វិស័យធនាគារ

តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការបញ្ចេញឥណទានរបស់ធនាគារ SME សម្រាប់គាំទ្រវិស័យកែច្នៃស្វាយចន្ទីនៅមានកម្រិតតិចតួច?


ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) និងសមាគមស្វាយចន្ទីកម្ពុជា កាលពីពេលកន្លងទៅបានចាប់ដៃគ្នាក្នុងការលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី ដើម្បីជំរុញការនាំចេញ។ ប៉ុន្តែរហូតមកទល់ពេលនេះ ការផ្តល់ហិរញ្ញប្បទានរបស់ធនាគារ SME ជូនអតិថិជន សម្រាប់គាំទ្រក្នុងវិស័យកែច្នៃស្វាយចន្ទី ទើបបញ្ចេញបានជិត៣លានដុល្លារប៉ុណ្ណោះ។
វិស័យធនាគារ
ដោយ

តើមានកត្តាប្រឈមអ្វីខ្លះធ្វើឱ្យអ្នករកស៊ីក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទី ពិបាកក្នុងការទទួលបានហិរញ្ញប្បទាននេះ?

លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា កត់សម្គាល់ឃើញថា មានធានាគាររដ្ឋជាច្រើនដូចជាធនាគារ SME ជាដើម បានប្រកាសអំពីគម្រោងហិរញ្ញប្បទានជាមួយទំហំទឹកប្រាក់ជាច្រើន សម្រាប់ជួយទ្រទ្រង់ដល់វិស័យស្វាយចន្ទីកម្ពុជា។ ប៉ុន្តែទោះបីជាបែបនេះក្តី ប្រធានសមាគមរូបនេះ អះអាងថា លោកតែងតែទទួលបានការត្អូញត្អែរជាច្រើនពីសិប្បករ ឬអ្នកកែច្នៃស្វាយចន្ទីថា លទ្ធភាពដែលពួកគេអាចទទួលបានហិរញ្ញប្បទាននេះ គឺមានចំនួនតិចតួចបំផុត ពោលគឺបានត្រឹមប្រមាណ៤-៥ម៉ឺនដុល្លារប៉ុណ្ណោះ ដោយសារមានបញ្ហារឿងទ្រព្យបញ្ចាំ និងតម្រូវការលក្ខខណ្ឌផ្សេងៗទៀត។

ប្រធានសមាគមរូបនេះ ស្នើឱ្យធនាគាររដ្ឋទាំងអស់ គួរសម្លឹងមើលលើសិប្បកម្មណាដែលមានសក្ដានុពល និងមានទីផ្សារល្អ ហើយបោះទុនឱ្យពួកគេ ដើម្បីអាចបន្តដំណើរទៅមុខ បើមិនដូច្នេះទេ វិស័យស្វាយចន្ទីកម្ពុជា ទំនងជាមិនអាចរីកចម្រើនទៅមុខបាននោះទេ។ តួយ៉ាង បញ្ហាតម្លៃស្វាយចន្ទីធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ ប្របើសិនបើម្ចាស់សហគ្រាសកែច្នៃអាចទទួលបានកម្ចីឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះបានទាន់ពេលវេលានោះ ពួកគាត់អាចមានលទ្ធភាពប្រមូលទិញគ្រាប់ស្វាយចន្ទីស្តុកទុកសម្រាប់កែច្នៃ ដែលអាចជួយរក្សាតម្លៃស្វាយចន្ទីមិនធ្វើឱ្យធ្លាក់ចុះខ្លាំងពេក និងមិនចាំបាច់ពឹងផ្អែកលើទីផ្សារវៀតណាមជាដើម។

ជុំវិញបញ្ហានេះលោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ទទួលស្គាល់ថា កន្លងមកមានអតិថិជនជាច្រើនទាំងក្នុងវិស័យកែច្នៃដំណាំស្វាយចន្ទី និងវិស័យផ្សេងៗបានរអ៊ូរទាំអំពីលក្ខខណ្ឌ និងនិតិវិធីមួយចំនួនដែលធនាគារបានដាក់ចេញថា មានលក្ខណៈស្មុគស្មាញ ដែលធ្វើឱ្យពួកគេពិបាកក្នុងការស្នើសុំកម្ចី។

តែយ៉ាងណា ថ្នាក់ដឹកនាំធនាគារ SME រូបនេះ បញ្ជាក់ថា ធនាគារក៏មានក្រមប្រតិបត្តិរបស់ខ្លួនដែលត្រូវបំពេញទៅតាមគោលការណ៍ច្បាប់ ដើម្បីធានាដល់ការផ្តល់ឥណទានឱ្យចំគោលដៅ និងមានប្រសិទ្ធក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់ផងដែរ ដើម្បីចៀសវាងការបង្កទៅជាបំណុលវ័ណ្ឌករជាដើម ដូចនេះហើយទើបធនាគារត្រូវផ្តល់កម្ចីរបស់ខ្លួនទៅដល់អតិថិជនប្រកបដោយការទទួលខុសត្រូវ។ បើតាមលោកបណ្ឌិត លឹម អូន មកទល់ពេលនេះក្នុងចំណោមកញ្ចប់ថវិកា១០០លានដុល្លារ ដែលរាជរដ្ឋាភិបាលបញ្ចេញជួយគាំទ្រដល់អាជីវកម្មកែច្នៃក្នុងវិស័យកសិ-ឧស្សាហកម្ម មានទំហំទឹកប្រាក់តែជិត៣លានដុល្លារអាម៉េរិកប៉ុណ្ណោះ ដែលត្រូវបានផ្តល់ឱ្យសហគ្រាសក្នុងវិស័យស្វាយចន្ទី។

​សូមជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) និងសមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជា ក៏ដូចជាជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ។

ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ គឺម្ចាស់សហគ្រាសទាំងអស់ដែលជាសមាជិកនៃសមាគមស្វាយចន្ទីកម្ពុជា អាចស្នើសុំគម្រោងហិរញ្ញប្បទាន ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ពីធនាគារSME ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ជាមួយនឹងការបញ្ចុះអត្រាការប្រាក់ស្របតាមលក្ខខណ្ឌដៃគូសហការ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple នៅវៀតណាម ត្រូវការកម្មករជាង១០ម៉ឺននាក់ឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនមួយចំនួនដែលបានបណ្ដាក់ទុននៅប្រទេសវៀតណាម និងជាអ្នកផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក Apple នឹងជ្រើស…

ភូមិកីឡដ្ឋាន វើលដ៏ ប្រ៊ីដ តម្លៃ ២០០លានដុល្លារ កំពុងពន្លឿនការសាងសង់ ដើម្បីឈានទៅសម្រេចគម្រោងតាមផែនការ

ព័ត៌មាន
គម្រោងយក្សតម្លៃជាង ២០០លានដុល្លារអាមេរិក ភូមិកីឡដ្ឋាន វើលដ៏ ប្រ៊ីដ កំពុងពន្លឿនសកម្មភាពសាងសង់របស់ខ្លួន ដើម្បីឈានទៅសម្រេចការងារសាងសង់តាមផែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ