គម្រោងព្រែកជីកហ្វូណន តេជោ

តើគម្រោងព្រែកជីកហ្វូណន តេជោ មានសារសំខាន់យ៉ាងណាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅកម្ពុជា?


គម្រោងព្រែកជីកហ្វូណនតេជោតម្លៃប្រមាណ១,៧០០លានដុល្លារ ដែលគ្រោងសាងសង់នៅចុងឆ្នាំ២០២៤នេះ ទទួលបានការគាំទ្រយ៉ាងផុសផុលពីអ្នកវិនិយោគ និងប្រជាជនកម្ពុជា ដ្បិតវាជាគម្រោងប្រវត្តិសាស្ត្រដែលបម្រើឱ្យការដឹកជញ្ជូននិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ តែយ៉ាងណាគម្រោងនេះ ក៏តែងតែទទួលបានការរិះគន់ពីសំណាក់បុគ្គលមួយចំនួនតូច ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ តើគម្រោងនេះមានសារសំខាន់យ៉ាងណាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅកម្ពុជា?
គម្រោងព្រែកជីកហ្វូណន តេជោ
ដោយ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ប្រសិនបើគម្រោងព្រែកជីកហ្វូណន តេជោ សាងសង់រួចជាស្ថាពរ វានឹងផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏មហាសាល ព្រោះព្រែកជីកនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីកំពង់ផែ នៅភ្នំពេញឆ្ពោះទៅសមុទ្រ និងទៅកាន់ប្រទេសទី៣ ដែលនឹងធ្វើឱ្យពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានភាពប្រសើរឡើង ដោយសារតែវាជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនបានច្រើន។ ទន្ទឹមនឹងជួយទាក់ទាញការវិនិយោគពីបរទេសមកកាន់ប្រទេសកម្ពុជា គម្រោងព្រែកជីកនេះ នឹងជួយកាត់បន្ថយការពឹងផ្អែកលើប្រទេសវៀតណាម ដោយសារតែកន្លងមក ការដឹកជញ្ជូន និងផ្ទេរទំនិញតាមផ្លូវទឹកត្រូវឆ្លងកាត់តាមប្រទេសក្បែរខាងកម្ពុជាមួយនេះ។ សម្រាប់អ្នកជំនាញរូបនេះ គម្រោងនេះ ក៏នឹងដើរតួនាទីសំខាន់សម្រាប់វិស័យកសិកម្ម និងនេសាទ ព្រមទាំងទេសចរ ទប់ស្កាត់គ្រោះមហន្តរាយទឹកជំនន់ ហើយពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រែកជីកនេះនឹងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ផងដែរ។

ពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណន តេជោ នេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា យល់ឃើញថា ក្រោយគម្រោងព្រែកជីកនេះដាក់ឱ្យដំណើរការ វានឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងផ្ដល់សក្ដានុពលយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ តម្លៃដឹកជញ្ជូនតាមផ្លូវទឹក គឺទាបជាងការដឹកជញ្ជូនតាមផ្លូវគោករហូតដល់ទៅ៣ដងឯណោះ ខណៈការដឹកជញ្ជូនតាមផ្លូវទឹក ក៏ជួយកាត់បន្ថយការកកស្ទះចរាចរ និងការខូចខាតផ្លូវផងដែរ។

ស្រដៀងគ្នានេះ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយយល់ឃើញថា ព្រែកជីកហ៊្វូណនតេជោ នឹងជួយបើកឱកាសដ៏ពិសេស សម្រាប់ការដឹកជញ្ជូន ដែលមានការប្រកួតប្រជែងបានជាមួយប្រទេសជិតខាង។ លោកកត់សម្គាល់ឃើញថា កន្លងមកប្រទេសជិតខាងមានប្រៀបខ្លាំងក្នុងការដឹកជញ្ជួនតាមផ្លូវទឹកពីខេត្តមួយចំនួនទៅដល់សមុទ្រ ដែលកម្ពុជាខ្វះ និងជាឧបសគ្គដ៏ធំសម្រាប់ការប្រកួតប្រជែង ជាពិសេសសម្រាប់វិស័យកសិកម្ម និងកែច្នៃ។ សម្រាប់អ្នកជំនាញរូបនេះ បើកម្ពុជាអាចអភិវឌ្ឍន៍គម្រោងនេះឱ្យលេចចេញជារូបរាងបានមែននោះ វានឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយជំរុញផលិតកម្មកសិកម្ម និងវិនិយោគឧស្សាហ៍កម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះដែរ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានប្រាប់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថា លោកគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា ដែលតភ្ជាប់ពីទន្លេទៅកាន់សមុទ្រ។ ការបង្ហាញការគាំទ្រនេះធ្វើឡើងបន្ទាប់ពីលោកបានស្តាប់ការពន្យល់ និងបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹករបស់ទន្លេមេគង្គនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ គម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏តែងតែទទួលបានការរិះគន់ពីបុគ្គលមួយចំនួនតូច ដែលមាននិន្នាការមិនគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗលោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងជាអ្នកនយោបាយជើងចាស់កំពុងរស់នៅនិរទេសនៅក្រៅប្រទេសបានបង្ហាញគំនិតប្រឆាំងថា គម្រោងព្រែកជីកភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់សមុទ្រនេះ អាចនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរ។ ហើយព្រែកជីកនេះ ធ្វើឡើងសម្រាប់បម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិន។

ឆ្លើយតបទៅនឹងការរិះគន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថាប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់ឲ្យសម្រាប់ប្រទេស និងប្រជាជនខ្មែរ។ ប៉ុន្តែបែរជាលោក សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សា ដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។ សម្តេចធិបតី បានចាត់ទុកលោក សម រង្សី ជាមនុស្សដែលប្រឆាំងមិនរើសពេលវេលា ឬប្រធានបទ ហើយសូម្បីសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរ ក៏លោកប្រឆាំងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គិន ភា បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសំណេររបស់មេដឹកនាំអតីតបក្សប្រឆាំងលោក សម រង្ស៊ី និងបានចាត់ទុកថា ខ្លឹមសារនៃសាររបស់លោក សម រង្ស៊ី នោះក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ ជាទស្សនរបស់លោកបណ្ឌិត គិន ភា ទោះបីជាសាររបស់លោក សម រង្ស៊ី ត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញគម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាងឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

None



អត្ថបទបន្ទាប់


ធនាគារ ហត្ថា ចូលរួមប្រាក់ឧបត្ថម្ភចំនួន ៣០ ០០០ ០០០ រៀល ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា

ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្ដល់អនុសាសន៍ ៧ចំណុច ដល់សមាគមឧកញ៉ាកម្ពុជា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ចំនួន ៧ចំណុច ដល់សមាគមឧកញ៉ាកម្ពុជា ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ