
លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន យល់ឃើញថា ដើម្បីឆ្លើយតបនឹងតម្រូវការនាំចេញផ្លែទុរេនទៅទីផ្សារអន្តរជាតិ ទាមទារឱ្យផ្លែទុរេនត្រូវតែមានគុណភាពល្អ និងមានផ្លែមូលស្អាត។ ប៉ុន្តែការដាំដុះដំណាំទុរេនឱ្យទទួលផលបែបនេះវាមិនមែនជារឿងងាយស្រួលនោះទេ ដោយសារវាមានឧបសគ្គមួយចំនួនដូចជា កត្តាអាកាសធាតុ សត្វល្អិតបំផ្លាញ និងបញ្ហាជំងឺជាដើម ខណៈបញ្ហាទាំងនេះអាចធ្វើឱ្យដើមទុរេនងាប់ និងខាតបង់ថវិការ ប្រសិនបើពុំមានបច្ចេកទេសក្នុងការថែទាំត្រឹមត្រូវ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ បានជំរុញឱ្យអ្នកដាំទុរេន ត្រូវស្វែងយល់ពីបច្ចេកទេសក្នុងការគ្រប់គ្រង និងការប្រើប្រាស់ជី និងថ្នាំតាមគោលការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមុន ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ការបញ្ចេញលក់នៅលើទីផ្សារ និងត្រូវគិតគូរលើសុវត្ថិភាពរបស់អ្នកបរិភោគ។
ទន្ទឹមនេះ លោក ធឿន ប៊ុនហុង ជឿជាក់ថា នៅពេលផ្លែទុរេនរបស់កម្ពុជា មានទីផ្សារកាន់តែច្រើននៅបរទេស នោះនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិ កាន់តែមានភាពរីកចម្រើន ហើយកសិករក៏មានជីវភាពប្រសើរជាងមុនផងដែរ។ បន្ថែមលើនេះ វាក៏ជាផ្នែកមួយក្នុងការទាក់ទាញអ្នកទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀតផងដែរ។
សូមបញ្ជាក់ថា ផ្លែទុរេនស្រស់របស់កម្ពុជា ត្រូវបានភាគីគយចិន ទើបបើកភ្លៀងខៀវឱ្យនាំចូលទីផ្សារចិន ក្រោមការគោរពតាមលក្ខខណ្ឌ និងភូតគាមអនាម័យ។ មុនឈានដល់ការនាំចេញជាផ្លូវការទៅចិនបាន អ្នកដាំ និងក្រុមហ៊ុននាំចេញត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ទៅអគ្គនាយកដ្ឋានកសិកម្ម។ ក្រោយទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ រួចនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីគយចិន ដើម្បីគយចិន ចុះមកពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕
អត្ថបទ៖ បូ ដូឡា