ស្របពេលប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីអាម៉េរិករបស់គណបក្សសាធារណរដ្ឋហាក់កំពុងកើនឡើងនៅក្នុងស្រទាប់មហាជន បន្ទាប់ពីកម្មវិធីដេញដោលជាមួយនឹងលោក ចូ បៃដិន និងការបរាជ័យនៃការប៉ងធ្វើឃាតកាលពីពេលថ្មីៗ សាព័ត៌មានធំៗដូចជា CNBC កំពុងតែស្ទាបស្ទង់អំពីផល នៃគោលនយោបាយរបស់លោកជាមួយនឹងប្រទេសចិន ដែលជាគូប្រជែងខាងនយោបាយ និងសេដ្ឋកិច្ចដ៏ធំរបស់អាម៉េរិក។
តាមការវិភាគដោយជ្រុងមួយ ដែលធ្វើឡើងដោយក្រុមហ៊ុន Goldman Sachs បានបញ្ជាក់ថា ប្រសិនបើលោក ត្រាំ ឈ្នះការបោះឆ្នោត ផែនការរបស់លោកលើការដាក់កម្រិតពន្ធ៦0% លើទំនិញចិនអាចជាហានិភ័យក្នុងការទាញទម្លាក់កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសចិន។
លោកស្រី ហូ សាន ( Hui Shan )ប្រធានក្រុមសេដ្ឋវិទូចិន នៅក្រុមហ៊ុន Goldman Sachs បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារថា បច្ចុប្បន្នការនាំចេញគឺជាចំណុចដ៏សំខាន់សម្រាប់ដង្ហើមសេដ្ឋកិច្ចរបស់មហាយក្សចិន។ សម្ពាធពន្ធ និងពាណិជ្ជកម្មពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តបានធ្វើឱ្យនំាចេញរបស់ចិនទៅកាន់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានបង្ហាញពីនិន្នាការធ្លាក់ចុះនៅមួយរយៈចុងក្រោយ ដូច្នេះវត្តមានរបស់លោក ត្រាំ នៅសេតវិមានវាអាចជារឿងពិបាកទទួលយកបានសម្រាប់ទីក្រុងប៉េកាំង។
លោក ឌី ជេ វេន ( JD Vance ) បេក្ខភាពអនុប្រធានាធិបតីរបស់លោកត្រាំ បាននិយាយនៅក្នុងបទសម្ភាសជាមួយនឹង Fox News កាលពីពេលថ្មីៗនេះថា ក្រៅពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ប្រទេសចិនគឺជាបញ្ហាប្រឈម និងបង្កការគំរាមកំហែងដ៏ធំសម្រាប់សហរដ្ឋអាម៉េរិក។
ផ្អែកតាមទស្សនៈទាំងនេះ ក្រុមហ៊ុន Goldman's Shan យល់ឃើញថា ចិនទំនងជាពិបាកនឹងគេចផុតពីសម្ពាធ ដែលរដ្ឋបាលលោក ត្រាំ នឹងដាក់ចេញណាស់ ប្រសិនបើលោកត្រឡប់មកគ្រប់គ្រងសេតវិមានសាជាថ្មី ប៉ុន្តែក៏មានអ្នកវិភាគខ្លះបានលើកឡើងថា ចិនអាចនឹងស៊ាំជាមួយនឹងទណ្ឌកម្ម ក៏ដូចជាវិធានការនានាដែលអាម៉េរិកដាក់រួចទៅហើយ។
ដោយឡែកលោក បេន ហាប័ក (Ben Harburg) អ្នកឯកទេសខាងសេដ្ឋកិច្ចនៅក្រុមហ៊ុន Corevalues Alpha បានបង្ហាញជំនឿចិត្តថា ចិនអាចនឹងទទួលឱកាសវិជ្ជមានច្រើនដោយសារតែគោលនយោបាយរបស់លោកត្រាំ។ លោកបានបង្ហាញទឡ្ហីករណ៍មួយចំនួនថា ពន្ធគយដែលលោកត្រាំបានដាក់លើចិន រដ្ឋបាលលោក ចូ បៃដិន មិនបានបន្ធូបន្ថយឡើយ ប៉ុន្តែចិននៅតែបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចមួយដ៏មានទំនុកចិត្ត៕
ដោយៈ សរ សុជាតិ