វិស័យសណ្ឋាគារ

សណ្ឋាគារយីហោអន្តរជាតិធំៗ៥ ដែលបានបើកដំណើរការ និងកំពុងសាងសង់នៅកម្ពុជា


វិស័យទេសចរណ៍​នៅលើទីផ្សារកម្ពុជា កាលពីមុនពេលមានវិបត្តិជំងឺកូវីដ-១៩ កើតឡើង ត្រូវបានគេមើល​ឃើញ​ថា មាន​ការវិនិយោគជាច្រើន ពិសេសសណ្ឋាគារ មានការកើនឡើងយ៉ាងខ្លាំង ដោយក្នុងនោះ សណ្ឋាគារយីហោអន្តរជាតិធំៗប្រណីតៗជាច្រើនបានហក់ចូលក្នុងទីផ្សារកម្ពុជា។ ប៉ុន្ដែ ក្រោយពេលកូវីដ-១៩បានផ្ទុះឡើងមក វាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មទាំងនេះ ហើយក្នុងនោះដែរ សណ្ឋាគារខ្លះមានការយឺតយ៉ាវក្នុងការសម្រេចគម្រោងសាងសង់របស់ខ្លួន ខណៈដែលខ្លះទៀតក៏បានសម្រេចការសាងសង់រួចហើយដែរ។
សណ្ឋាគារយីហោអន្តរជាតិធំៗ៥ ដែលបានបើកដំណើរការ និងកំពុងសាងសង់នៅកម្ពុជា (រូបភាព៖ Hyatt Regency Phnom Penh)
ដោយ

សារព័ត៌មាន ឌីជីថល ខេមូណូមីស សូមលើកយកនូវយីហោសណ្ឋាគារអន្តរជាតិធំៗចំនួន៥ ដែលបានចូលមកវិនិយោគនៅកម្ពុជាដែលខ្លះកំពុងបើកដំណើរការ និង ខ្លះទៀតនៅបន្ដសាងសង់នៅឡើយ។ 

• ទី១ សណ្ឋាគារ Rosewood Phnom Penh

សណ្ឋាគារ Rosewood Phnom Penh ជាសណ្ឋាគារបែបប្រណីតលំដាប់ផ្កាយ៥ មានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញដែលជាបេះដូង នៃ ប្រទេសកម្ពុជា។ ស្ថិតនៅលើលំហអាកាសផុតពីដី Rosewood កាន់កាប់ជាន់កំពូលបំផុតចំនួន១៤ជាន់ នៃ អគារវឌ្ឍនៈថៅវើរ ដោយរាប់ចាប់ពីជាន់ទី ២៣ ដល់ជាន់ទី៣៩។ 

បច្ចុប្បន្នសណ្ឋាគារ Rosewood Phnom Penh ជាសាខាមួយរបស់ក្រុមហ៊ុន Rosewood Hotels & Resorts ដែលមានសាខាសណ្ឋាគារចំនួន ២៨ផ្សេងទៀត នៅក្នុង១៦ ប្រទេសជុំវិញពិភពលោក។ ប៉ុន្តែសម្រាប់តំបន់អាស៊ានយើងវិញ Rosewood មានប្រតិបត្តិការតែនៅក្នុង ៤ប្រទេសប៉ុណ្ណោះ រួមមាន នៅប្រទេសថៃ ឡាវ ភូមា និង កម្ពុជា។ 

សូមបញ្ជាក់ថា Rosewood Phnom Penh ចាប់ផ្តើមបើកដំណើរការននៅកម្ពុជាដំបូងកាលពីដើមខែកុម្ភៈឆ្នាំ២០១៨ បើគិតមកដល់ពេលនេះ បានធ្វើប្រតិបត្តិការបានជាង ៣ឆ្នាំហើយ។ 

សណ្ឋាគារ Rosewood Phnom Penh (រូបភាព៖ ហ្វេសប៊ុកRosewood Phnom Penh )

• ទី២ សណ្ឋាគារ Courtyard by Marriott

សណ្ឋាគារនេះចំណាយពេល សាងសង់អស់រយៈពេល២ឆ្នាំ ហើយបានបើកសម្ពោធកាលពី ពាក់កណ្ដាលឆ្នាំ២០១៨មកម្ល៉េះ។ Courtyard by Marriott មានកម្ពស់១៨ជាន់ មានចំនួន ១៨៩បន្ទប់ និងវិនិយោគក្នុងទឹកប្រាក់ជាង ២០លានដុល្លារសហរដ្ឋអាមេរិកមួយនេះ គឺជាម៉ាកយីហោសណ្ឋាគារប្រណីតរបស់ក្រុមហ៊ុនយក្ស Marriott International Inc ដែលមានបទពិសោធន៍វិនិយោគវិស័យសណ្ឋាគារនៅស្ទើរទូទាំងពិភពលោក វាមានដើមកំណើតនៅសហរដ្ឋអាមេរិក និងជាសណ្ឋាគារអន្តរជាតិឈានមុខគេ និងធំជាងគេមួយក្នុងពិភពលោក ដែលមាន ៦,០០០ទីតាំង ក្នុង១២២ប្រទេស។

បច្ចុប្បន្ន សណ្ឋាគារលំដាប់ថ្នាក់អន្ដរជាតិមួយនេះ មាននៅកម្ពុជាចំនួនពីរសាខា គឺនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលស្ថិតនៅផ្លូវកែងរវាងវិថីត្រសក់ផ្អែម និងរុក្ខវិថីសម្ដេចប៉ាន។

សណ្ឋាគារ​ Courtyard by Marriott Phnom Penh (រូបភាព៖Courtyard by Marriott Phnom Penh)

គួរកត់សម្គាល់ថា សណ្ឋាគារ Courtyard by Marriott ជាសាខាដំបូងគេរបស់ក្រុមហ៊ុនសណ្ឋាគារ ម៉ារៀតអន្តរជាតិ។  កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន (Royal Field Development) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប បានបោះទុនប្រមាណ៨០លានដុល្លារផ្សេងទៀត សាងសង់សណ្ឋាគារអន្តរជាតិកម្រិតផ្កាយបី ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ (FairField by Marriott Phnom Penh) ប៉ុន្តែក្រោមកិច្ចសហការជាមួយសណ្ឋាគារម៉ារៀតអន្តរជាតិខាងលើដូចគ្នា។

សណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លួវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស 5 មករា ឬស្ពានអាកាសតិចណូ ស្ថិតនៅក្នុងអគារពាណិជ្ជកម្មចម្រុះអន្តរជាតិកម្ពស់៤៥ជាន់ ដែលមានទុនវិនិយោគប្រមាណ១៥០លានដុល្លារអាមេរិក របស់ក្រុមហ៊ុនហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន (Royal Field Development) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប ដដែល។ បច្ចុប្បន្នអគារពាណិជ្ជកម្ម ក៏ដូចជាសណ្ឋាគារប្រណីតនេះកំពុងស្ថិតក្នុងដំណើរការសាងសង់នៅឡើយ ដោយបានចាប់ផ្តើមសាងសង់ឡើងដំបូងកាលពីឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ២០២២ខាងមុខ។

សណ្ឋាគារ FairField by Marriott Phnom Penh នឹងមានវត្តមាន​នៅអគារ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ជីប ម៉ុង

• ទី៣ សណ្ឋាគារ Hyatt Regency Phnom Penh

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ស្ថិតនៅចំចំណុចកណ្តាលនៃមជ្ឈមណ្ឌលវប្បធម៌ និងប្រវត្តិសាស្ត្រ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ មាន ២៥០ បន្ទប់ ភោជនីយដ្ឋានប្រណិត និងអាងហែលទឹកនៅលើដំបូលអគារ ស្កាយបារ៍ ដែលមើលឃើញទេសភាពដ៏ស្រស់ស្អាតជានៃទន្លេចតុមុខ និងទេសភាពជុំវិញ នៃព្រះបរមរាជវាំង។

សណ្ឋាគារនេះ នឹងក្លាយជាសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលវាជាការវិនិយោគដោយក្រុមហ៊ុន Royal Residential Hotels and Resorts Limited ដែលដោយមានការសហការជាមួយនឹងក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ការរចនា និងការគ្រប់គ្រងសណ្ឋាគារ ត្រូវធ្វើឡើងស្របតាមស្តង់ដាអន្តរជាតិ ដែលកំណត់ដោយក្រុមហ៊ុន ហាយ៉ាត់ ហូតែល (Hyatt Hotels Corporation) ដែលជាក្រុមហ៊ុនសណ្ឋាគារមានកេរ្តិ៍ឈ្មោះល្បីល្បាញពីសហរដ្ឋអាមេរិក។

ក្រុមហ៊ុន ហាយ៉ាត់ ហូតែល (Hyatt Hotels Corporation) មានប្រតិបត្តិការសណ្ឋាគារចំនួន៦៦៣ទីតាំង ក្នុង៥៦ប្រទេស នៃទ្វីបទាំង៦លើពិភពលោក។ បច្ចុប្បន្នសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ បានដំណើរការប្រតិបត្តិការរបស់ខ្លួនហើយ ពោលគឺចាប់តាំងពីដើមឆ្នាំ ២០២១មកម្ល៉េះ។ 

សណ្ឋាគារ Hyatt Regency Phnom Penh (រូបភាព៖Hyatt Regency Phnom Penh )

• ទី៤ សណ្ឋាគារ Shangri-La

សណ្ឋាគារនេះជាសណ្ឋាគាររបស់ក្រុមហ៊ុនមេ  Shangri-La International Hotel Management Ltd មានមូលដ្ឋាននៅ ទីក្រុងហុងកុង ដែលជាក្រុមហ៊ុនសណ្ឋាគារប្រណីតមួយរបស់ពិភពលោក។ ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនវិនិយោគរួមគ្នា Oxley Gem (Cambodia) កាលពីឆ្នាំ២០១៤ ដើម្បីសាងសង់សណ្ឋាគារ Shangri-La លើកដំបូងនៅទីក្រុងភ្នំពេញ។ 

Oxley Gem (Cambodia) Co., Ltd ជាក្រុមហ៊ុនវិនិយោគរួមមួយរវាងក្រុមហ៊ុន Oxley Holding មានមូលដ្ឋាននៅជាមួយនឹងក្រុមហ៊ុន WorldBridge គ្រុប គ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក ដ៏ល្បីឈ្មោះគឺអ្នកឧកញ៉ាសៀ ឫទ្ធី។

ជាមួយនឹងទុនវិនិយោគ ៥៨០ លានដុល្លារ សណ្ឋាគារ Shangri-La Phnom Penh ដែលមានទីតាំងស្ថិតនៅក្នុងអគារ The Peak កម្ពស់ ៥៥ជាន់ ជាប់នឹងទីក្រុងកោះពេជ្រ ដែលជាអគារខ្ពស់ជាងគេនៅកម្ពុជា។ បច្ចុប្បន្នអគារ The Peak រួមទាំង សណ្ឋាគារ Shangri-La កំពុងសម្រុកការសាងសង់យ៉ាងសស្រាក់សស្រាំ។

សណ្ឋាគារ Shangri-La នៅលើអគារ​ដ៏ខ្ពស់ស្កឹមស្កៃកណ្ដាលរាជធានីភ្នំពេញ The Peak (រូបភាព៖ Oxley Gem)

• ទី៥ សណ្ឋាគារ Novotel

សណ្ឋាគារលំដាប់ផ្កាយ Novotel ជាសណ្ឋាគារស្ថិតក្រោមក្រុមហ៊ុនលំដាប់អន្តរជាតិរបស់បារាំង AccorHotels មានមូលដ្ឋាននៅប្រទេសបារាំង ហើយក្រុមហ៊ុននេះទទួលខុសត្រូវលើគម្រោងNovotel Hotel នៅកម្ពុជា ដែលបច្ចុប្បន្នកំពុងសាងសង់នៅឡើយ ក្នុងនោះមានទាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ។ 

គម្រោងនៅភ្នំពេញចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៧ ប៉ុន្តែមកដល់ពេលនេះមិនទាន់បានរួចរាល់និងបើកដំណើរជាផ្លូវការនោះទេ ដោយសណ្ឋាគារនេះ ត្រូវបានដឹងថា មានចំនួន ២៥៤បន្ទប់ រួមបញ្ចូលទាំងហាងទំនិញ និងភោជនីដ្ឋានផងដែរ។ ស្របពេលដែលគម្រោងនៅខេត្តព្រះសីហនុមានជាង ២០០បន្ទប់ ប៉ុន្តែក៏មិនទាន់បញ្ចប់ការសាងសង់ដូចគ្នា។

សូមបញ្ជាក់ថា សណ្ឋាគារ Novotel ខាងលើមានសាខាជាង ៥០០សណ្ឋាគារក្នុង ៦២ប្រទេសជុំវិញពិភពលោក ហើយសុទ្ធសឹងជាសណ្ឋាគារបែបប្រណិត៕

គម្រោង​សណ្ឋាគារ Novotel នៅភ្នំពេញ (រូបភាព៖meinhardt)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកដាំទុរេននៅត្បូងឃ្មុំថាឆ្នាំនេះទុរេនបានផលច្រើន និងមានទីផ្សារល្អ ទោះបីមានកូវីដ-១៩រាតត្បាត

ព័ត៌មាន
ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន​កំពុង​មានការដាំដុះទុរេន​ច្រើន​គួរសមដែរ ធៀបនឹងខេត្ត​ផ្សេងទៀត​នៅកម្ពុជា ដូចជានៅកំពត បាត់ដំបង ពោធិ៍សាត់ និងកំ…

ប្រទេសចិនចេញមកព្រលះក្រុមប្រទេសG7 និងប្រាប់ឲ្យឈប់និយាយបង្កាច់បង្ខូចឈ្មោះចិន!

ព័ត៌មាន
រដ្ឋាភិបាលក្រុងប៉េកាំងចេញបដិសេធសេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេសឧស្សាហកម្មរីកចម្រើន G7 និង ទទូចឲ្យក្រុមប្រទេសទាំងនេះ ឈប់និយាយបង្ខូចឈ្មោះប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ