ICC សំដែងការសោកស្តាយចំពោះការគំរាមកំហែងពីសំណាក់រុស្ស៊ី

តុលាការ ICC សោកស្តាយចំពោះ «ការគំរាមកំហែង» ពីវិមានក្រឹមឡាំង ចំពោះដីការចាប់ខ្លួនលោក ពូទីន


ស្ថាប័ននីតិប្បញ្ញត្តិនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បាននិយាយកាលពីថ្ងៃពុធ ទី ២២ មីនា ថា ខ្លួនមានការសោកស្តាយណាស់ ចំពោះ«ការគំរាមកំហែង» ប្រឆាំងនឹងតុលាការលើដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
ICC សំដែងការសោកស្តាយចំពោះការគំរាមកំហែងពីសំណាក់រុស្ស៊ី! រូបភាព radio free Europe

ការសម្ដែងនូវការសោកស្ដាយ និងក្ដីបារម្ភនេះ ធ្វើឡើងនៅគ្រាដែលអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ត្រូវបានគេរាយការណ៍ថា បានបញ្ចូនសារគំរាមកំហែងធ្ងន់ៗដោយថា នឹងបាញ់កម្ទេចការិយាល័យតុលាការអន្តរជាតិមួយនេះ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ជាមួយនឹងមីស៊ីលលឿនជាងសម្លេងជាការសងសឹកចំពោះដីកាចាប់ខ្លួនលោក ពូទីន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ក៏បាននិយាយដែរថា ខ្លួននឹងបើកការស៊ើបអង្កេតបទឧក្រិដ្ឋលើរដ្ឋអាជ្ញានៃ ICC លោក Karim Khan ជាមួយនឹងចៅក្រមផ្សេងទៀតជុំវិញការសម្រេចដោយ «ដោយច្បាប់» លើការចេញដីកាចាប់ខ្លួនលោក ពូទីន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

យ៉ាងណាមិញ ប្រធានសភានៃរដ្ឋដែលជាសមាជិកនៃតុលារការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានប្រទេសជាសមាជិក១២៣ប្រទេសនោះ បានលើកឡើងចំពោះការគំរាមកំហែងពីសំណាក់រុស្ស៊ីថា៖ «សភាមានការសោកស្តាយចំពោះការប៉ុនប៉ងរបស់ទីក្រុងម៉ូស្គូ ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដែលធានានូវការទទួលខុសត្រូវចំពោះទង្វើដែលត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិ»។ តែយ៉ាងណា សភាសូមបញ្ជាក់សាជាថ្មីថា នឹងនៅតែគាំទ្រឥតងាករេចំពោះច្បាប់ និងដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធទី២២មីនាបាននិយាយថា លោកសូមជំរុញឱ្យសមាជិកទាំងអស់នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គោរពតាមដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយលោកថា វាជាការពិតណាស់ ដែលសមាជិកទាំងឡាយរត្រូវគោរព និងអនុវត្តតាមការសម្រេចរបស់តុលារការនោះ។

ទោះបីជាសហរដ្ឋអាមេរិកមិនមែនជាភាគីនៃ ICC ក៏ដោយ ប៉ុន្ដែ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃសុក្រថា លោក ពូទីន បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងច្បាស់ ដូច្នេះហើយដីការបស់ ICC មានភាពយុត្តិធម៌ត្រឹមត្រូវ។

ផ្ទុយទៅវិញ វិមានក្រឹមឡាំងបានចេញមុនច្រានចោលការចោទប្រកាន់នេះទាំងស្រុង ដោយថាការសម្រេចរបស់ ICC គឺគ្មានន័យសម្រាប់ប្រទេសរុស្ស៊ីនោះទេ សូម្បីតែជ្រុងនៃភាពស្របច្បាប់ក៏គ្មានដែរ ពោលម៉ស្គូថា ការសម្រេចចេញដីកានេះ គឺជាការខឹងសម្បារនឹងទង្វើរុស្ស៊ីសុទ្ធសាធ»៕




អត្ថបទបន្ទាប់


ហេតុអ្វីធនាគារនៅអាស៊ីអាចប្រឈមនឹងការលំបាកក្នុងការជំរុញដើមទុន តាមរយៈការចេញលក់មូលបត្របំណុល?

ស្ថាប័នហិរញ្ញវត្ថុ Citigroup ដែលជាសាជីវកម្មសេវាកម្មហិរញ្ញវត្ថុ និងការបណ្តាក់ទុននៅលើវិស័យធនាគារដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរ…

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃអះអាងថា វិបត្តិធនាគារនៅអាមេរិក និងអឺរ៉ុបមិនរង្គោះរង្គើដល់ប្រព័ន្ធហិរញ្ញវត្ថុថៃទេ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានផ្តល់ការធានាសារជាថ្មី ថា ស្ថាប័នហិរញ្ញវត្ថុនៅក្នុងប្រទេសថៃនឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ វិបត្តិធនាគារនៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ