អាល្លឺម៉ង់ - ជប៉ុន

អាល្លឺម៉ង់ និងជប៉ុនចាប់ដៃគ្នាកាន់តែជិតស្និទ្ធិផ្ដោតទៅលើសន្តិសុខ និងសេដ្ឋកិច្ច


ប្រទេសយក្សសេដ្ឋកិច្ចនៅអឺរ៉ុប គឺអាល្លឺម៉ង់ និងប្រទេសសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ី គឺជប៉ុន កាលពីចុងសប្ដាហ៍មុននេះ បានព្រមព្រៀងសហការគ្នាយ៉ាងជិតស្និទ្ធលើសន្តិសុខសេដ្ឋកិច្ច ក្នុងអំឡុងពេលការពិគ្រោះយោបល់របស់រដ្ឋាភិបាលកម្រិតខ្ពស់លើកដំបូងរបស់ពួកគេដែលធ្វើឡើងនៅចំពេលមានភាពតានតឹងជុំវិញខ្សែចង្វាក់ផ្គត់ផ្គង់សកល និងការរំខានសេដ្ឋកិច្ចដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់កាសែត Nikkei Asia។
អាល្លឺម៉ង់ និងជប៉ុនចាប់ដៃគ្នាកាន់តែជិតស្និទ្ធិផ្ដោតទៅលើសន្តិសុខ និងសេដ្ឋកិច្ច រូបភាព Nikkei Asia

អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល (Olaf Scholz) អមដំណើរដោយរដ្ឋមន្ត្រីចំនួន ៦ រូបទៀត បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនថ្មីៗនេះ កំពុងតែសម្លឹងរកមើលមធ្យោបាយមួយចំនួនក្នុងការកាត់បន្ថយការពឹងផ្អែករបស់អាល្លឺម៉ង់លើវត្ថុធាតុដើមរបស់ប្រទេសចិន។

លោក Scholz បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីជប៉ុនថា ការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនក៏ដូចជាជំងឺរាតត្បាតកូវីដ១៩បានធ្វើឱ្យពួកគេដឹងយ៉ាងឈឺចាប់ ពីការលំបាកដែលអាចកើតឡើងនៅពេលមានការពឹងផ្អែកផ្នែកសេដ្ឋកិច្ចច្រើនពេកនៅក្នុងតំបន់សំខាន់ៗមួយចំនួន។

លោក Scholz បានបន្ថែមថា អាល្លឺម៉ង់ត្រូវតែប្រតិកម្មចំពោះបញ្ហានេះ ហើយដោយរួមគ្នាជាមួយប្រទេសជប៉ុន និងដៃគូផ្សេងទៀតនោះ អាល្លឺម៉ង់កំពុងធ្វើការលើការទាញសេចក្តី សន្និដ្ឋានឱ្យបានត្រឹមត្រូវចេញពីបទពិសោធន៍ទាំងអស់នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំង២នេះបានបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខសេដ្ឋកិច្ច និងធ្វើការឆ្ពោះទៅរកការបង្កើត«ក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខទ្វេភាគីដូចជាការផ្តល់ជំនួយ និងការគាំទ្រផ្នែកភស្តុភារជាដើម។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយថា ប្រទេសអាល្លឺម៉ង់ និងជប៉ុនមានបំណងជំរុញកិច្ចសហប្រតិបត្តិការ«នៅក្នុងវិស័យយុទ្ធសាស្ត្រមួយចំនួនរួមមាន ធនធានរ៉ែ បន្ទះឈីប និងអាគុយ ហើយចែករំលែកការអនុវត្តល្អបំផុតរបស់ពួកគេ ដើម្បីទប់ទល់នឹងហានិភ័យដើម្បីកសាងខ្សែចង្វាក់ផ្គត់ផ្គង់រឹងមាំប្រកបដោយសុវត្ថិភាព និងនិរន្តរភាព»។

ចិនចង់ងាកចេញពីខ្សែចង្វាក់ផ្គត់ផ្គង់ពីចិន ក៏ដោយសារតែពាណិជ្ជកម្មរវាងប្រទេសយក្សសេដ្ឋកិច្ចទាំងពីនេះមានការដោះដូរពាណិជ្ជកម្មរវាងគ្នាកាន់តែច្រើន ដោយក្នុងនោះមហាយក្សចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់រយៈពេល៧ឆ្នាំជាប់ៗគ្នាមកនេះ ទោះជាមានការព្រមានខាងនយោបាយពីទីក្រុងប៊ែរឡាំងអំពីការពឹងផ្អែកខ្លាំងពេកទៅលើចិនក៏ដោយ។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិអាល្លឺម៉ង់បានឱ្យដឹងថា ទំហំពាណិជ្ជកម្មលើទំនិញរវាងអាល្លឺម៉ង់និងចិនមានតម្លៃប្រហែល ៣២១ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២២ គឺបានកើនឡើងប្រហែល ២១% បើធៀបនឹងឆ្នាំ២០២១។

ដោយឡែក ប្រទេសជប៉ុនវិញ គឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតទី២របស់អាល្លឺម៉ង់នៅក្នុងតំបន់អាស៊ី បន្ទាប់ពីចិន ៕




អត្ថបទបន្ទាប់


មគ្គុទ្ទេសក៍ទេសចរថៃ កំពុងប្រឈមនឹងការដណ្ដើមការងារពីមគ្គុទ្ទេសក៏ទេសចរបរទេសខុសច្បាប់

ព័ត៌មាន
តួរលេខនៃកំណើនទេសចរជនជាតិចិនមកក្នុងទីផ្សារទេសចរណ៍ប្រទេសថៃកំពុងតែស្ថិតនៅក្នុងនិន្នាការវិជ្ជមាន ប៉ុន្តែទន្ទឹមនឹងនោះ បញ្ហាក៏កំពុងតែកើតមានច្…

ធនាគារកណ្ដាលអឺរ៉ុប បានបន្តដំឡើងអត្រាការប្រាក់គោលបន្ថែម ០,៥០% ទៀត ទោះស្ថិតក្នុងភាពចលាចលហិរញ្ញវត្ថុក៏ដោយ

ព័ត៌មាន
ធនាគារកណ្តាលអឺរ៉ុបបានដំឡើងអត្រាការប្រាក់គោលបន្ថែម ០,៥០% ទៀត កាលពីសប្ដាហ៍មុននេះ ស្របតាមការគ្រោងទុករបស់ខ្លួន ដើម្បីទប់ស្កាត់អតិផរណាដោយមិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ