
ទីបំផុតធនាគារកណ្តាលអាម៉េរិក បានសម្រេចបញ្ចុះអត្រាការប្រាក់ពី៤,៣% មកនៅត្រឹម៤,១% ជាលើកដំបូងក្នុងរយៈពេល៩ខែកន្លងមកនេះ បន្ទាប់ពីបានពន្យារជាបន្តបន្ទាប់។ ជាមួយគ្នានេះមានការរំពឹងថា អាម៉េរិកអាចនឹងមានលទ្ធភាពបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំ២០២៥។ ក្រោយការបញ្ចុះអត្រាការប្រាក់នេះ តម្លៃភាគហ៊ុននៅសហរដ្ឋអាម៉េរិក មានការប្រែប្រួលមួយចំនួន ដោយភាគហ៊ុនរបស់ក្រុមហ៊ុន S&P 500 បានធ្លាក់ចុះប្រមាណជា០,១% ខណៈផ្សារហ៊ុន Nasdaq ធ្លាក់ចុះ០,៣២% ប៉ុន្តែមូលបត្របំណុលរបស់អាម៉េរិក បានស្ទុះឡើងជាង៤% រីឯហាងឆេងនៃសន្ទស្សន៍អត្រាប្តូរប្រាក់របស់លុយដុល្លារបានហក់ឡើង០,៤%។
ដោយឡែកហាងឆេងមាសបានស្ទុះឡើង០,២% ដែលនាំឲ្យតម្លៃមាសឡើងដល់ជិត៤ពាន់៥០០ដុល្លារ ខណៈនៅឆ្នាំក្រោយមានការព្យាករណ៍ថា មាសអាចនឹងឡើងដល់៤៨០០ដុល្លារក្នុងមួយតម្លឹង។
លោក ស្តេហ្វេន ខេត (Stephen Kates) អ្នកវិភាគហិរញ្ញវត្ថុនៅក្រុមហ៊ុន Bankrate បាននិយាយថា សម្រាប់ពលរដ្ឋអាម៉េរិក ការបញ្ចុះអត្រាការប្រាក់នេះទំនងជាមិនធ្វើឱ្យមានភាពខុសគ្នាគួរឱ្យកត់សម្គាល់នោះទេ ពីព្រោះអត្រាប្រែប្រួលវាមានកម្រិតតិចពេក ជាពិសេសម្រាប់ប្រភេទកម្ចីទិញផ្ទះ ប៉ុន្តែវាអាចមានឥទ្ធិពលលើការប្រមូលឥណទានពីគណនីសន្សំ កម្ចីទិញរថយន្ត ក៏ដូចជាលើអ្នកប្រើប្រាស់ វីសាកាត៕
ដោយៈ សរ សុជាតិ