បន្ទះឈីប

ពិភពលោកនៅសល់បន្ទះឈីបសម្រាប់ការផលិតស្មាតហ្វូនច្រើន ប៉ុន្ដែនៅខ្វះខាតឈីបសម្រាប់ផលិតរថយន្ដ


ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២មក និងបន្តរហូតដល់ឆ្នាំ២០២៣ ការផ្គត់ផ្គង់ឈីបសម្រាប់ស្មាតហ្វូន គឺសល់លើសលប់ ប៉ុន្តែវាបែរជាខ្វះខាតសម្រាប់ការផលិតរថយន្តទៅវិញ ដែលបង្កឱ្យមានអតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការយ៉ាងធ្ងន់ធ្ងរ ហើយនឹងមិនងាយធូរស្រាលវិញឡើយ។ ភាពលើសនៃការផ្គត់ផ្គង់ឈីបសម្រាប់ស្មាតហ្វូននោះ ក៏ដោយសារតែតម្រូវការស្មាតហ្វូនធ្លាក់ចុះ រីឯក្រុមហ៊ុនរថយន្ត ដែលរងការខ្វះខាតឈីប ត្រូវបានបង្ខំចិត្តកាត់បន្ថយផលិតកម្មរបស់ខ្លួនផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
ពិភពលោកសល់ឈីបស្មាតហ្វូនលើសលប់ តែខ្វះសម្រាប់រថយន្ត

អតិរេកបន្ទះឈីប ដែលបានកើតមានឡើងនៅពាក់កណ្តាលឆ្នាំ២០២២កន្លងទៅ មិនត្រូវបានរំពឹងថា នឹងធូរស្រាលឡើងវិញឆាប់ៗឡើយ។ ភាពលើសនៃការផ្គត់ផ្គង់ក្នុងឈីបអង្គចងចាំនេះ ក៏ដោយសារតែតម្រូវការស្មាតហ្វូនសាកល មានការធ្លាក់ចុះ។

លោក Sanjay Mehrotra ប្រធានប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាឈីប Micron បាននិយាយថា ឧស្សាហកម្មឈីបកំពុងជួបប្រទះនូវអតុល្យភាពខ្លាំងបំផុតរវាងការផ្គត់ផ្គង់ និងតម្រូវការ ទាំងប្រភេទ DRAM និង NAND ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុនអាមេរិកនេះ ក៏បានឱ្យដឹងពីការធ្លាក់ចុះប្រាក់ចំណូលដុលប្រមាណ ៤៧% ក្នុងត្រីមាសទី៣ ដែលគិតពីខែកញ្ញា ដល់ វិច្ឆិកា ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

យោងតាមការស្រាវស្រាវរបស់អ្នកវិភាគឱ្យដឹងថា សម្រាប់ស្មាតហ្វូន ការផ្គត់ផ្គង់ឈីបលើស គឺនឹងមិនត្រូវបានរំពឹងទេថា នឹងកាត់បន្ថយមកវិញឡើយ រហូតដល់ត្រីមាសទី៤ ឆ្នាំនេះ។ សម្រាប់កុំព្យូទ័រវិញ ការផ្គត់ផ្គង់លើស នឹងឈានដល់ចំណុចកំពូលក្នុងត្រីមាសទី៣។

ក្នុងពេលជាមួយគ្នានេះដែរ ការផ្គត់ផ្គង់ជ្រុលនៃបន្ទះឈីបសម្រាប់មជ្ឈមណ្ឌលទិន្នន័យ នឹងកើតឡើងត្រឹមត្រីមាសទីមួយនេះប៉ុណ្ណោះ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក និងចិន បានស្ទាក់ស្ទើរលើការវិនិយោគដោយសារតែប្រាក់ចំណូលផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែចុះខ្សោយ និងផលប៉ះពាល់ទៅលើតម្រូវការឈីបសម្រាប់មជ្ឈមណ្ឌលទិន្នន័យ។

ក្រុមហ៊ុនឈីបតៃវ៉ាន់ រំពឹងថាវានឹងចំណាយពេលដល់ពាក់កណ្តាលឯណោះនៅឆ្នាំ ២០២៣ ដើម្បីរក្សាការស្តុកទុកឈីបក្នុងកម្រិតល្អប្រសើរ។

ផ្ទុយមកវិញ ឧស្សាហកម្មយានយន្ត បែរជាកំពុងប្រឈមមុខនឹងកង្វះខាតឈីបទៅវិញ។ វានៅតែជាការប្រឈមក្នុងការធានានូវការផ្គត់ផ្គង់ឈីបគ្រប់គ្រាន់ ដែលពឹងផ្អែកលើបច្ចេកវិទ្យាផលិតចាស់ៗកន្លងមក។

ឈីបក្នុងឧស្សាហកម្មយានយន្ត ត្រូវបានប៉ាន់ស្មានថា នឹងនៅតែខ្វះខាតក្នុងការផ្គត់ផ្គង់នៅពេញមួយឆ្នាំនេះទៀត។ ជាមួយគ្នានេះ តម្រូវការឈីបសម្រាប់ផលិតរថយន្តអគ្គិសនី គឺខ្ពស់ជាងតម្រូវការឈីបសម្រាប់ផលិតរថយន្តប្រើប្រាស់សាំងទៅទៀត ខណៈទំនោរប្រើរថយន្តអគ្គិសនីកាន់តែកើនឡើងខ្លាំង។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនរថយន្តធំៗមួយចំនួន បាននិយាយថា គ្រឿងបន្លាស់សំខាន់ៗនឹងមិនមានគ្រប់គ្រាន់ដូចធម្មតាវិញឡើយរហូតដល់ឆ្នាំ២០២៤។

ប្រសិនបើស្ថានភាពសេដ្ឋកិច្ចសាកលកាន់តែអាក្រក់ នោះវានឹងចំណាយពេលកាន់តែយូរក្នុងការរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ព្រមទាំងបង្កើតហានិភ័យកាន់តែធ្ងន់ធ្ងរចំពោះទីផ្សារឈីបទៀតផង។

សូមបញ្ជាក់ថា ក្រុមហ៊ុនធំៗដូចជា Intel និង TSMC គឺគ្រោងនឹងប្រតិបត្តិការផលិតឈីបនៅរោងចក្រថ្មីរបស់ខ្លួនក្នុងទឹកដីអាមេរិក អំឡុងឆ្នាំ២០២៤។ ចំណែក Micron និងក្រុមហ៊ុនផ្សេងៗទៀត ក៏សុទ្ធតែបានប្រកាសផែនការវិនិយោគឈីបទ្រង់ទ្រាយធំផងដែរ៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


អតិផរណានៅអាល្លឺម៉ង់ធ្លាក់ចុះជាលើកដំបូង ក្រោយរដ្ឋផ្តល់ជំនួយទប់ទល់តម្លៃថាមពលកុំឲ្យបន្ដកើនខ្លាំង

ព័ត៌មាន
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្កឱ្យអតិផរណានៅទូទាំងពិភពលោកកើនឡើង រីឯប្រទេសអាល្លឺម៉ង់ក៏ស្ថិតក្នុងស្ថានភាពមិនខុសពីប្រទេសដទៃទៀតដែរ ទោ…

រដ្ឋមន្រ្តីកសិកម្មប្ដេជ្ញាជំរុញឲ្យមានស្ថិរភាពថ្លៃ និងតម្លៃខ្ពស់សម្រាប់កសិផលក្នុងស្រុក និងនាំចេញ

ព័ត៌មាន
ដើម្បីលើកកម្ពស់និងជំរុញវិស័យកសិកម្មនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដាក់ចេញនូវទស្សនទានថ្មី សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវស្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ