វិស័យអាកាសចរណ៍

វិស័យអាកាសចរណ៍កំពុងប្រឈមនឹងវិបត្តិអតិផរណាដែរ ឬយ៉ាងណា?


វិស័យអាកាស បានរងទុក្ខខ្លាំងជាងគេនៅជាង២ឆ្នាំកន្លងមកនេះ ដោយសារតែវិបត្តិកូវីដ១៩ ប៉ុន្ដែ នៅប៉ុន្មានខែចុងក្រោយនេះ វិស័យនេះ ហាក់មានការស្ទុះងើបឡើងវិញបន្ដិចហើយ បើទោះបីជា មិនទាន់រកឃើញប្រាក់ចំណេញឡើងវិញក្ដី។ យ៉ាងណាមិញ ក្រោយពីមានតម្រូវការធ្វើដំណើរងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ហាក់ធូរស្បើយ បានធ្វើឱ្យអ្នកដំណើរអន្តជាតិជួបប្រទះទៅនឹងបញ្ហាតម្លៃសំបុត្រយន្តហោះឡើងថ្លៃខ្ពស់។
វិស័យអាកាសចរណ៍កំពុងប្រឈមនឹងវិបត្តិអតិផរណាដែរ ឬយ៉ាងណា?

ប៉ុន្ដែ នៅ​គ្រា​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ អតិផរណា​កើនឡើង​ឥត​ឈប់​ឈរ​នោះ ក៏​មាន​សំណួរ​ចោទសួរ​ឡើង​ថា តើ​វិស័យ​អាកាស​ចរ​ពិតជា​កំពុង​ប្រឈម​នឹង​បញ្ហា​ថ្មី​បន្ថែម​ទៀត​ហើយ ឬ​ក៏​យ៉ាងណា? តើ​មនុស្ស​ម្នា​នៅ​ជុំវិញ​ពិភពលោក អាច​នឹង​នៅ​តែ​មាន​បំណង​ធ្វើ​ដំណើរ​ច្រើន ដែរ​ឬទេ? ហើយ​តម្លៃ​សំបុត្រ​យន្ដហោះ​វិញ នឹង​អាច​ត្រូវ​កើន​ខ្ពស់​ដែរ​ឬទេ?

សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) បាន​ប៉ាន់​ប្រមាណ​ថា ក្រុមហ៊ុន​អាកាសចរណ៍​សកល នៅ​ឆ្នាំ​២០២២ អាច​នឹង​នៅ​មានការ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ជិត​១០​ពាន់​លាន​ដុល្លារ ខណៈ​ការ​ខាតបង់​នេះ គឺ​មាន​តិច​តូច​ជា​មុន បើ​ធៀប​នឹង​ការ​ខាតបង់​ចំនួន​ជាង ៤២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២១​។ ទន្ទឹម​នឹង​នោះ សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ​រំពឹង​ថា វិស័យ​អាកាសចរណ៍​សកល​នឹង​អាច​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ​នៅ​ឆ្នាំ ២០២៣​ផង​ដែរ​។

ប៉ុន្តែ​ការ​រក​ប្រាក់​ចំណូល​នា​ពេល​បច្ចុប្បន្ន​នៅ​តែ​មាន​កម្រិត​ទាប​ជាង​ពី​ពេល​មុន​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ១៩ ដដែល ដោយសារ​តែ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​មាន​បំណុល​ខ្ពស់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ថ្មី​ៗ ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​ថ្លៃ​ប្រេងឥន្ធនៈ និង​ប្រាក់​ឈ្នួល​កើន​ខ្ពស់ ដែល​បាន​បង្ខំ​ឱ្យ​ពួក​គេ​គិត​សេវាកម្ម​ដឹក​ជញ្ជូន​ពី​អ្នក​ប្រើប្រាស់​ក្នុង​តម្លៃ​ថ្លៃ​ឈ្នួល​ខ្ពស់​។

លោក Marie Owens Thomsen ប្រធាន​សេដ្ឋវិទូ​របស់ សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ បាន​និយាយ​ថា ការ​កំណត់​តម្លៃ​ដឹក​ជញ្ជូន​នៅ​ក្នុងឆ្នាំនេះ គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​នៃ​ភាព​មិន​ច្បាស់លាស់ ប៉ុន្តែ​លោក​បាន​អះអាង​ថា វា​អាច​នឹង​ធ្លាក់​ចុះ​មក​វិញ​នៅ​ឆ្នាំ​ក្រោយ​។

ទន្ទឹម​នឹង​នោះ ថ្នាក់ដឹកនាំ​ឧស្សាហកម្ម ដែល​ប្រមូលផ្តុំ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ បាន​គូស​បញ្ចា​ក់ថា ការ​កក់​ទុក​មុន​នៃ​សំបុត្រ​យន្តហោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ហាក់​មានការ​កើនឡើង​ខ្ពស់ ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ពី​ការ​ប្រែប្រួល​នៃ​តម្លៃ​សំបុត្រ​យន្ដហោះ​នា​ពេល​ខាង​មុខ​។

លោក Izham Ismail បាន​និយាយ​ថា តម្លៃ​សំបុត្រ​យន្តហោះ​ទាមទារ​ឱ្យ​មានការ​កាត់​បន្ថយ​ទាប​ជាង​នេះ​ទៀត ដោយសារ​តម្លៃ​បាន​កើនឡើង​យ៉ាង​ខ្លាំង ខណៈ​ការ​កើនឡើង​នេះ វា​មិន​ត្រឹមតែ​មាននៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាននៅ​ទូ​ទាំង​ពិភពលោក​។

សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ ព្យាករណ៍​ថា តម្លៃ​សម្រាប់​ថ្លៃ​សំបុត្រ​យន្តហោះ​នឹង​កើនឡើង ៥,៦% នៅ​ឆ្នាំ​នេះ​នៅ​ទូ​ទាំង​ពិភពលោក​។

តួយ៉ាង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Air New Zealand លោក Greg Foran បាន​និយាយ​ថា ថ្លៃ​សំបុត្រ​យន្តហោះ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​គាត់​ឥឡូវនេះ​កំពុង​កើនឡើង​ពី ២០% ទៅ ២៥% លើស​ពី​កម្រិត​មុន​ពេល​កូ​វី​ដ​១៩ ដែល​ជា​ផ្នែក​មួយ ដើម្បី​ចំណាយ​លើ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​បាន​កើនឡើង​លើស​ពី​មុន​ទ្វេ​ដង​។

គួរ​ជម្រាប​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី លោក Izham បាន​ព្រមាន​ថា ប្រសិនបើ​តម្លៃ​នៅ​តែ​បន្ត​ឡើង​ខ្ពស់ ការ​ប្រើប្រាស់​សេវាកម្ម​របស់​អតិថិជន​នឹង​មានការ​ធ្លាក់​ចុះ ហើយ​វា​នឹង​ក្លាយទៅជា​វិបត្តិ​ដ៏​អាក្រក់​មួយ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​នា​ពេល​ខាង​មុខ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរី គ្រោងចុះហត្ថលេខាទិញសាច់មាន់ពីឥណ្ឌូនេស៊ី ក្រោយម៉ាឡេស៊ីបិទខ្ទប់ការនាំចេញសាច់មាន់

ព័ត៌មាន
អាជ្ញាធរឥណ្ឌូនេស៊ីរំពឹងនឹងឈានដល់កិច្ចព្រមព្រៀងជាមួយសិង្ហបុរី ដើម្បីចាប់ផ្តើមនាំចេញមាន់ចូលទៅក្នុងប្រទេសដីកោះមួយនេះ ក្នុងរយៈពេលប៉ុន្មានសប្ត…

អាមេរិក និងសម្ព័ន្ធមិត្តពិភាក្សារកវិធីថ្មីដាក់គំនាបលើប្រាក់ចំណូលប្រេងរុស្ស៊ី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយប្រទេសកាណាដា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ