នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីសលោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការរស់នៅផ្ទះល្វែងមានការប្រែប្រួលគួរឱ្យកត់សម្គាល់ ពោលគឺទីផ្សារទិញលក់ផ្ទះល្វែងហាក់មានការធ្លាក់ចុះនៅមួយរយៈចុងក្រោយ ហើយពលរដ្ឋមួយចំនួនបានផ្លាស់ប្តូរឥរិយាបថទៅរស់នៅក្នុងប្រភេទផ្ទះវីឡា ដែលមានតម្លៃចន្លោះពី១០-១៥ម៉ឺនដុល្លារ។ តាមរយៈការប្រែប្រួលនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា អ្នកអភិវឌ្ឍន៍លំនៅឋានមួយចំនួនបានចាប់ផ្ដើមផ្លាស់ប្ដូរទម្រង់ក្នុងការអភិវឌ្ឍដែរ ដោយងាកទៅរកការបំពេញបន្ថែមនូវសោភណភាពបៃតង និងហេដ្ឋារចនាសម្ព័ន្ធធំទូលាយជាងមុន។
បើតាមលោកស្រី អាន សុធីតា ផ្ទះល្វែងដែលមានចម្ងាយខ្ទង់១៥-២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានតម្លៃចន្លោះពី៥-១០ម៉ឺនដុល្លារ នៅតែមានការចាប់អារម្មណ៍ពីអ្នករស់នៅដែលមានប្រាក់ចំណូលសមរម្យ។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្នហាក់មិនទាន់ងើបឡើងវិញដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែលោកសង្កេតឃើញថា នៅក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៤នេះ ចរន្តទិញលក់នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហាក់មានសកម្មភាពល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងប្រធានវិទ្យាសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន នៅពុំទាន់ឈានដល់ក្បែរមាត់ជ្រោះនៃការដួលរលំនៅឡើយទេ ប៉ុន្តែវិស័យនេះកំពុងស្ថិតក្នុងស្ថានភាពសំងំ ដើម្បីរង់ចាំការជួយស្រោចស្រង់ពីលំហូរតម្រូវការ និងទុនវិនិយោគពីខាងក្រៅ។
បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ បន្តកើនឡើងក្នុងកម្រិតមួយយឺតបើធៀបនឹងឆ្នាំ២០២២ ខណៈដែលការលក់លំនៅឋានប្រណីតៗមានការធ្លាក់ចុះយ៉ាងគំហុក។ តាមទិន្ន័យទិន្នន័យដដែល សកម្មភាពលក់លំនៅឋានប្រភេទផ្ទះល្វែង វីឡាភ្លោះនិងទោល បានថយចុះជាង៤៩% ខណៈដែលការលក់ខុនដូកើនឡើង២%។ សន្ទស្សន៍ថ្លៃលំនៅឋានបានថយចុះ២,៤% ដែលក្នុងនោះនៅរាជធានីភ្នំពេញ បានថយចុះ៣,២% ខណៈនៅតាមបណ្តាខេត្ត បានកើនឡើង៣,២%៕
អត្ថបទ៖ បូ ដូឡា