ក្នុងកម្មវិធី AMCHAM Tax Updates នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ច្បាប់សារពើពន្ធថ្មី ដែលប្រកាសដាក់ឱ្យប្រើនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មាន២០ជំពូក និង២៥៥មាត្រា។ ច្បាប់នេះ មានគោលបំណងរក្សានិរន្តរភាពនៃការប្រមូលចំណូល ជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ភាពងាយស្រួល និងមានតម្លាភាពជាងមុន និងពង្រឹងគុណភាពនៃសេវាកម្មអ្នកជាប់ពន្ធស្របតាមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រប្រមូលចំណូលពន្ធរបស់រាជរដ្ឋាភិបាល។ បើតាម ឯកឧត្តម គង់ វិបុល ច្បាប់សារពើពន្ធថ្មី ត្រូវបានធ្វើវិសោធនកម្មចំនួន១១ដងរួចមកហើយ ហើយក៏មិនមែនជាច្បាប់ថ្មីទាំងស្រុងនោះដែរ ពោលគឺ មានមាត្រាមួយចំនួនគឺនៅរក្សាទុកដដែល និងមាត្រាមួយចំនួនត្រូវបានធ្វើការកែលម្អឱ្យកាន់តែប្រសើរជាងមុន និងមាត្រាមួយចំនួនទៀតត្រូវបានធ្វើការស្រាវជ្រាវបន្ថែមដោយយកធាតុចូលពីវិស័យឯកជន ក៏ដូចជាការសិក្សាស្រាវជ្រាវពីប្រទេសអភិវឌ្ឍមួយចំនួនយកមកប្រមូលផ្តុំគ្នា ដើម្បីធ្វើឱ្យច្បាប់ស្តីពីពន្ធដារថ្មីនេះ កាន់តែមានភាពល្អប្រសើរជាងមុន។
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ អះអាងដែរថាច្បាប់ថ្មីនេះ គឺមិនមែនជាការដាក់បន្ទុកបន្ថែមទៅដល់អ្នកជាប់ពន្ធនោះទេ ពោលគឺមានតែជួយសម្រួលបន្ថែមដល់អ្នកធ្វើអាជីវកម្ម និងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសារច្បាស់នេះបានផ្តល់ភាពងាយស្រួលជាងមុន ដោយបានប្រមូលផ្តុំ និងកែលម្អលើច្បាប់ និងបទប្បញ្ញត្តិចាស់ៗ ដើម្បីសម្រួល និងបំពេញចន្លោះប្រហោងបន្ថែមទៅតាមការវិវត្តរបស់សេដ្ឋកិច្ចជាក់ស្តែងនាពេលបច្ចុប្បន្ន។
តាមរយៈការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីពន្ធដារថ្មីនេះ ឯកឧត្តម គង់ វិបុល បញ្ជាក់ថា ច្បាប់នេះពិតជានឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញដល់កំណើនសេដ្ឋកិច្ច និងការកៀរគរការប្រមូលចំណូលពន្ធឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ ដោយសារតែច្បាប់នេះ មានការអនុញ្ញាតពិសេស ដល់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងសង្រោះសេដ្ឋកិច្ចជាតិ នៅពេលដែលជួបវិបត្តិធ្ងន់ធ្ងរណាមួយ។ ជាក់ស្តែងដូចជាវិបត្តិកូវីដ និងបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែនជាដើម ដោយបើកផ្លូវឱ្យរាជរដ្ឋាភិបាលមានការលើកលែងពន្ធមួយចំនួន ទៅដល់វិស័យណា ដែលបានរងផលប៉ះពាល់ទៅនឹងសេដ្ឋកិច្ច។ លើសពីនេះ ដោយសារតែច្បាប់ថ្មីនេះ បានផ្តល់ភាពងាយស្រួលដល់អ្នកធ្វើអាជីវកម្ម និងវិនិយោគនានាផងនោះ ដូច្នោះនៅពេលអ្នកវិនិយោគទាំងនោះរកទទួលទានបានផលចំណេញច្រើន នោះវាក៏បានចូលរួមចំណែកដល់ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធការផងដែរ។
សូមជម្រាបថា បើតាម ឯកឧត្តម គង់ វិបុល តាមការព្យាករណ៍នៃម៉ាក្រូសេដ្ឋកិច្ចកម្ពុជាទៅលើគ្រប់វិស័យទាំងអស់ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានប្រមាណជាង ៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ ខាងមុខ។ ខណៈនៅរយៈពេល៥ខែ ដើមឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ១ពាន់៨រយលានដុល្លារ ដែលស្មើនឹងជាង ៥១% ផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ផងដែរ៕