ផ្សារគំរូ​ជាប់ព្រំដែនវៀតណាម

សម្តេច ហ៊ុន សែន បង្ហាញផែនការបង្កើតផ្សារគំរូជាប់ព្រំដែនវៀតណាមចំនួន២ទៀត ដោយប្រើលុយជាតិផ្ទាល់ មិនពឹងលុយជំនួយពីវៀតណាម


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងបង្កើតផ្សារគំរូជាប់ព្រំដែនជាមួយវៀតណាមចំនួន២ទៀត នៅក្នុងទឹកដីខេត្តកំពត និងស្វាយរៀង ដោយគ្រោងប្រើប្រាស់ថវិកាជាតិរបស់កម្ពុជាផ្ទាល់ មិនចាំបាច់រង់ចាំពឹងជំនួយថវិកាពីវៀតណាមទៀតនោះឡើយ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា (រូបកណ្ដាល ខាងស្ដាំ) និងលោក Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម (រូបកណ្ដាខាងឆ្វេង) [រូបភាព៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រីកម្ពុជា]

ការលើកឡើង​របស់នាយករដ្ឋមន្ត្រី កម្ពុជា​យ៉ាងដូច្នេះ គឺធ្វើឡើង​បន្ទាប់ពី​ផ្សារគំរូ​ព្រំដែន​ដំបូង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ជាប់ព្រំដែនវៀតណាម «ផ្សារដារ» ដែល​ទើប​ត្រូវបាន​សម្ពោធ​បើកដំណើរការ​កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាការទទួលបាន​ជំនួយថវិកា​ពីវៀតណាម​ដែលមាន​តម្លៃ​២លាន​ដុល្លារអាមេរិក។

សម្ដេច ហ៊ុន សែន អះអាង​អំពី​គម្រោង​នឹង​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ចំនួន២ បន្ថែម នៅក្នុងខេត្តស្វាយរៀង និងកំពតនេះ នៅក្នុង​ឱកាស​ដែល​សម្ដេច អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ដែលជាផ្សារលើក​ដំបូងនៅ​ព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បាន​ចាត់ទុក​បទពិសោធន៍​ក្នុងការ​អភិវឌ្ឍ​ផ្សារដារ ដែលជាផ្សារ​ជាប់ព្រំដែន​វៀតណាម​ដំបូងគេនេះ គឺមាន​ចំណាយពេលវេលា​យូរពេក ដូច្នេះហើយ សម្តេច បាន​ចង្អុលបង្ហាញថា គម្រោង​ផ្សារព្រំដែន​ចំនួន២ទៀត គឺនៅខេត្ត​ស្វាយរៀង និងកំពត គួរតែប្រើប្រាស់​ថវិកាជាតិដើម្បី​សាងសង់​វិញ ជាជាង​ការរង់ចាំ​ពឹងជំនួយថវិកា​ពីរដ្ឋាភិបាលវៀតណាម។ 

នាយករដ្ឋមន្ត្រី​កម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ការសាងសង់ផ្សារគំរូនេះ [ផ្សារដារ] ប្រៀបបានដំរីផើម ចាប់ផ្តួចផ្តើមគំនិត​ចាប់ពីឆ្នាំ២០០៩ ដែលមកដល់​ពេលនេះ ប្រើពេល១០ឆ្នាំ គ្រាន់តែគណៈប្រតិភូដូរ​ទៅវិញទៅមក ប្រហែលជា​ចំណាយ​អស់ស្មើ​នឹងពាក់កណ្តាល​ផ្សារ។ អីចឹងទេ បានជាខ្ញុំ​ចង្អុលបង្ហាញ ផ្សារ​ដែលគ្រោង​ធ្វើនៅក្នុង​ខេត្តស្វាយរៀង និងកំពត គប្បី​ប្រើថវិកាជាតិ​របស់កម្ពុជា​ធ្វើតែម្តង​ទៅ ពិតមែនតែ​យើងបានដាក់សំណើ​ ទៅមិត្តវៀតណាម​ហើយ សុំឲ្យជួយសង់​ផ្សារនៅកំពត និងស្វាយរៀង តែឥឡូវនេះមិនទាន់​មានចម្លើយ​ពីមិត្តវៀតណាមទេ ប៉ុន្តែខ្ញុំចង្អុល​បង្ហាញថា កម្ពុជាគប្បីធ្វើខ្លួនឯង»។

បន្ថែមពីនេះ សម្ដេច ក៏បាន​ប្រកាសព្រមានថា នឹង​ដកតំណែង​អភិបាល​ខេត្ត​ត្បូងឃ្មុំផងដែរ បើសិនជា​សមិទ្ធផល​ផ្សារដារ ដែលជាផ្សារជាប់ព្រំដែនវៀតណាមមួយនេះ ត្រូវដួលរលំ។ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា៖ «ផ្សារនេះហៅថាផ្សារគម្រូ បើផ្សារនេះបរាជ័យ ផ្សារដទៃទៀតដែលយើងត្រឹមនឹងបង្កើតឡើងវានឹងគ្មានវឌ្ឍនភាពទេ អញ្ចឹងអភិបាលខេត្តនៅកន្លែងនេះត្រូវមើលឱ្យច្បាស់កន្លែងហ្នឹង បើផ្សារហ្នឹងបរាជ័យ លោកឯងក៏មិនអាចនៅធ្វើចៅហ្វាយខេត្តបានដែរ»។

ផ្សារគំរូព្រំដែន​ «ផ្សារដារ» មានទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ ថារីត្បូងឃ្មុំ ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែលមានទំហំផ្ទៃដីជិត ២ហិកតា ចម្ងាយ​ពីព្រំដែន​កម្ពុជា-វៀតណាម ប្រមាណ ៣០០​ម៉ែត្រ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បាន​ថ្លែងដែរថា ផ្សារដារនេះ គឺជាសក្ខីភាព​ថ្មីមួយ សម្រាប់​ការ​ផ្សាភ្ជាប់​រវាង​ប្រទេស​ទាំងពីរ គឺវៀតណាម និងកម្ពុជា ហើយវា​នឹងចូលរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​សម្រាប់​ប្រជាជន​រស់នៅ​តាម​តំបន់​ជាប់ព្រំដែនផងដែរ។ 

លោក Dung បាន​ជឿជាក់ទៀតថា ផ្សារនេះ នឹងក្លាយជាកត្តាលីករថ្មីមួយទៀត ដើម្បី​ជំរុញពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ ខណៈ​នៅ១១ខែ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា និងវៀតណាម សម្រេចបាន​៤,៨ពាន់លាន​ដុល្លារអាមេរិក កើនឡើង​១៤% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ លោក Dung បាន​បញ្ជាក់ទៀតថា តាមការរំពឹងទុក​នៅឆ្នាំនេះ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ អាចកើនឡើង​ដល់ទៅ លើស​៥ពាន់លាន​ដុល្លារអាមេរិក។

យ៉ាងណាក៏ដោយចុះ បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច លោក ង៉ែត ជូ ធ្លាប់​បាន​ប្រាប់ ខេមបូណូមីស កាលពីពេល​កន្លងទៅ​ថា ការ​បង្កើត​ផ្សារ​គំរូ​ជាប់​ព្រំដែន​វៀតណាម​នេះ កម្ពុជា​ហាក់​ទទួល​បាន​ផល​ចំណេញ​តិច​ជាង​ប្រទេស​វៀតណាម។ ចំណេញ​តិច គឺ​ដោយសារ​តែ​បច្ចុប្បន្ន ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម គឺ​មាន​តិច​តួច​ជាង​ទំនិញ​វៀតណាម​នាំ​ចូល​មក​កម្ពុជា ពិសេស គឺ​ទំនិញ​ដែល​វៀតណាម​នាំចូល​ត្រឡប់​មក​វិញ គឺ​ជា​ទំនិញ​កែច្នៃ​រួច​ដែល​មាន​តម្លៃ​ថ្លៃ ដូចជា ផលិត​ចំណី​អាហារ និង​សម្ភារៈ​ប្រើប្រាស់​ជាដើម ខណៈ​ដែល​កម្ពុជា​នាំ​ទៅ​វៀតណាម​វិញ គឺ​មាន​ភាគ​ច្រើន​តែ​កសិផល​ប៉ុណ្ណោះ។

ចំពោះការវិនិយោគវិញ វៀតណាម​ត្រូវបាន​ចាត់ថ្នាក់ថា គឺជា​វិនិយោគិនបរទេស​ធំបំផុត​ទី៥ ដែលបាន​វិនិយោគ​នៅកម្ពុជា ហើយមកទល់បច្ចុប្បន្ននេះ វៀតណាម​បានវិនិយោគ​ក្នុងទំហំទឹកប្រាក់សរុប​នៅកម្ពុជា ប្រមាណ៣,៣ ពាន់លាន​ដុល្លារអាមេរិក ក្នុងគម្រោងវិនិយោគ​ចំនួន ២១៤ គម្រោង។ នេះបើតាម​ការអះអាងរបស់​ឧបនាយករដ្ឋមន្ត្រី​វៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ភូមិ​កោះគរ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​​​ច្រាំង​ទន្លេ​បាក់​ជា​បន្ត​បន្ទាប់ ដោយសារ​ការ​បូម​ខ្សាច់

ព័ត៌មាន
ខេត្ត​កណ្តាល៖ អង្គុយ​លើ​គ្រែ​ឈើ​ចាស់ បង់​ក្រមា​លើ​ស្មា និង​កំពុង​បី​ចៅ​បណ្ដើរ លោក​យាយ ហេង យេត វ័យ ៧៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កោះគរ ឃុំ…

តើវិស័យកសិកម្មកម្ពុជា​ឆ្នាំ ២០១៩នេះ ឆ្លងកាត់ព្យុះភ្លៀងអ្វីខ្លះ?

ព័ត៌មាន
វិស័យកសិកម្មដ្បិតតែមានកំណើនប្រចាំឆ្នាំមិនសូវជាខ្លាំងក្លាដូចជាវិស័យដទៃទៀតក្ដី ប៉ុន្ដែវិស័យនេះ នៅតែជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់គាំទ្រដល់ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ