ក្រុមហ៊ុនផលិតរថយន្តចិន BYD បានយកឈ្នះក្រុមហ៊ុនរថយន្តអាម៉េរិក Tesla ក្នុងការលក់រថយន្តអគ្គិសនីទាំងស្រុងនៅក្នុងទីផ្សារពិភពលោកកាលពីចុងឆ្នាំមុន ហើយពេលនេះ ក្រុមហ៊ុន BYD កំពុងសាងសង់បណ្តាញដំឡើងយានយន្តនៅប្រទេសប្រេស៊ីល ហុងគ្រី ថៃ និងអ៊ូសបេគីស្ថាន ហើយក៏កំពុងត្រៀមធ្វើបែបនេះនៅប្រទេសឥណ្ឌូនេស៊ី និងម៉ិកស៊ិកផងដែរ។
ទន្ទឹមនេះដែរ ក្រុមហ៊ុន BYD កំពុងពង្រីកការនាំចេញទៅអឺរ៉ុបយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុននេះកំពុងប្រកួតប្រជែង ដើម្បីយកឈ្នះក្រុមហ៊ុនរថយន្ត Volkswagen Group ដែលរួមបញ្ចូលទាំងក្រុមហ៊ុន Audi ធ្វើជាអ្នកនាំមុខគេនៅក្នុងទីផ្សារក្នុងប្រទេសចិន។
ការលក់រថយន្តរបស់ក្រុមហ៊ុន BYD មានចំនួនជាង៨០% ក្នុងចំណោមការលក់រថយន្តសរុបនៅប្រទេសចិន ពោលគឺបានកើនឡើងប្រហែល២លានគ្រឿងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
លោក ម៉ាត អេនឌឺសុន (Matt Anderson) អ្នកគ្រប់គ្រងផ្នែកដឹកជញ្ជូននៅសារមន្ទីររថយន្ត Henry Ford ក្នុងទីក្រុងដៀបន (Dearborn) រដ្ឋមីឈីហ្កេន (Michigan) បាននិយាយថា កំណើនលក់រថយន្តរបស់ក្រុមហ៊ុន BYD គឺខុសពីអ្វីដែលឧស្សាហកម្មនេះបានឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ដោយមានមូលដ្ឋាននៅទីក្រុងសិនជិន (Shenzhen) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មអេឡិចត្រូនិក របស់ប្រទេសចិន ក្រុមហ៊ុន BYD បានបង្ហាញពីរបៀបដែលក្រុមហ៊ុនចិនមួយនេះអាចទាញយកភាពលេចធ្លោខាងផលិតផលអគ្គិសនីនៅក្នុងប្រទេសចិន។
គ្មានក្រុមហ៊ុនណាមួយទទួលបានអត្ថប្រយោជន៍ច្រើនពីការចាប់យកទីផ្សាររថយន្តអគ្គិសនីនៅចិនទេ។ រថយន្តទាំងនេះរួមគ្នាទៅទទួលបានចំណែកតែ៤០%នៃទីផ្សាររថយន្តរបស់ចិន ដែលជាទីផ្សារធំបំផុតរបស់ពិភពលោក ហើយត្រូវបានគេរំពឹងថា នឹងពង្រីកជាងពាក់កណ្តាលទៀតនៅឆ្នាំក្រោយ។
ក្រុមហ៊ុន BYD កំពុងឈានមុខគេក្នុងការជំរុញឱ្យមានការនាំចេញរថយន្តអគ្គិសនីរបស់ចិនទៅកាន់ពិភពលោក ខណៈបានសាងសង់កប៉ាល់ដឹករថយន្តធំបំផុតក្នុងពិភពលោកយ៉ាងឆាប់រហ័សដើម្បីដឹកជញ្ជូនរថយន្តទាំងនោះ។ នាវាទីមួយគឺ BYD Explorer No.1 កំពុងធ្វើដំណើរលើកដំបូងចេញពីទីក្រុងសិនជិនដោយដឹករថយន្តអគ្គិសនីចំនួន៥ពាន់គ្រឿង ហើយគេរំពឹងថាវានឹងទៅដល់ប្រទេសហូឡង់នៅថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះ៕
អត្ថបទ៖ សុខ ជា