ពាក់ព័ន្ធនឹងបញ្ហានេះ លោក កូបសាក់ ផួត្រាគូល( Kobsak Pootrakul) អនុប្រធានប្រតិបត្តិជាន់ខ្ពស់ថៃនៃធនាគារBangkok មានប្រសាសន៍ថា ការសម្រេចចិត្តលើទណ្ឌកម្មទី៦ របស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ការនាំចូលប្រេង៩០% ពីប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថានឹងធ្វើឲ្យតម្លៃថាមពលកើនឡើងរយៈពេលវែងពី ១ឆ្នាំ ទៅ ២ ឆ្នាំ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
លោក កូបសាក់ បាននិយាយថា ការដាក់ទណ្ឌកម្មទី ៦ របស់សហភាពអឺរ៉ុបលើការនាំចូលប្រេងពីរុស្ស៊ី ៩០% នឹងដាក់សម្ពាធកាន់តែខ្លាំងលើតម្លៃថាមពល បង្កឲ្យមានបញ្ហាខ្វះស្បៀងអាហារពិភពលោក និង ជំរុញឱ្យអតិផរណាទាំងមូលកើនឡើងបន្ថែមទៀត។
អនុប្រធានប្រតិបត្តិជាន់ខ្ពស់ថៃរូបនេះ បានផ្តល់ដំបូន្មានដល់រាជរដ្ឋាភិបាលថៃឱ្យរៀបចំកញ្ចប់ថវិកាដើម្បីបន្តការឧបត្ថម្ភធនតម្លៃថាមពល ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃតម្លៃប្រេងឡើងថ្លៃលើអ្នកប្រើប្រាស់។ លោកបានបន្ថែមថា តម្លៃប្រេងពិភពលោកបានកើនឡើងយ៉ាងឆាប់រហ័សដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល ហើយអាចឡើងដល់ ១៥០ ដុល្លារក្នុងពេលឆាប់ៗនេះ ដោយសារការដាក់ទណ្ឌកម្មផ្តាច់ការនាំចេញប្រេងរបស់រុស្ស៊ី។
សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃទី១មិថុនា ដោយដកស្រង់ប្រភពពីប្រភពនានាបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងត្រៀមខ្លួន ដើម្បីដំឡើងផលិតកម្មប្រេងរបស់ខ្លួន ប្រសិនបើទិន្នផលប្រេងរបស់រុស្ស៊ីធ្លាក់ចុះយ៉ាងគំហុក ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
គួររំឭកថា មេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងលើសេចក្តីសម្រេចយល់ព្រមចំពោះទណ្ឌកម្មទី ៦ កាលពីល្ងាចថ្ងៃទី៣០ឧសភា ដើម្បីកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីប្រហែល ៩០% ក្នុងរយៈពេលប្រាំមួយខែ ខណៈវាជាការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលត្រូវបានគេចាត់ទុកថាជាទណ្ឌកម្មដ៏ធំបំផុតមួយទៅលើរុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែន។
ម្យ៉ាងវិញទៀត តម្លៃជីសកលកំពុងកើនឡើងខ្ពស់ ដោយសាររុស្ស៊ីមានចំណែកផ្គត់ផ្គង់ជីអ៊ុយរ៉េ ១៤% និង ប៉ូតាស្យូម ៤១% ទៅកាន់ទីផ្សារពិភពលោកត្រូវបានកាត់ផ្តាច់។
លោក កូបសាក់ បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងហានិភ័យដែលបណ្តាលមកពីតម្លៃថាមពលប្រែប្រួលខ្លាំង ការកើនឡើងតម្លៃអាហារ និង ប្រព័ន្ធហិរញ្ញវត្ថុមិនមានស្ថិរភាពជាដើម។
លោកបានគូសបញ្ចាក់ថា នៅពេលដែលតម្លៃថាមពល និង តម្លៃស្បៀងអាហារបន្តកើនឡើង អត្រាអតិផរណានៃប្រទេសនីមួយៗនឹងកើនឡើងដោយជៀសមិនរួច ស្របពេលដែលធនាគារកណ្តាលនៃប្រទេសនីមួយៗត្រូវបានគេរំពឹងថា នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយអត្រាការប្រាក់ខ្ពស់ដើម្បីទប់ទល់នឹងសម្ពាធអតិផរណាដែលបណ្តាលឱ្យមានការប្រែប្រួលខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
លោកបានបន្ថែមថា ប្រទេសតូចៗដែលកំពុងអភិវឌ្ឍន៍ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែពួកគេនឹងត្រូវទទួលរងការវាយប្រហារផ្នែកហិរញ្ញវត្ថុ។
យ៉ាងណាមិញ លោក កូបសាក់ បាននិយាយថា វិស័យកសិកម្មដែលមានកសិកជាង ២០ លាននាក់របស់ថៃក៏អាចជួយដល់សេដ្ឋកិច្ចថៃក្នុងឆ្នាំនេះ ពីផលប៉ះពាល់ទាំងអស់នេះបានដែរ ដ្បិតថាកសិករត្រូវបានគេរមពឹងថា នឹងទទួលបានប្រាក់ចំណូលខ្ពស់ពីការកើនឡើងតម្លៃកសិផល។
ក៏ប៉ុន្តែ លោក កូបសាក់ មានប្រសាសន៍ថា វាចាំបាច់ណាស់ដែលរដ្ឋាភិបាលត្រូវអនុវត្តគោលនយោបាយកាត់បន្ថយតម្លៃជីកសិកម្ម និង ការលើកកម្ពស់ទេសចរណ៍ក្នុងប្រទេសឡើងវិញ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រូវតែបន្ត។