ថៃរំពឹងថា ការបន្ធូរបន្ថយវិធានការកូវីដ១៩សម្រាប់អ្នកដំណើរអន្តរជាតិនេះ នឹងជួយឲ្យខ្លួនអាចទាក់ទាញទេសចរណ៍កាន់តែច្រើនឡើង ខណៈដែលនៅប៉ុន្មានខែទៀតប៉ុណ្ណោះ ថៃនឹងមានការរៀបចំពិធីសង្ក្រាន្ដឆ្នាំថ្មី ដែលជាឱកាសដែលថៃនឹងអាចទទួលទេសចរអន្តរជាតិបានច្រើនឡើងវិញ។
ចាប់ពីខែមីនាតទៅ អ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់ អាចចូលប្រទេសថៃបានដោយគ្រាន់តែ តម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តតាមប្រព័ន្ធ RT-PCR នៅក្នុងរយៈពេល៧២ម៉ោង មុនពេលធ្វើដំណើរទៅកាន់ប្រទេសថៃ និងត្រូវចំណាយពេលចត្តាឡីស័កចំនួន១យប់ដំបូង ក្នុងសណ្ឋាគារ ហើយនៅ៥ថ្ងៃក្រោយ ត្រូវធ្វើតេស្ដរហ័សដោយខ្លួនម្ដងទៀត។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីត ១៩ លោក ថាវ៉ាស៊ីន បាននិយាយថា ការបន្ធូរបន្ថយវិធានការថ្មីនេះ គឺនឹងកាត់បន្ថយការចំណាយពេលការធ្វើចត្តាឡីស័ក ប៉ុន្ដែ រដ្ឋាភិបាលក៏មានតម្រូវភ្ញៀវទេសចរត្រូវដំឡើងកម្មវិធីលើទូរស័ព្ទដៃរបស់ពួកគេ ដើម្បីតាមដានពីកន្លែងដែលពួកគេបម្លាស់ទី និងការបញ្ជូនលទ្ធផលតេស្ដរហ័សរបស់ពួកគេផងដែរ។
បន្ថែមពីនេះ រដ្ឋាភិបាលថៃក៏នឹងកាត់បន្ថយចំនួនទឹកប្រាក់ធានារ៉ាប់រងការធ្វើដំណើរពី ៥ ម៉ឺនដុល្លារ មកនៅត្រឹម ២ ម៉ឺនដុល្លារអាមេរិកវិញផងដែរ។
គួរជម្រាបថា នៅក្នុងដើមខែ កុម្ភៈ ប្រទេសថៃបានបន្តគម្រោងទេសចរណ៍ Test & Go របស់ខ្លួនឡើងវិញ បន្ទាប់ពីបានផ្អាកកម្មវិធីនេះអស់រយៈពេលជិត២ខែ ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគបំប្លែងថ្មី អូមីក្រុងនៅក្នុងប្រទេស។
សូមបញ្ជាក់ថា ប្រតិបត្តិការទេសចរណ៍នៅក្នុងប្រទេសថៃ ថ្មីៗនេះ បានស្នើទៅកាន់រាជរដ្ឋាភិបាលឲ្យពិចារណា ដកចេញនូវវិធានការកូវីដ១៩ទាំងអស់ឡើងវិញ ដើម្បីបើកទ្វារប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិ ខណៈដែលថៃរំពឹងថា នៅឱកាសបុណ្យសង្ក្រាន្ដឆ្នាំថ្មីនៅខែមេសាខាងមុខនេះ នឹងមានភ្ញៀវទេសចអន្តរជាតិច្រើនចូលមកាន់ប្រទេសថៃឡើងវិញប្រើសិនបើរដ្ឋាភិបាលមានការដកចេញនូវវិធានការកូវីដ១៩តឹងរ៉ឹងសម្រាប់អ្នកដំណើរអន្តរជាតិ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន