ការដឹកជញ្ជូន​តាមផ្លូវទឹក

កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត នឹង​បើកដំណើរការ​​ពេញលេញ​នៅដើមឆ្នាំ ២០២១


កំពង់ផែទេសចរណ៍អន្តរជាតិ​ខេត្តកំពត តម្លៃជិត ១០ លានដុល្លារអាមេរិក ដែលបានប្រកាស​បើកដំណើរការសាងសង់កាលពីខែ សីហា ឆ្នាំ២០១៨នោះ ត្រូវបានអាជ្ញាធរខេត្តកំពតអះអាង នាពេល​ថ្មីៗនេះ​ថា នឹងបើកដំណើរការពេញលេញ​នៅ​ដើមឆ្នាំ២០២១ ខាងមុខ ហើយវាក៏ជាកំពង់ផែសំខាន់ទី៤ ហើយ ក្នុងខេត្តកំពត ខណៈដែលវាសាងសង់លើទំហំផ្ទៃដី ៤ហិកតា។
កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត
ដោយ

លោក​ ជាវ តាយ អភិបាល​ខេត្តកំពត បាន​អះអាង​កាលពីពេល​ថ្មីៗនេះថា តាមគម្រោង​កំពង់ផែ​ទេសចរណ៍អន្តរជាតិ ខេត្ត​កំពត អាចនឹងត្រូវ​សាងសង់រួច​នៅចុងឆ្នាំនេះ ឬដើម​ឆ្នាំក្រោយ ប៉ុន្ដែ បើអាចបើកដំណើរ​ពេញលេញ​តែម្ដង​​អាច​នឹង​ត្រូវ​រង់ចាំដល់​ដើមឆ្នាំ​២០២១ខាងមុខនេះ។ ឯកឧត្តម បាន​បញ្ជាក់ទៀតថា កំពង់ផែទេសចរណ៍​អន្តរជាតិ​មួយនេះ គឺមានសារសំខាន់ណាស់​សម្រាប់​ជំរុញដល់​កំណើន​ទេសចរណ៍​នៅក្នុងខេត្តកំពត ពិសេស​ភ្ញៀវ​មកពីប្រទេស​ថៃ និងវៀតណាម​ជាដើម។

លោកអភិបាល​ខេត្ត កំពត បាន​បញ្ជាក់ថា បច្ចុប្បន្ន ខេត្តកំពត​មានកំពង់ផែ​ចំនួន ៤ ដែល​ទី១ គឺ​កំពង់ផែ វិញ ហួរ ដែលមានជម្រៅទឹករហូតដល់ ១៤​ម៉ែត្រ​អាចសម្រាប់​ដឹកជញ្ជូន​ទំនិញ​តាមកប៉ាល់ធំៗ។ ទី២ គឺកំពង់​ផែ​របស់​ឧកញ៉ា ទ្រី ភាព​ សម្រាប់​ដឹកជញ្ជូនប្រេងចូល​។ ទី៣​ គឺកំពង់ផែរបស់​ជំទាវ កែវ ម៉ាលី សម្រាប់​ដឹកជញ្ជូន​នាំចេញស្រូវ និង​ផលិតផល​ផ្សេងៗចេញចូលប្រទេសថៃ។ និងទី៤ គឺគម្រោង​កំពង់ផែ​ទេសចរណ៍​អន្តរជាតិខេត្ត​កំពត ដែល​បើក​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែលធ្វើ​ដំណើរ​តាម​កប៉ាល់​ពិសេស​ទេសចរ​មកពីប្រទេស​វៀតណាម និងថៃ អាចចូលចត​បាន។ 

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់លើកឡើង​ថា គម្រោងសាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពតនេះ គឺជាផ្នែកមួយនៃ គម្រោង​គាំទ្រដោយ​ហិរញ្ញប្បទាន​សម្បទាន​ពីធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែលមាន​តម្លៃជាទឹកប្រាក់​ជិត ១០ លាន​ដុល្លារអាមេរិក សម្រាប់វិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ពាក់ព័ន្ធនឹង​ខេត្តតំបន់​ឆ្នេរសមុទ្រ​ក្នុងនោះ មានខេត្តកែប កោះកុង និងខេត្តកំពត។

គម្រោងដែលត្រូវបាន​គាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ីនេះ  ក្នុងគោលបំណង​ធ្វើឱ្យប្រសើរ​ឡើងនូវ​ការតភ្ជាប់​ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀង​ទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ក៏ដូចជា​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធទេសចរណ៍ សហគមន៍​ទេសចរណ៍ និងការអភិវឌ្ឍ​ធនធាន​មនុស្សផ្នែក​ទេសចរណ៍ ផងដែរ។

បើយោងតាម របាយការណ៍ពី ក្រសួងទេសចរណ៍ បានឲ្យបង្ហាញ​ឲ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ កម្ពុជា បានស្វាគមន៍​ភ្ញៀវទេសចរបរទេស​សរុប​ប្រមាណជិត ២លាននាក់ មានការកើន​ឡើង ៩% បើធៀបនឹងរយៈពេល​ដូចគ្នា ក្នុងឆ្នាំ២០១៨។

ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់​ដែរថា វិស័យទេសចរណ៍​កម្ពុជា បាននាំមក​នូវ ចំណូលក្នុង​សេដ្ឋកិច្ចជាតិ​ប្រមាណជាង ៤ពាន់លាន​ដុល្លារ​អាមេរិក កាលពីឆ្នាំ ២០១៨ ដែលរួម​ចំណែក​ក្នុងផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រមាណ ១២ភាគរយ ហើយកម្លាំង​ពលកម្ម​បម្រើឲ្យ​វិស័យនេះ មានជាង ៦២ម៉ឺននាក់។

គួរបញ្ជាក់ដែរថា តាមការព្យាករណ៍ ប្រទេសកម្ពុជា​ នឹងទទួល​បានភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៦លាន ​៦សែន​នាក់ នៅឆ្នាំ ២០២០ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ ២០៣០ ដោយរំពឹងរក​ចំណូលបាន​ប្រមាណ​ ១០ពាន់លាន​ដុល្លារអាមេរិក និងបង្កើត​ឱកាស​ការងារ​ប្រមាណ ២លាន​កន្លែង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា រំពឹងនាំចេញផ្លែស្វាយទៅចិន បន្ទាប់ពីចេកអំបូងលឿង

ព័ត៌មាន
បច្ចុប្បន្នទិន្នផលស្វាយរបស់កម្ពុជា មួយឆ្នាំៗ មានប្រមាណជិត១លានតោន ដែលចាំបាច់រកទីផ្សារនាំចេញ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់នាពេលថ្មីៗនេះថា …

តប​នឹង​ការ​បិណ្ឌ​បាត​ពី​ព្រះសង្ឃ១​អង្គ​ឲ្យ​ចូល​និវត្តន៍ សម្តេច ហ៊ុន សែន ប្តេជ្ញា​បន្ត​កាន់​អំណាច​ដល់​ឆ្នាំ​២០៣០

ព័ត៌មាន
នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បាន​​ប្តេជ្ញា​ថា នឹង​បន្ត​កាន់​អំណាច​របស់​លោក រហូត​ដល់​ឆ្នាំ​​២០៣០ នៅ​ក្នុង​សារ​ថ្មី​មួយ​ចុង​ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ