វិស័យកសិកម្ម

តើតម្លៃ និងទិន្នផលស្រូវនៅឆ្នាំនេះមានស្ថានភាពល្អប្រសើរយ៉ាងណាដែរ?


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា តម្លៃស្រូវនៅឆ្នាំ២០២៤នេះ នៅតែរក្សាបានភាពល្អប្រសើរ ហើយកសិករនៅតែទទួលបានប្រាក់ចំណេញ ពោលគឺជាមធ្យមតម្លៃស្រូវសើមនៅឆ្នាំនេះលើសពី១,០០០រៀល ក្នុង១គីឡូក្រាម។ ជាក់ស្តែង តម្លៃស្រូវផ្ការំដួល ដែលក្រុមហ៊ុនបៃតងកម្ពុជា ប្រមូលទិញពីកសិករនាពេលបច្ចុប្បន្ននេះ មានតម្លៃរហូតដល់១,៤០០រៀល ក្នុង១គីឡូក្រាម។ យ៉ាងណាមិញសម្រាប់បរិមាណផលស្រូវ ដែលទទួលបាននៅឆ្នាំនេះវិញត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា មានទំហំច្រើនលើសឆ្នាំណាៗទាំងអស់។
វិស័យកសិកម្ម
ដោយ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា បើទោះបីជាតម្លៃស្រូវរបស់កម្ពុជា នៅឆ្នាំ២០២៤នេះ ហាក់មានការធ្លាក់ចុះបន្តិច បើធៀបនឹងតម្លៃកាលពីឆ្នាំ២០២៣ ក៏ពិតមែន ប៉ុន្តែតម្លៃស្រូវឆ្នាំនេះនៅតែស្ថិតក្នុងតម្លៃមួយដែលអាចឱ្យកសិករទទួលបានប្រាក់ចំណេញ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ តម្លៃស្រូវនៅឆ្នាំនេះជាមធ្យមស្ថិតក្នុងរង្វង់លើសពី១,០០០រៀល ក្នុង១គីឡូក្រាម ដោយប្រភេទស្រូវក្រអូបផ្ការំដួល មានតម្លៃចន្លោះពី ១,៣០០រៀល ទៅ១,៤០០រៀល ក្នុង១គីឡូក្រាម, ប្រភេទស្រូវ OM មានតម្លៃប្រមាណ១,០៥០រៀលក្នុង១គីឡូក្រាម និងប្រភេទស្រូវអង្ករស ដូចជាស្រូវនាងអំ នាងអុក ឬក្រសាំងទាបជាដើម ស្ថិតក្នុងរង្វង់ ៩០០ ទៅ ១,០០០ រៀលក្នុង១គីឡូក្រាម។

ឯកឧត្តម ឃឹម ហ្វីណង់ បានសង្កត់ធ្ងន់ថា តម្លៃស្រូវនៅឆ្នាំ២០២៣ បានហក់ឡើងខ្ពស់អាចជាករណីពិសេស ដោយសារឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោកបានបិទការនាំចេញអង្កររបស់ខ្លួន ដែលបានជំរុញឱ្យតម្លៃស្រូវកម្ពុជា ហក់ឡើងប្រមាណ២០% ទៅ ៣០% នាពេលនោះ។

​ជាមួយគ្នានេះ លោកឧកញ៉ា ភួ ពុយ ប្រធានក្រុមហ៊ុនបៃតងកម្ពុជា បានឱ្យដឹងថា តម្លៃស្រូវដែលក្រុមហ៊ុនលោកឧកញ៉ាបានទិញពីកសិករនាពេលបច្ចុប្បន្ននេះ គឺ១,៤០០រៀលក្នុង១គីឡូក្រាម សម្រាប់ស្រូវផ្ការំដួល ហើយតម្លៃនេះហាក់មានភាពល្អប្រសើរបើធៀបនឹងឆ្នាំមុន ដោយសារទិន្នផលស្រូវនៅឆ្នាំនេះមានគុណភាពល្អ គួរផ្សំការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ នៅឆ្នាំនេះ ក៏ទទួលបានតម្លៃខ្ពស់។

យ៉ាងណាមិញ សម្រាប់តម្លៃស្រូវផ្សេងៗ ក៏មានភាពល្អប្រសើរដូចគ្នាដែរនៅឆ្នាំនេះ។ បើតាមការអះអាងរបស់លោកឧកញ៉ា ភួ ពុយ ការប្រមូលទិញស្រូវពីកសិករបស់ក្រុមហ៊ុនលោក ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកសិករបានពង្រីកការដាំដុះរបស់ខ្លួន បន្ទាប់ពីទីផ្សារស្រូវអង្កររបស់កម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់។

​ទន្ទឹមនឹងនេះ ឯកឧត្តម ឃឹម ហ្វីណង់ លើកទឹកចិត្តឱ្យប្រជាកសិករជ្រើសរើសពូជស្រូវក្នុងស្រុកសម្រាប់ដាំដុះ ដូចជាប្រភេទផ្ការំដួល និងសែនក្រអូបជាដើម ដ្បិតថា ពូជស្រូវប្រភេទនេះមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ ហើយការដាំប្រភេទស្រូវទាំងនេះ ក៏មានការគាំទ្រ និងធានាតម្លៃពីក្រសួងផងដែរ នៅពេលមានបញ្ហាធ្លាក់ថ្លៃណាមួយកើតឡើង ជាពិសេសការធានាទីផ្សារតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើបជាដើម។

​បើតាមឯកឧត្តម ឃឹម ហ្វីណង់ នៅឆ្នាំ២០២៤នេះ ការផលិតស្រូវនៅកម្ពុជា ហាក់ទទួលបានទិន្នផលច្រើនជាងឆ្នាំកន្លងទៅ ដោយសារនៅឆ្នាំនេះប្រជាកសិករនាំគ្នាសម្រុកធ្វើស្រូវប្រាំងច្រើន ដែលរំពឹងថាបរិមាណផលជារួមនៃផលិតកម្មស្រូវកម្ពុជា អាចឈានដល់ប្រមាណ១៣លានតោន នៅពេញមួយឆ្នាំ២០២៤នេះ ដែលជាបរិមាណច្រើនបំផុតមិនធ្លាប់មាន។ ទោះបីជាបរិមាណស្រូវនៅឆ្នាំនេះមានចំនួនច្រើនក៏ពិតមែន តែមន្រ្តីជាន់ខ្ពស់រូបនេះអះអាងថា ទីផ្សារស្រូវឆ្នាំនេះនៅតែស្រូបយកដោយរលូន ដោយគ្មានការចាល់ស្តុក ឬជាប់គាំងទីផ្សារនោះឡើយ៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនជប៉ុន Mirarth Holdings Inc. ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បាន…

ធនាគារពិភពលោកថា ការពង្រីកបណ្តាញផ្លូវដឹកជញ្ជូនរបស់កម្ពុជា នឹងដើរតួនាទីជួយលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់

ធនាគារពិភពលោក បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា អាចដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់តាមរយៈការពង្រីកប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ