
លើថ្លៃកសិផលសំខាន់ៗ និងចាត់ទុកការប្រែប្រួលថ្លៃតែងកើតឡើងទៅតាមនិន្នាការធម្មតា។ តើតម្លៃគ្រាប់ស្វាយចន្ទីស្រស់មានការប្រែប្រួលយ៉ាងណាហើយ ក្រោយធ្លាក់ថ្លៃកាលពីប៉ុន្មានថ្ងៃមុន?
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នេះ គ្រាប់ស្វាយចន្ទីស្រស់ប្រភេទ M២៣ ត្រូវបានឈ្មួញទិញក្នុងតម្លៃ៥ពាន់៤រយរៀលក្នុង១គីឡូក្រាម បន្ទាប់ពីវាបានធ្លាក់មកនៅត្រឹម៤ពាន់៦រយរៀលក្នុង១គីឡូក្រាមកាលពីប៉ុន្មានថ្ងៃមុន។ បើតាមប្រធានសមាគមរូបនេះ តម្លៃគ្រាប់ស្វាយចន្ទីស្រស់បច្ចុប្បន្នជាតម្លៃមួយល្អសមរម្យ តែបើវាធ្លាក់មកនៅត្រឹម៤ពាន់៦រយរៀលក្នុង១គីឡូក្រាម នោះកសិករនឹងពិបាកក្នុងការទទួលបានប្រាក់ចំណេញ ព្រោះត្រូវរ៉ាប់រងការចំណាយច្រើន។ បើតាមការអះអាងរបស់លោក អួន ស៊ីឡុត សមាគមស្វាយចន្ទីកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុនធំៗ ដើម្បីឱ្យពួកគេបញ្ចេញថវិកាប្រមូលទិញគ្រាប់ស្វាយចន្ទី សំដៅជួយទប់តម្លៃគ្រាប់ស្វាយចន្ទីកុំឱ្យធ្លាក់ចុះខ្លាំងពេក។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ក្រសួងកសិកម្មតែងតែតាមដានជាប់ជាប្រចាំលើថ្លៃកសិផលសំខាន់ៗរបស់កម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងមានលទ្ធភាពអាចកំណត់បានភ្លាមៗ ប្រសិនបើមានករណីគ្រាប់ស្វាយចន្ទីធ្លាក់ថ្លៃខុសពីប្រក្រតីមែននោះ។ សម្រាប់អ្នកនាំពាក្យរូបនេះ ភាពខុសគ្នានៃតម្លៃគ្រាប់ស្វាយចន្ទីនៅដើមរដូវ និងថ្លៃនៅពេលរដូវប្រមូលផលចូលមកដល់ គឺជាការប្រែប្រួលថ្លៃទៅតាមនិន្នាការធម្មតា ដែលតែងតែកើតមានឡើងជារៀងរាល់ឆ្នាំប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួនជាង៨៥ម៉ឺនតោន មានការកើនឡើង២៦% បើធៀបនឹងឆ្នាំ២០២៣ ដោយបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង៨១ម៉ឺនតោន ក្នុងនោះនាំចេញទៅទីផ្សារវៀតណាមជាង៧៩ម៉ឺនតោន ដោយគិតជាទឹកប្រាក់មានប្រមាណជាង១ពាន់១រយលានដុល្លារកើនឡើង៣១%។ គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ