
ដោយ comment (អត្ថាធិប្បាយ) នៅលើរូបហ្វេសប៊ុកសមេ្តច ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ដែលនិយាយពីការដាំដុះដំណាំសម្រាប់គ្រួសារ អ្នកប្រើប្រាស់ហ្វេសប៊ុកជាព្រះសង្ឃដែលមានព្រះនាម Ouk Sitha បានអរគុណសម្តេចទាំងពីរ ដែលបានលះបង់អំណាចនិងបុណ្យស័ក្តិឲ្យអ្នកដទៃបន្តវេន ហើយងាកមករកការដាំដំណាំវិញ។
ព្រះសង្ឃ Ouk Sitha បានសរសេរដូច្នេះថា «សូមបិណ្ឌបាតដល់ញោមឧបាសក ហ៊ុន សែន មេត្តាឆាប់ចូលនិវត្តន៍ដើម្បីសុខភាពរឹងមាំ និងកាន់តែមានភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារថែមទៀត ប្រសិនបើនៅបន្តស្រឡាញ់អំណាចបន្តទៀត ប្រាកដណាស់នឹងកាន់តែទ្រុឌទ្រោមថែមទៀត សង្ឃឹមថា ញោមឧបាសក នឹងទទួលយកការបិណ្ឌបាតពីអាត្មា»។

ព្រះសង្ឃ Ouk Sitha ក៏បានសរសេរផងដែរថា នេះគឺជាការប្រពៃណាស់សម្រាប់សុខភាព មិនថាឡើយអំណាចទេ សូម្បីតែរបស់មានតម្លៃមិនអាចកាត់ថ្លៃបានក៏ដោយ ក៏មិនអាចយកទៅតាមខ្លួនបានដែរ អ្វីដែលយកទៅតាមខ្លួនបាន គឺ កុសលកម្ម និង អកុសលកម្ម ហើយបានសំណូមពរដល់ឧបាសក-ឧបាសិកាទាំងពីរ រៀនធម៌ និងពិចារណាអំពី អនិច្ចំ ទុក្ខំ អនត្តា ជាងនេះទៅទៀត សូមប្រកាន់ឲ្យខ្ជាប់នូវកុសលកម្មបថ ១០ និង ព្យាយាមហ្វឹកហាត់ធ្វើសមាធិរាល់ថ្ងៃ ទើបប្រពៃ។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានសរសេរថា «ហុតទឹកសម្លឹងកាក ទាញច្រវ៉ាក្រាកសម្លឹងជ្រោយ។ ការបិណ្ឌបាតរបស់តេជគុណ ខ្ញុំព្រះករុណាសូមប្រគេនតាមសំណូមពរព្រោះខ្ញុំព្រះករុណាក៏គ្មានជីវិតអមតៈដែរ តែត្រូវរង់ចាំរហូតឆ្នាំ២០២៨ ឬ ២០៣០ ក្រោយពេលដែលខ្ញុំព្រះករុណាកម្ចាត់ពួកក្បត់ជាតិឲ្យអស់សិន។»
សម្តេចបានបន្តថា «ពេលនោះ តេជគុណ អាចសឹកមកធ្វើនាយករដ្ឋមន្ត្រី ជំនួសខ្ញុំព្រះករុណាបានហើយ។ ព្រះសង្ឃជាច្រើនបានបិណ្ឌបាតឲ្យខ្ញុំព្រះករុណាបន្ត ខ្ញុំករុណានិយាយដូចគ្នា ២០២៨ ឬ ២០៣០។ យល់ទេ តេជគុណ?»។
សម្តេច ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ១៩៨៥ ដែលធ្វើឱ្យសម្ដេចស្ថិតក្នុងចំណោមនាយករដ្ឋមន្ត្រីផ្សេងទៀតដែលកាន់អំណាចយូរបំផុតនៅលើពិភពលោក៕