តុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីពេលថ្មីៗនេះ បានចេញដីកាឱ្យចាប់ខ្លួនលោក បេនចាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងអតីតរដ្ឋមន្ត្រីការពារជាតិលោក យ៉ូវ ហ្កាឡេន (Yoav Gallant) ព្រមទាំងមេដឹកនាំក្រុមហាម៉ាសលោក អ៊ីប្រាហ៊ីម អាល់ម៉ាស្រ៊ី (Ibrahim Al-Masri) ដោយបានចោទពួកគេពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងជម្លោះនៅតំបន់ហ្កាហ្សា។
តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់នេះបានអះអាងថា ខ្លួនបានរកឃើញភស្តុតាងសមហេតុផលមួយចំនួនបង្ហាញថា លោក នេតាន់យ៉ាហ៊ូ ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម រួមទាំងការបង្អត់អាហារជាវិធីសាស្រ្តនៃសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងឃាតកម្ម ការបៀតបៀន និងអំពើអមនុស្សធម៌ផ្សេងៗទៀត។
តាមរយៈដីកានេះបានធ្វើឱ្យលោក នេតាន់យ៉ាហ៊ូ ក្លាយជាមេដឹកនាំអ៊ីស្រាអែលដំបូងគេ ដែលត្រូវបានតុលាការអន្តរជាតិនេះចេញដីកាចាប់ខ្លួនពាក់ព័ន្ធអំពើប្រឆាំងពលរដ្ឋប៉ាឡេស្ទីនក្នុងជម្លោះក្នុងរយៈពេល៧៦ឆ្នាំកន្លងមកនេះ។ ទោះបីជាដីការបស់តុលាការ ICC មិនបានធានាពីការចាប់ខ្លួនលោក នេតាន់យ៉ាហ៊ូ ក៏ពិតមែន ប៉ុន្តែដីកានេះអាចដាក់កំហិតយ៉ាងខ្លាំងលើសមត្ថភាពរបស់លោកក្នុងការធ្វើដំណើរទៅកាន់រដ្ឋជាសមាជិកទាំង១២៤របស់តុលាការនេះ។
ប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកបានច្រានចោលចំពោះដីកាចាប់ខ្លួននេះ ក្នុងនោះលោក នេតាន់យ៉ាហ៊ូ បានចាត់ទុកការចេញដីការបស់ ICC នេះ គឺជាការបង្ហាញពីការស្អប់ខ្ពើម ឬប្រឆាំងនឹងជនជាតិជ្វីប។ ចំណែករដ្ឋបាលលោក ចូ បៃដិន បានចេញមុខប្រឆាំងនឹងការងារពាក់ព័ន្ធរបស់តុលាការ ICC លើការស៊ើបអង្កេតសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ហើយកាលពីខែឧសភា លោក បៃដិន ចាត់ទុកការស្នើសុំរបស់តុលាការ ICC ក្នុងការចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ជារឿងគួរឱ្យខឹងសម្បារ និងមិនអាចទទួលយកបាន។
ទោះជាយ៉ាងណាមានប្រទេសជាច្រើនបានចេញមកគាំទ្រចំពោះការចេញដីកាឱ្យចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងអ្នកពាក់ព័ន្ធរបស់ ICC។ ជាក់ស្តែងអាជ្ញាធរប៉ាឡេស្ទីនបានចេញមកគាំទ្រចំពោះការសម្រេចនេះ និងបានជំរុញឱ្យសមាជិករបស់តុលាការនេះអនុវត្តតាមដីកានេះឱ្យមានប្រសិទ្ធភាព។ ចំណែកនាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូឌូ បានលើកឡើងថា វាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលមនុស្សគ្រប់គ្នាត្រូវគោរពតាមច្បាប់អន្តរជាតិ ហើយ កាណាដានឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ។
ជាមួយគ្នានេះ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសេហ្វ បូរ៉ែល (Josep Borrell) យល់ឃើញថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់គួរតែគោរព និងអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ICC ខណៈប្រទេសហូឡង់ ស្វីស អៀឡង់ អ៊ីតាលី និង អេស្ប៉ាញបានចេញមកអះអាងថា ខ្លួននឹងអនុវត្តតាមដីកានេះ។
ទន្ទឹមនឹងនេះ តុលាការ ICC ក៏បានចេញដីកាឱ្យចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាស់លោក ម៉ូហាម៉េដ ដេហ្វ (Mohammed Deif) បើទោះជាអ៊ីស្រាអែលបានអះអាងថា ខ្លួនបានសម្លាប់មេដឹកនាំរូបនេះក្នុងការវាយប្រហារតាមអាកាសកាលពីខែកញ្ញា ក៏ដោយ ប៉ុន្តែមកដល់ពេលនេះក្រុមហាម៉ាសមិនបានបញ្ជាក់ពីការស្លាប់ ឬរស់នៅឡើយទេ។ ICC បានរកឃើញថា លោក ដេហ្វ ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មមួយចំនួនដូចជាឃាតកម្ម ការសម្លាប់រង្គាល ការធ្វើទារុណកម្ម ការរំលោភ និងអំពើហិង្សា៕
អត្ថបទ៖ សុខ មង្គល