វិស័យការពារជាតិ

តើកម្ពុជា គួរឆ្លើយតប និងដោះស្រាយបែបណាចំពោះបញ្ហាថៃ ឱ្យពលរដ្ឋខ្មែររុះរើផ្ទះនៅភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ?


ទោះបីកម្ពុជា និងថៃ កំពុងអនុវត្តបទឈប់បាញ់យ៉ាងណាក្ដី តែកងទ័ពថៃ នៅតែគឃ្លើនរំលោភចូលដែនអធិបតេយ្យភាពរបស់ម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមទាហានថៃ ឈុតខ្មៅ ក្រោមបញ្ជារបស់អភិបាលខេត្តស្រះកែវ បានចុះមកដំឡើងផ្លាកក្នុងន័យដេញពលរដ្ឋខ្មែរមិនឱ្យស្នាក់នៅ និងត្រូវរុះរើផ្ទះចាកចេញពីនោះ និងគំរាមចាត់វិធានការផ្លូវច្បាប់ដោយអនុវត្តតាមច្បាប់ជនអន្តោប្រវេសន៍ និងគំរាមចាប់ពលរដ្ឋខ្មែរដាក់ពន្ធនាគារទៀតផង។
វិស័យការពារជាតិ
ដោយ

អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គម និងសិទ្ធិមនុស្សនៅកម្ពុជា បានចាត់ទុកទង្វើជាឯកតោភាគី និងព្រៃផ្សៃរបស់ថៃ នេះថា ជាឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ នឹងបានរំលោភលើបទឈប់បាញ់ បំពានដល់ពលរដ្ឋស៊ីវិល និងប៉ះពាល់ដល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ តើកម្ពុជា គួរឆ្លើយតប និងដោះស្រាយបែបណាចំពោះបញ្ហានេះ?

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកសកម្មភាពរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលបានមករំលោភដែនអធិបតេយ្យភាព និងបានដំឡើងផ្លាកហាមមិនឱ្យពលរដ្ឋខ្មែរចូលទៅរស់នៅលើទឹកដីខ្មែរនេះបានបង្ហាញឱ្យឃើញថា ថៃ កំពុងបំពានលើបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត។ បើតាមអ្នកជំនាញរូបនេះ ពលរដ្ឋខ្មែរបានរស់នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនេះរាប់សិបឆ្នាំមកហើយ គួបផ្សំទីតាំងដែលថៃ អះអាងថា ជារបស់ខ្លួន គឺស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ថៃ គ្មានហេតុផលអ្វីមកដេញពលរដ្ឋកម្ពុជា ចេញពីផ្ទះសម្បែងនោះទេ ហើយពលរដ្ឋខ្មែរ ក៏មិនត្រូវចេញតាមការដេញរបស់ថៃ នោះដែរ ពិសេសរដ្ឋាភិបាលគួរតែសម្របសម្រួលទាំងច្បាប់អន្តរជាតិ និងកាទូតអន្តរជាតិ ក៏ដូចជាទប់ស្កាត់កុំឱ្យថៃ ធ្វើអ្វីតាមទំនើងចិត្តបន្តទៀត។

​ជាមួយគ្នានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ យល់ឃើញថា ទោះបីកម្ពុជា និងថៃ មានសន្ធិសញ្ញា និងមានបទឈប់បាញ់ជាមួយគ្នាយ៉ាងណាក្ដី តែថៃ ធ្វើអ្វីជាឯកតោភាគីមិនបានខ្វល់ពីការសម្របសម្រួលរបស់អាម៉េរិក ចិន និងម៉ាឡេស៊ីនោះឡើយ ដូចជាការដំឡើងផ្លាកហាមមិនឱ្យពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងភូមិជោគជ័យនេះជាដើម។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះបានអះអាងថា ទង្វើរបស់ថៃ ដែលបានគំរាមបណ្ដេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងនេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពីព្រោះយោធាថៃ មិនអាចបំពានមកលើប្រជាពលរដ្ឋស៊ីវិលបាននោះទេ ពិសេសនៅក្នុងព្រមព្រៀងបទឈប់បាញ់ និងគោលការណ៍ច្បាប់អន្តរជាតិ ក៏មិនអាចមកបំពានលើពលរដ្ឋស្លូតត្រង់បាននោះដែរ។

​ជុំវិញបញ្ហាខាងលើ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ ដែលភាគីថៃ បានធ្វើសកម្មភាពជាឯកតោភាគីចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥មក បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ រាជរដ្ឋាភិបាលបានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ រួមមានការធ្វើកំណត់ទូតតវ៉ាចំនួន៣លើក ទៅកាន់ក្រសួងការបរទេស ការលើកឡើងពីបញ្ហាព្រំដែនក្នុងវេទិកានានា និងជាមួយអង្គការអន្តរជាតិ ជាច្រើនលើក រួមទាំងអង្គការសហប្រជាជាតិ ការរៀបចំដំណើរទស្សនកិច្ច និងពិនិត្យផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីអង្គទូត ភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានា ទៅកាន់តំបន់រងគ្រោះ ការបើកកិច្ចប្រជុំពិភាក្សាទ្វេភាគីជាមួយថៃ ការដាក់ញត្តិសុំអន្តរាគមន៍ជាបន្ទាន់លើសកម្មភាពឯកតោភាគីរបស់ថៃ គួបផ្សំដំណើរទស្សនកិច្ចជំរុញឱ្យមានដំណោះស្រាយលើបញ្ហាព្រំដែនជាដើម៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


នយោបាយថៃ កំពុងក្រឡាប់ចាក់ ខណៈសភាថៃ ត្រៀមបោះឆ្នោតជ្រើសរើសនាយករដ្ឋ មន្ត្រីថ្មីនៅថ្ងៃនេះ

ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកចេញពីតំណែងជាផ្លូវការកាលពីចុងខែសីហា កន្លងទៅ នយ…

ការនាំចេញកប្បាសរបស់អាម៉េរិក ទៅកាន់ចិន ធ្លាក់ចុះ៩០% ខណៈការនាំចេញមកកាន់វៀតណាម កើនជិត៣ដង

ការនាំចេញកប្បាសរបស់សហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន បានដាំក្បាលចុះខ្លាំងរហូតដល់ទៅ៩០% នៅឆមាសទី១ ឆ្នាំ២០២៥ ខណៈដែលខ្សែច្រវាក់ផលិតកម្មសម្លៀក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ