មេដឹកនាំអាម៉េរិក

សង្គ្រាមនៅអ៊ីរ៉ង់ និងការវាយប្រហារសម្តេចប៉ាប ធ្វើឱ្យពលរដ្ឋអាម៉េរិកកាន់តែច្រើនមានមន្ទិលលើសុខភាពផ្លូវចិត្តរបស់លោក ត្រាំ


តាមការស្ទង់មតិថ្មីមួយ បានបង្ហាញឱ្យឃើញនូវតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលអំពីការធ្លាក់ចុះនៃទំនុកចិត្តរបស់ប្រជាពលរដ្ឋអាម៉េរិកាំង មកលើរូបលោក ដូណាល់ ត្រាំ។ ក្នុងចំណោមមនុស្សពេញវ័យជាង៤,៥០០នាក់ ដែលបានចូលរួមឆ្លើយក្នុងការស្ទង់មតិមានត្រឹមតែ ៣៦% ប៉ុណ្ណោះ ដែលពេញចិត្តនឹងការងាររបស់លោកត្រាំ។
មេដឹកនាំអាម៉េរិក
ដោយ

ខណៈដែលភាពចម្រូងចម្រាសជុំវិញការប្រើប្រាស់វោហារសាស្ត្រវាយប្រហារលើសម្តេចប៉ាប និងការគំរាមកំហែងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ កំពុងធ្វើឱ្យមានការសង្ស័យ សូម្បីតែសមាជិកបក្សសាធារណរដ្ឋរបស់លោកផ្ទាល់ ចាប់ផ្តើមមានមន្ទិលសង្ស័យពីស្ថានភាពផ្លូវចិត្តរបស់ប្រធានាធិបតីវ័យ៧៩ឆ្នាំរូបនេះដែរ។

យោងតាមទិន្នន័យស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ ពលរដ្ឋអាម៉េរិកភាគច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះភាពឆេវឆាវ និងបញ្ហាផ្លូវចិត្តរបស់ប្រធានាធបិតី ដូណាល់ ត្រាំ។ បើទោះបីជា លោកត្រាំធ្លាប់ទទួលបានការគាំទ្ររហូតដល់ ៤៧% កាលពីដើមអាណត្តិក្នុងខែ មករាឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែការផ្ទុះកំហឹងជាបន្តបន្ទាប់នាពេលថ្មីៗនេះ បានធ្វើឱ្យរូបភាពជាមេដឹកនាំ ដែលមានចិត្តត្រជាក់របស់លោក រលាយសាបសូន្យ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ក្នុងចំណោមអ្នកចូលរួមស្ទង់មតិ មានត្រឹមតែ២៦% ប៉ុណ្ណោះ ដែលយល់ថា លោក ត្រាំជាមនុស្សចិត្តត្រជាក់ ហើយសូម្បីតែនៅក្នុងគណបក្សសាធារណរដ្ឋ ក៏មានការបែកបាក់មតិគ្នាដែរ ដោយជិតពាក់កណ្តាលនៃសមាជិកបក្សពោលគឺ៤៦% យល់ឃើញថា លោក ត្រាំ លែងមានភាពជាម្ចាស់ការលើអារម្មណ៍ខ្លួនឯងទៀតហើយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺពលរដ្ឋអាម៉េរិករហូតដល់ទៅ៥១% យល់ឃើញថា សមត្ថភាពរិះគិតពិចារណា និងការសម្រេចចិត្តរបស់លោកត្រាំ កាន់តែមានសភាពអាក្រក់ទៅៗក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។

មូលហេតុដែលនាំឱ្យមានការរិះគន់បែបនេះ គឺដោយសារតែសកម្មភាពរបស់លោក ត្រាំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាពិសេសនៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ លោក បានប្រើប្រាស់ភាសាអសុរោះ និងគំរាមកំហែងកម្ទេចហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាអរិយធម៌ដ៏ចំណាស់របស់អ៊ីរ៉ង់ ដែលជាសកម្មភាពមួយរងការរិះគន់ថា ជាការរំលោភច្បាប់អន្តរជាតិ។បន្ថែមលើនេះ លោក ត្រាំ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានឌឺដង និងហៅសម្តេចប៉ាប លីអូ ថា ជាមនុស្សទន់ជ្រាយរឿងឧក្រិដ្ឋកម្ម គ្រាន់តែសម្តេចប៉ាប បានសម្តែងការព្រួយបារម្ភ និងរិះគន់ចំពោះការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់។

លទ្ធផល នៃការស្ទង់មតិបានបង្ហាញទៀតថា សម្តេចប៉ាប ទទួលបានប្រជាប្រិយភាពរហូតដល់៦០%ខ្ពស់ជាងលោក ត្រាំ ដែលមានត្រឹម៣៦%។ គិតត្រឹមពេលនេះ សេតវិមាននៅតែរក្សាភាពស្ងៀមស្ងាត់និងមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយចំពោះលទ្ធផល នៃការស្ទង់មតិ ដែលបង្ហាញពីការធ្លាក់ចុះប្រជាប្រិយភាព និងការមន្ទិលលើសុខភាពផ្លូវចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឡើយទេ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចដ៏ធំមួយព្រមានថា សេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ បើវិបត្តិប្រេងឥន្ធនៈបន្តអូសបន្លាយ

ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចដ៏ល្បី និងចំណាស់មួយរបស់ថៃ KKP Research បានទម្លាក់ការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ នៅឆ្នា…

អតីតប្រធានាធិបតីអាម៉េរិក៤រូបស្នើឱ្យបង្រួបបង្រួមជាតិ ក្នុងកាលៈទេសៈ ដែលអាម៉េរិកកំពុងប្រេះឆានយោបាយ

មុនការឈានមកដល់ខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាប្រកាសឯករាជ្យសហរដ្ឋអាម៉េរិកនាថ្ងៃទី៤ ខែកក្កដា ខាងមុខនេះ អតីតប្រធានាធិបតី៤រូបបានបង្កឱ្យមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ