បំណុលដែលជំពាក់រដ្ឋាភិបាលជប៉ុន

តើកម្ពុជាអាចដោះបំណុលដែលជំពាក់រដ្ឋាភិបាលជប៉ុនតាមរបៀបណា?


ប្រទេសជប៉ុន ក៏ស្ថិតនៅក្នុងចំណោមប្រទេសមួយ ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា តាំងពីយូរយារណាស់មកហើយដែរ ពិសេសក្នុងការងារកែលម្អ និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈការផ្ដល់ជាជំនួយឥតសំណង និង ប្រាក់កម្ចីជាដើម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែនបានមានប្រសាសន៍ថា កម្ពុជាបានជំពាក់បំណុលជប៉ុនតាំងពីសម័យលន់ណុលមកម្ល៉េះ ហើយកន្លងមក កម្ពុជាក៏បានដោះបំណុលដែលជំពាក់ប្រទេសជប៉ុនទាំងនោះ ហើយភាគីជប៉ុនក៏បានផ្ដល់នូវកម្ចីបន្ថែមទៀតជាបន្ដបន្ទាប់សម្រាប់ការអភិវឌ្ឍកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ ( Kishida Fumio)​នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន​ នៅវិមានសន្តិភាព រូបភាព៖ SPM page

សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែម​ថា ការ​ទទួល​បាន​កម្ចី​ពី​ជប៉ុន​ថ្មី​ៗ​បន្ថែម​នេះ គឺ​អាច​ធ្វើ​ទៅ​បាន​ទាល់តែ​កម្ពុជា​បាន​ដោះបំណុល​ចាស់​ពី​មុន​រួចរាល់ ហើយ​កន្លង​មក​កម្ពុជា​មាន​វិធីសាស្ត្រ​ល្អ​សម្រាប់​ការ​ទូទាត់​សងបំណុល​ទៅ​កាន់​ប្រទេស​ជប៉ុន​។ តើ​កម្ពុជា​ប្រើ​វិធីសាស្ត្រ​បែប​ណា​ដើម្បី​ដោះបំណុល​ជាមួយ​រាជរដ្ឋាភិបាល​ជប៉ុន? 

ថ្លែង​នា​ឱកាស​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នៅ​ថ្ងៃ​ទី​២០ ខែមេសា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ដូច្នេះ តាម​ពិត​ទៅ បំណុល​ដែល​កម្ពុជា បាន​ជំពាក់​រាជរដ្ឋាភិបាល​ជប៉ុន មាន​តាំង​ជំនាន់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​របប​លន់​ណុ​ល រហូត​មក​ដល់​បច្ចុប្បន្ន​។ សម្ដេច ហ៊ុន សែន បាន​ពន្យល់​ថា ដើម្បី​ឲ្យ​កម្ពុជា អាច​ខ្ចី​លុយ​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​បន្ត​ទាល់តែ​កម្ពុជា ដោះបំណុល​ដែល​កម្ពុជា ជំពាក់​នា​ពេល​អតីតកាល​រួច​សិន ដោយ​សម្ដេច​បន្ត​ថា ការ​ដោះបំណុល​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​ភាគី​ជប៉ុន ផ្ដល់​នូវ​សម្ភារៈ​មួយ​ចំនួន​មក​ដល់​កម្ពុជា ដើម្បី​លក់ ក៏​ប៉ុន្តែ ទឹកប្រាក់​ដែល​បាន​ពី​ការ​លក់​សម្ភារៈ​ទាំងនោះ ភាគី​ជប៉ុន ទុក​សម្រាប់​ជួយ​អភិវឌ្ឍ​នៅ​កម្ពុជា ដដែល​។

បើ​តាម​សម្ដេច ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ឆ្នាំ​២០០១ ទើប​កម្ពុជា អាច​ដោះបំណុល​ដែល​ជំពាក់​តាំងពី​អ​តី​កាល និង​អាច​បន្ត​ខ្ចី​លុយ​ពី​ប្រទេស​ជប៉ុន​បន្ត ដើម្បី​យក​មក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ជា​បន្តបន្ទាប់​។ 

បើ​យោង​តាម​របាយការណ៍​សង្ខេប​ស្ដី​ពី​ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បង្ហាញ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២១ កម្ពុជា បាន​ជំពាក់​បំណុល​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន​ប្រមាណ ៨៧០​លាន​ដុល្លារ​អា​មេ​រិ​ក នៃ​ស​ន្និ​បំណុល​សរុប​ប្រមាណ ៩​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប្រទេស​ជប៉ុន គឺជា​ប្រទេស​ម្ចាស់បំណុល​ធំ​បំផុត​ទី​២ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន ដោយ​កម្ពុជា​មាន​ជំពាក់​បំណុល​ចិន​ជាង​៤​ពាន់​លាន​ដុល្លារ ខណៈ​ដែល​កម្ពុជា​ជំពាក់​កូរ៉េ​ខាងត្បូង​មាន​ប្រមាណ​៥០០​លាន​ដុល្លារ និង​ជំពាក់​បារាំង​មាន​ជិត​៤៨០​លាន​ដុល្លារ​។

តាម​របាយការណ៍​ដដែល បាន​គូសបញ្ជាក់​ទៀត​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប ១៥​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អាទិភាព​ផ្សេង​ៗ​។ បើ​តាម​ការ​អះអាង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គោលដៅ​នៃ​ការ​ខ្ចី​ឥណទាន​សម្បទាន​ទាំងនេះ សុទ្ធតែ​សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​និ​យោគ​សាធារណៈ ក្នុង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល សំដៅ​រួមចំណែក ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព សេដ្ឋកិច្ច ឬ ផលិតភាព​ផលិតកម្ម​។ ក្នុង​នោះ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត គ្របដណ្តប់​ប្រមាណ ៧២% និង វិស័យ​អាទិភាព​ចំពោះ​មុខ​ផ្សេង​ទៀត​ប្រមាណ ២៨%៕

អត្ថបទ៖ ខន ណា​រី 

None



អត្ថបទបន្ទាប់


អាមេរិកត្រៀមជះទឹកលុយ៨០០លានដុល្លារបន្ថែមទៀត សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន ត្រូវបានគេរំពឹងថា នឹងប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមួយទៀតជួយដល់ប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក…

ហេតុអ្វីអាមេរិក និងសម្ព័ន្ធមិត្តបារម្ភខ្លាំង ក្រោយចិនចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសកោះសូឡូម៉ុង?

ប្រទេសចិនកាលពីថ្ងៃអង្គារទី១៩មេសា បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសន្តិសុខទ្រង់ទ្រាយធំមួយរួចហើយ ជាមួយនឹងប្រទេសកោះសូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ