កិច្ចព្រមព្រៀង RCEP

កម្ពុជារៀបចំវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP នៅដើមខែក្រោយ


ក្រសួងពាណិជ្ជកម្មកម្ពុជា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន (ERIA) និងលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) បានសហការគ្នារៀបចំវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP) នៅដើមខែក្រោយនេះហើយ។
កិច្ចព្រមព្រៀង RCEP

វេទិកានេះ នឹងត្រូវបានរៀបចំឡើង ដើម្បីរំលឹកឡើងវិញ​នូវដំណើរ​នៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀង​អាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប​ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម​។

បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិបនេះ នឹងមានការចូលរួមបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចនឹងផ្ដល់សុន្ទរកថាគន្លឹះ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងអាសិប (RCEP) ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់​ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចា​យ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ណែនាំ​កំណត់ដោយ សេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នៅក្នុងវេទិកានេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ ហ៊ីឌីតូស៊ី នីឈីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) នឹងប្រគល់ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី នូវសៀវភៅ​ចំនួនពី​រ​ក្បាលរបស់វិទ្យាស្ថាន ERIA។ ក្នុងនោះមានដូចជា ទី១.ថាមវន្តនៃតំបន់​អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិបក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់ និង ទី២. ផែនការអភិវឌ្ឍតំបន់អាស៊ីគ្រប់ជ្រុងជ្រោយ (CADP) ៣.០ ៖ ឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលមានសមាហរណកម្ម នវានុវត្តន៍ បរិយាប័ន្ន និងនិរន្តរភាព។

ជាមួយគ្នានេះ វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិបនេះ ក៏នឹងមានកិច្ចពិភាក្សាកម្រិតខ្ពស់មួយ, កិច្ចពិភាក្សាកម្រិតតួអង្គពាក់ព័ន្ធមួយ, ព្រមទាំងកិច្ចពិភាក្សាបច្ចេកទេសមួយទៀត ដែលនឹងបកស្រាយលម្អិតអំពីជំពូកសំខាន់ៗនៅក្រោមកិច្ចព្រមព្រៀងនេះ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញនាពេលថ្មីៗថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានចំនួនសរុបជិត​ ៣ពាន់​៣រយលានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង១០ % ធៀបនឹងឆ្នាំមុន។ ក្នុងនោះ ប្រទេសនេះ កម្ពុជា​បាននាំចេញទំនិញ​ច្រើនជាងគេទៅ កាន់ប្រទេសវៀតណាម ចិន និងជប៉ុន។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ រួមជាមួយប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន១០ ប្រទេស និងដៃគូពាណិជ្ជកម្មចំនួន៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕




អត្ថបទបន្ទាប់


កម្ពុជានឹងចុះហត្ថលេខាទទួលកម្ចីពីកូរ៉េ ដើម្បីសង់ស្ពានឆ្លងកាត់ទន្លេមេគង្គឆ្ពៅទៅអរិយក្សត្រនៅខែវិច្ឆិកា

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា កម្ពុជាគ្រោងនឹងចុះហត្ថលេខាទទួលកម្ចីហិរញ្ញប្បទានពីសាធារណ…

តើវៀតណាមទទួលបានផ្លែផ្កាអ្វីខ្លះ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-អឺរ៉ុប បានជាង៣ឆ្នាំ?

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង សហភាពអឺរ៉ុប និងវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) បានជួយឱ្យប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ