
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកការយល់ដឹងពីវិស័យហិរញ្ញវត្ថុនៅមានកម្រិត ជាកត្តាចម្បងដែលជំរុញឱ្យពលរដ្ឋមួយចំនួននៅតែបន្តប្រើប្រាស់កម្ចីក្រៅផ្លូវការ បើទោះបីដឹងថា កម្ចីប្រភេទនេះមានអត្រាការប្រាក់ខ្ពស់ជាងកម្ចីផ្លូវការក៏ដោយ។ ការមិនទាមទារឯកសារស្មុគស្មាញ ការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋ និងការមិនយល់ដឹងពីហានិភ័យនៃការប្រើប្រាស់កម្ចីក្រៅផ្លូវការ ក៏ជាកត្តាជំរុញឱ្យពលរដ្ឋប្រើប្រាស់កម្ចីក្រៅផ្លូវការផងដែរ។ បើតាមអ្នកជំនាញរូបនេះ កម្ចីក្រៅផ្លូវការ ឬកម្ចីខុសច្បាប់បានបង្កផលប៉ះពាល់ដោយផ្ទាល់លើអ្នកទទួលប្រាក់កម្ចីដោយសារតែអត្រាការប្រាក់ខ្ពស់ខុសពីគោលការណ៍ដែលច្បាប់កំណត់។ ក្រៅពីនេះ ក៏បានបង្កផលប៉ះពាល់ដល់គុណភាពវិស័យហិរញ្ញវត្ថុផ្លូវការ និងប៉ះពាល់ដល់សង្គមដោយសារការគំរាមកំហែងពីអ្នកផ្ដល់កម្ចីក្រៅផ្លូវការ។
ជាមួយគ្នានេះ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រូបនេះ បានបង្ហាញពីវិធីមើលកម្ចីក្រៅផ្លូវការ និងផ្លូវការផងដែរ ដោយកម្ចីក្រៅផ្លូវការអាចសម្គាល់លើចំណុចមួយចំនួនដូចជា មិនមានអាសយដ្ឋាន និងអាជ្ញាបណ្ណច្បាស់លាស់, អត្រាការប្រាក់លើសពី១,៥% ក្នុង១ខែ និងការតម្រូវឱ្យអតិថិជនបង់សេវាមុនជាដើម។ បើតាមការបញ្ជាក់របស់លោក កាំង តុងងី ប្រសិនបើពលរដ្ឋរងការគំរាមកំហែងពីអ្នកផ្ដល់កម្ចីអនឡាញ ឬកម្ចីខុសច្បាប់ ត្រូវសុំអន្តរាគមន៍ពីអាជ្ញាធរក្នុងមូលដ្ឋាន ខណៈកន្លងមកក្រសួងមហាផ្ទៃ បានប្រកាសចាត់វិធានការលើអ្នកផ្ដល់កម្ចីខុសច្បាប់ទាំងនោះ។
សូមរំលឹកថា នាពេលថ្មីៗរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានក្រើនរំលឹកឱ្យពលរដ្ឋកុំប្រើប្រាស់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់ ដ្បិតវាអាចធ្វើឱ្យពលរដ្ឋវ័ណ្ឌកជាមួយបំណុលដោយសារអត្រាការប្រាក់ខ្ពស់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋកុំសងកម្ចី ដែលផ្តល់តាមប្រព័ន្ធអនឡាញខុសច្បាប់ទាំងនោះ ហើយបើមានការរករឿងណាមួយត្រូវប្តឹងទៅសមត្ថកិច្ច។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យពលរដ្ឋបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់ផងដែរ៕
អត្ថបទ៖ បូ ដូឡា