សាធារណមតិនៅក្នុងប្រទេសថៃ បានវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា វ័យ៣៨ឆ្នាំក្នុងរយៈពេល១០០ថ្ងៃកន្លងមកនេះ ក្នុងនោះសូម្បីអ្នកជំនាញសេដ្ឋកិច្ច ក៏បានវាយតម្លៃដូចគ្នាដែរ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា លោកស្រី ផែថងថាន បានអនុវត្តគោលនយោបាយ និងបានដាក់ចេញនូវកម្មវិធីសា្តរសេដ្ឋកិច្ចបានប្រសើរនៅក្នុងអំឡុងពេល១០០ថ្ងៃនេះ ប៉ុន្តែលោកស្រី និងរដ្ឋាភិបាលថៃ នៅមានបញ្ហាជាច្រើនទៀតដែលត្រូវប្រឈម និងដោះស្រាយ។
លោក អាមន្តថេប ចៅឡា (Amonthep Chawla) អនុប្រធានប្រតិបត្តិ និងជាប្រធានការិយាល័យស្រាវជ្រាវនៅធនាគារ CIMB Thai បានកត់សម្គាល់ថា រដ្ឋាភិបាលរបស់កូនស្រីលោក ថាក់ស៊ីន ត្រូវប្រឈមនឹងការដោះស្រាយបញ្ហាលើការបរាជ័យក្នុងការជំរុញសេដ្ឋកិច្ច ដែលជាមរតកបន្សល់ទុកពីរដ្ឋាភិបាលមុន។ ហើយអ្វីដែលកាន់តែពិបាកជាងនេះទៀតនោះ គឺផលប៉ះពាល់នៃគ្រោះទឹកជំនន់ និងការធ្លាក់ចុះតម្លៃកសិផល ក៏ដូចជាឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក ពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែង។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា លោកស្រី ផែថុងថាន ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាពន្ធរបស់លោក ត្រាំ ដ្បិតថា បញ្ហានេះអាចជំរុញឱ្យក្រុមហ៊ុនចិន ផ្លាស់មូលដ្ឋានផលិតកម្មរបស់ពួកគេមកកាន់ប្រទេសថៃ ដែលបច្ច័យនៃផលប៉ះពាល់ផ្សេងៗនឹងអាចកើតមាន។
តែយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានបង្ហាញពីភាពវិជ្ជមាននៃកម្មវិធីចែកលុយប្រមាណ៣០០ដុល្លារអាម៉េរិក ដល់ពលរដ្ឋងាយរងគ្រោះ១៤លាននាក់ របស់រដ្ឋាភិបាលថៃ ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចថៃ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលគួរតែពង្រឹងការអប់រំពីរបៀបនៃការចាយប្រាក់ ពោលគឺគួរតែធ្វើឱ្យប្រាកដថា អ្នកទទួលនឹងប្រើប្រាស់លុយបង្កើតមុខរបរ និងបង្កើនចំណូល ដើម្បីជំរុញសេដ្ឋកិច្ច។
ដោយឡែក លោក ប៊ូរិន អាឌុលវឌ្ឍានា (Burin Adulwattana) សេដ្ឋវិទូប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារកសិករថៃ បានលើកឡើងថា រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន មានដំណើរការល្អក្នុងរយៈពេល៣ខែកន្លងមកនេះ ដូច្នេះបន្តទៅមុខទៀត រដ្ឋាភិបាលគួរតែបង្កើនការកសាងទំនុកចិត្តដល់វិនិយោគទុន ពង្រឹងផ្សារហ៊ុន និងអនុវត្តវិធានការប្រឆាំងនឹងអំពើពុករលួយ។
ជាមួយគ្នានេះ លោក ក៏បានផ្តល់គំនិតឱ្យរដ្ឋាភិបាលថៃ ព្យាយាមពង្រីកមូលដ្ឋានពន្ធលើប្រាក់ចំណូលដោយកាត់បន្ថយអត្រាការប្រាក់ និងជំរុញការងារសម្រាប់អ្នកបង់ពន្ធ ដែលមានសក្តានុពលចំនួន១០ លាននាក់ដោយផ្សារភ្ជាប់នឹងស្ថានភាព នៃអត្រាផលិតផលក្នុងស្រុកសរុប។
គួរបញ្ជាក់ថា លោកស្រី ផែថងថាន គឺជានាយករដ្ឋមន្រ្តីស្រ្តីទី២ និងទី៣១របស់ថៃ ដែលបានឡើងកាន់តំណែងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ហើយសម្ពាធដែលកំពុងដាក់បន្ទុកលើរដ្ឋាភិបាលរបស់លោកស្រី គឺពាក់ព័ន្ធនឹងបញ្ហាជាតិនិយម ជុំវិញបញ្ហាធ្វើអាជីវកម្មរួមគ្នានៅតំបន់ឈូងសមុទ្រត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ក្រោមអនុស្សរណៈមួយដែលចុះដោយកម្ពុជា និងថៃ កាលពីឆ្នាំ២០០១៕
ដោយៈ សរ សុជាតិ