិនៅប្រទេសមីយ៉ាន់ម៉ាបានផ្គត់ផ្គង់ការប្រើប្រាស់ឧស្ម័នប្រហែល ១៥% ដល់ប្រទេសថៃ។ នៅពេលក្រុមហ៊ុន TotalEnergies របស់បារាំងបានដកខ្លួនចេញពីអណ្ដូងឧស្ម័ន Yadana នៅមីយ៉ាន់ម៉ាក្នុងខែមីនា ក្រុមហ៊ុន PTTEP បានប្រកាសថា ខ្លួននឹងកាន់កាប់មួយផ្នែកនៃភាគហ៊ុនដោយបន្ថែមថា សន្តិសុខថាមពលរយៈពេលវែងត្រូវបានដាក់បញ្ចូលទៅក្នុងការសម្រេចចិត្តនេះ៕




អត្ថបទបន្ទាប់


ប្រេសិតពិសេសចិនប្រចាំEUថា ចិនមិនចង់ធ្វើការជ្រើសរើសរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះទេ

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំសហភាពអឺរ៉ុបលោក ហ្វូ ខុង (Fu Cong) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានចិន The South China Morning Pos…

សភាអាមេរិកអនុម័តកញ្ចប់ថវិកាចំណាយប្រចាំឆ្នាំដ៏មហាសាល ១,៧ ទ្រីលានដុល្លារ ដោយផ្តោតសំខាន់លើវិស័យយោធា

ព័ត៌មាន
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ដើម្បីអនុម័តចេញច្បាប់សម្រាប់កញ្ចប់ថវិកាចំណាយដ៏ធំសម្បើមមិនធ្លាប់មានក្នុងទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ