បរធនបាលកិច្ច

តើបរធនបាលកិច្ចបានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា?


ក្រុមអ្នកជំនាញហិរញ្ញវត្ថុបានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការចូលរួមចំណែកជួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានការរីកចម្រើនលូតលាស់ផងដែរ។ អ្នកជំនាញជឿជាក់ថា សក្កានុពលនៃការរីកចម្រើនរបស់វិស័យធនាគារនិងហិរញ្ញវត្ថុតាមរយៈបរធនបាលកិច្ច នឹងកាន់តែមានសម្ទុះកើនឡើងបន្ថែមទៀតនាពេលខាងមុខ។
បរធនបាលកិច្ច
ដោយ

នាកិច្ចពិភាក្សាស្តីពីសក្តានុពលនៃយន្តការបរធនបាលកិច្ច និងនិន្នាការថ្មីៗនៃសេដ្ឋកិច្ច និងបច្ចេកវិទ្យា កាលពីពេលថ្មីៗ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាបច្ចុប្បន្ននៅតែរក្សាបាននូវភាពរីកចម្រើន បើទោះបីបន្តប្រឈមនឹងបញ្ហាមួយចំនួនក៏ដោយ។ អ្នកជំនាញរូបនេះអះអាងថា ការរីកចម្រើនរបស់វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានេះ ក៏មានការរួមចំណែកពីវិស័យបរធនបាលកិច្ចផងដែរ ពោលគឺតាមរយៈការទិញលក់អចនលទ្រព្យតាមយន្តការបរធនបាលកិច្ចដោយឆ្លងកាត់ប្រព័ន្ធធនាគារ ដែលបានចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច ក៏ដូចជាតាមរយៈការរក្សាការពារឯកសារមានតម្លៃផ្សេងៗផងដែរ។

ស្រដៀងគ្នានេ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិនៃធនាគារ CIMB ទទួលស្គាល់ថា យន្តការបរធនបាលកិច្ចពិតជាបានរួមចំណែយជួយជំរុញការអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យមានការរីកចម្រើប្រាកដមែន ពោលគឺយន្តការបរធនបាលកិច្ចប្រៀបបានជាទីកន្លែងមួយក្នុងការប្រមូលប្រភពទុន សម្រាប់ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

បើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ប្រតិបត្តិការសេវារក្សាទុក និងសេវារក្សាសុវត្ថិភាព (Escrow Services) របស់និយ័តករបរធនបាលកិច្ច បានកើនឡើងគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ ពោលគឺបានកើនដល់ទំហំប្រមាណ១៣០លានដុល្លារអាមេរិក គិតត្រឹមរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ខណៈគិតត្រឹមដំណាច់ឆ្នាំ២០២៣កន្លងទៅ គឺមានទំហំត្រឹមតែប្រមាណ៦០លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនបរធនបាលចំនួន១០ និងផ្តល់អាជ្ញាបណ្ណផ្តល់សេវារក្សាទុក និងសេវារក្សាសុវត្ថិភាពដល់ធនាគារពាណិជ្ជចំនួន១៣។ បន្ថែមលើនេះ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណបរធនបាលរូបវ័ន្តបុគ្គលបានចំនួន៥២រូប ក្នុងនោះ២៧រូបជាបរធនបាលរូបវ័ន្តបុគ្គលឯករាជ្យ និង២៥រូបផ្សេងទៀតជាបរធនបាលរូបវ័ន្តបុគ្គលក្រោមឆ័ត្ររបស់ក្រុមហ៊ុនបរធនបាល។ ជាមួយគ្នានេះ ស្ថាប័ននេះ ក៏បានផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចចំនួន១៣ផងដែរ។

គួរបញ្ជាក់ផងដែរថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


តើអ្នកវិនិយោគ និងអ្នកទេសចរបរទេសពិតជារងការលំបាក និងការកោសរូសទារប្រាក់ក្រោមតុមែនឬ?

បច្ចុប្បន្នអ្នកវិនិយោគបរទេសនានាកំពុងសម្លឹងមើលពីសក្ដានុពលរបស់កម្ពុជា ខណៈរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ក្នុងការផ្ដល់នូវអត្ថប្រយោជន៍នានា…

តើមកទល់ពេលនេះរុយ ស កំពុងវាយលុកដំណាំស្រូវនៅខេត្តណាខ្លះ និងមានស្ថានភាពដូចម្តេច?

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា មកទល់ពេលនេះរុយ ស កំពុងមានវត្តមាននៅខេត្តចំនួន៤ ប៉ុន្តែពុំទាន់បង្កផលប៉ះពាល់ធ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ