ជម្លោះព្រំដែន

ប្រសិនបើថៃមិនចូលរួមកិច្ចប្រជុំ RBC តើជម្លោះនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យកាន់តែតានតឹងឬយ៉ាងណា?


មេបញ្ជាការយោធភូមិភាគទី១របស់ថៃកាលពីពេលថ្មីៗ បានបញ្ជាក់ប្រាប់ភាគីកម្ពុជាថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចន្លោះពីថ្ងៃ១០-១២ ខែតុលា នោះឡើយ ប្រសិនបើកម្ពុជាមិនរៀបចំផែនជម្លៀសពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់។
ជម្លោះព្រំដែន
ដោយ

ពាក់ព័ន្ធបញ្ហានេះ កម្ពុជា ក៏បានប្រកាសគោលជំហរឥតងាករេរបស់ខ្លួនរួចហើយដែរថា កម្ពុជានឹងមិនជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់នេះជាដាច់ខាត ព្រោះពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាច្រើនទស្សវត្សមកហើយ ហើយក៏ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការគំរាមមិនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរបស់មេភូមិភាគ១ថៃ និងការដាក់កំហិតឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិ ជាសំណើមួយដ៏ឆ្កួតលីលាដ៍បំផុតរបស់ក្រុមអ្នកនយោបាយថៃ។ លោកបណ្ឌិតបានអះអាងថា កម្ពុជាមិនអាចជម្លៀសពលរដ្ឋខ្លួនចេញបាននោះទេ ព្រោះជាទឹកដីរបស់ខ្មែរ ដោយផ្អែកលើសន្ធិសញ្ញាបារាំងសៀម និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ។ ជាក់ស្ដែងតាមរយៈការដាក់សម្ពោធរបស់ថៃនេះ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធរដល់សតិអារម្មណ៍ និងបញ្ហាសង្គមសេដ្ឋកិច្ចចំពោះពលរដ្ឋខ្មែរ ដែលរស់នៅតំបន់នោះ បើទោះជាថៃបានប្រកាសក្ដែងៗថា ខ្លួនគោរពតាមគោលការណ៍សិទ្ធិមនុស្ស និងមនុស្សធម៌យ៉ាងណាក្ដី។

ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ការប្រកាន់គោលជំហររបស់កម្ពុជាដែលមិនជម្លៀសពលរដ្ឋចេញពីភូមិ គឺជារឿងដ៏ត្រឹមត្រូវ និងបានចាត់ទុកការគំរាមរបស់ថៃជាទង្វើឈ្លានពានដ៏គឃ្លើនមកលើកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើថៃចង់បានដីខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់នេះ ថៃខ្លួនឯងគួរតែមានភាពក្លាហានលើកយកបញ្ហានេះធ្វើជារបៀបវារៈទៅដោះស្រាយក្នុងតុលារការយុត្តិធម៌អន្តរជាតិ។

មិនខុសគ្នានោះទេលោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមកត់សម្គាល់ឃើញថា ការដាក់សំណើររបស់ថៃឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីទឹកដី ហាក់បង្ហាញពីអាកប្បកិរិយាមិនល្អគ្រប់ជំនាន់របស់ក្រុមយោធាថៃ។ ហើយប្រសិនថៃយល់ថា តំបន់នោះជារបស់ខ្លួនថៃគួរធ្វើរបៀបវារៈដាក់ចូលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ពោលគឺមិនត្រូវប្រើកម្លាំងយោធាមកដាក់សម្ពាធលើពលរដ្ឋខ្មែរស្លូតត្រង់នោះឡើយ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើភាគីថៃនៅតែបង្ហាញចេតនាបង្ករឿង ចង់ឬមិនចង់បញ្ហាវិវាទព្រំដែនរវាងប្រទេសទាំងពីរនឹងមិនអាចឈានទៅរកសភាពដើមបានឡើយ ហើយថៃហាក់បង្ហាញចេតនាចង់បង្កើតសង្គ្រាមជាមួយកម្ពុជាជាថ្មីម្ដងទៀតផងដែរ។

បើគ្មានការប្រែប្រួលទេ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ នឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំវិសាមញ្ញកម្រិត RBC នេះ គឺមានភារកិច្ចត្រឹមសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាដោយសន្តិវិធី តែគ្មានសមត្ថកិច្ចកំណត់ខ្សែបន្ទាត់ព្រំដែននោះឡើយ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដ និង ក្រុមហ៊ុនសៃសាន់ សហការដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាជីវករ លើការទិញម៉ាកយីហោ (Franchise) emart24 និង Mega MGC Coffee

ភ្នំពេញ៖ ធនាគារ ប្រ៊ីដ ដែលជាធនាគារផ្តល់ជូនសេវាហិរញ្ញវត្ថុជាច្រើនប្រភេទនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន សៃសាន់ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធ…

កម្ពុជារំពឹងប្រទេសប៊ុលហ្គារី នឹងក្លាយជាច្រកថ្មីសម្រាប់ក្នុងនាំចេញទំនិញទៅកាន់តំបន់អឺរ៉ុប

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានឱ្យដឹងថា នៅចុងខែតុលា ឆ្នាំ២០២៥ នេះ លោក Maxim Behar ប្រធានសភាពាណិជ្ជកម្មប៊ុលហ្គារី និងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ