តាមការចុះផ្សាយដោយសារព័ត៌មានធំៗ នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី១៨ ខែកក្កដា ចៅក្រមឧទ្ធរណ៍របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានច្រានចោលទាំងស្រុង ចំពោះការប៉ុនប៉ងរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការរារាំងការស៊ើបអង្កេតលើយុទ្ធនាការប្រឆាំងគ្រឿងញៀន ដ៏បង្ហូរឈាមរបស់អតីតប្រធានាធិបតីលោក រ៉ូឌ្រីហ្គូ ឌុយទែតេ។ ទោះយ៉ាងណា តំណាងរបស់លោកបាននិយាយថា លោក Duterte នឹងមិនអើពើចំពោះការសម្រេចរបស់ ICC នេះទេ។ តើវាអាចទៅរួចទេ?
បើតាមអ្នកនាំពាក្យរបស់អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ លោកហារី រុច (Harry Roque) ឱ្យដឹងថា «លោកឌុយទែតេតែងតែរក្សាជំហររបស់ខ្លួន ដោយបញ្ជាក់ថា ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យមួយ មានតែតុលាការហ្វីលីពីនប៉ុណ្ណោះ មានសិទ្ធិបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មលើទឹកដីរបស់ខ្លួនបាន។
លោក ហារី បន្ថែមថា លោក Duterte នឹងប្រឈមមុខនឹងអ្នកចោទទាំងអស់របស់លោកនាពេលណាមួយ ប៉ុន្តែក្រោមការកោះហោះពីតុលាការ និងចៅក្រមនៃប្រទេសហ្វីលីពីនប៉ុណ្ណោះ»។
គួរជម្រាបថា កាលពីខែកញ្ញាឆ្នាំ២០២១ ICCបានអនុម័តបើកឱ្យមានការស៊ើបអង្កេតជាផ្លូវការលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអាចកើតមាន និងត្រូវបានចោទប្រកាន់ក្រោមការដឹកនាំរបស់លោកឌុយទែតេ ប៉ុន្តែការស៊ើបអង្កេតនោះ បានផ្អាកទៅវិញនៅក្នុងខែវិច្ឆិកាឆ្នាំដដែល តាមសំណើរបស់ទីក្រុងម៉ានីល អះអាងថា តុលាការហ្វីលីពីននឹងស៊ើបអង្កេតជំនួសវិញ។ ទោះយ៉ាងណា នៅខែមករាឆ្នាំនេះ តុលាការ ICCថា ខ្លួនមិនពេញចិត្តដែលហ្វីលីពីនកំពុងធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្មនេះឡើយ ហើយរដ្ឋអាជ្ញា នៃតុលាការនេះចង់បើកការស៊ើបអង្កេតរបស់គេផ្ទាល់វិញម្តង។ តែរដ្ឋាភិបាលទីក្រុងម៉ានីលបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ ក្នុងការប៉ុនប៉ងរារាំងការស៊ើបអង្កេតដោយICC។
ដូចនេះហើយ នៅថ្ងៃអង្គារ ទី ១៨ កក្កដា «ភាគច្រើននៃអង្គជំនុំជម្រះបណ្តឹងសារទុក្ខបានបដិសេធការប្តឹងរារាំងរបស់រដ្ឋាភិបាលហ្វីលីពីន នឹងសម្រេចបើកផ្លូវឱ្យតុលាការICCបើកការស៊ើបអង្កេតចាប់ពីពេលនេះតទៅ»។ នេះបើយោងតាមការបញ្ជាក់ដោយប្រធានចៅក្រម ICC ។ គូសបញ្ជាក់ថា បើទោះបីជាហ្វីលីពីនក្រោមអាណត្តិលោកឌុយទែតេ បានដកខ្លួនចេញពីសមាជិកនៃ ICC តាំងពីខែមីនាឆ្នាំ២០១៩មែន ប៉ុន្តែចៅក្រមសាលាឧទ្ធរណ៍បានសម្រេចថា ព្រះរាជអាជ្ញានៅតែមានយុត្តាធិការលើរឿងក្តីឧក្រិដ្ឋកម្មនេះ ព្រោះវាបានកើតឡើងនៅពេលដែលហ្វីលីពីននៅជាសមាជិករបស់ICC នៅឡើយ។
សូមបញ្ជាក់ថា មានមនុស្សជាង ៦ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនក្រោមការគ្រប់គ្រង ដោយលោកឌុយទែតេ បន្ទាប់ពីលោកបានចូលកាន់តំណែងជាប្រធានាធិបតីភ្លាមកាលពីឆ្នាំ២០១៦។ នេះបើតាមទិន្នន័យរបស់ប៉ូលិស។ ក្នុងនោះទៀតសោធ ការសម្លាប់ក្រៅប្រព័ន្ធតុលាការជាច្រើននៃជនល្មើសគ្រឿងញៀន ដែលសង្ស័យ បានកើតឡើងភាគច្រើននៅក្នុងតំបន់ក្រីក្របំផុតនៃប្រទេស ហើយអ្នកឃ្លាំមើលឯករាជ្យជឿថា ចំនួនអ្នកស្លាប់អាចមានចំនួនច្រើនជាងនេះក៏ថាបាន៕