
តើជំងឺមហារីកឈាមមានប៉ុន្មានប្រភេទដែលច្រើនកើតមាននៅលើមនុស្សនាពេលបច្ចុប្បន្ន?
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លីម ជឺអ៊ី អ្នកឯកទេសឈាម នៅមជ្ឍមណ្ឌលឯកទេសឈាម នៃមន្ទីរពេទ្យ ម៉ោន អេលីហ្សាប៊ែតណវីណា (Dr Lim Zi Yi, Hematologist, Centre for Clinical Haematology at Mount Elizabeth Novena Hospital) នៃប្រទេសសិង្ហបុរី បានឲ្យដឹងថា ឈាមមានតួនាទីសំខាន់នៅក្នុងសព៌ាង្គកាយមនុស្ស ដូចជាការបញ្ចូនអុកស៊ីហ្សែន និងការការពារកុំឲ្យមានការឆ្លងជំងឺផ្សេងៗ ហើយឈាមខ្លួនឯងក៏មានតួនាទីទប់ឈាម (កកឈាម) កុំឲ្យហូរនៅពេលមានរបួសមុតចេញឈាមជាដើម។

ប៉ុន្ដែ កាលណាឈាមមានបញ្ហា ខុសប្រក្រតី វាក៏ធ្វើឲ្យយើងមានប្រឈមនឹងជំងឺផ្សេងៗដែរ ពិសេស គឺការវិវត្តទៅរកជំងឺមហារីកឈាម។ បើតាមលោកវេជ្ជ លីម ជឺអ៊ី ជំងឺមហារីកឈាមត្រូវបានបែងចែកជា៣ប្រភេទ គឺ ទី១ ប្រភេទ Lymphoma ដែលមានករណីការកើតឡើងច្រើនជាងគេ។ ទី២ គឺ ប្រភេទ Leukaemia ជាប្រភេទជំងឺមហារីកគ្រាប់ឈាមស។ និងទី៣ គឺប្រភេទ Myeloma ដែលជាប្រភេទ មហារីកឈាម ដែលបង្កផលប៉ះពាល់ដល់តម្រង់នោម និងឆ្អឹង។

តើមានរោគសញ្ញាអ្វីខ្លះ ដែលអ្នកជំងឺឈាមតែងជួបប្រទះ?
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លីម ជឺអ៊ី មានករណីខ្លះ អ្នកជំងឺឈាមមិនមានចេញរោគសញ្ញាអ្វីទាំងអស់ ដោយសារតែប្រព័ន្ធសរីរាង្គខួរឆ្អឹងរបស់ពួកគេនៅមានសមត្ថភាព សម្រាប់ដំណើរការបង្កើតគ្រាប់ឈាម ដូច្នេះហើយ ទើបអ្នកខ្លះមិនមានឃើញរោគសញ្ញាខុសប្រក្រតី។ ក្នុងន័យនេះ ករណីខ្លះ ទោះបីជាធ្វើតេស្ដឈាមក៏គេមិនអាចរកឃើញភាពខុសប្រក្រតីនោះដែរ ឬបើរកឃើញក៏មានតិចតួចបំផុត។ ប៉ុន្ដែ នៅពេលដំណាក់កាលបន្ទាប់ ពោលគឺស្ថានភាពជំងឺកាន់តែវិវត្ត អ្នកជំងឺអាចនឹងមានចេញរោគសញ្ញាមួយចំនួន ដូចជា ស្លេកស្លាំង គ្រាប់ឈាមក្រហមធ្លាក់ចុះ នឿយហត់ និងអស់កម្លាំងជាដើម។ មួយវិញទៀត អ្នកជំងឺ អាចនឹងងាយក្នុងការឆ្លងមេរោគក្នុងឈាម ដោយសារតែគោលិកាឈាមក្រហមធ្លាក់ចុះ ហើយបើមានករណីមុតដាច់ចេញឈាម ឈាមនឹងហូរលឿន ក្រកកជាដើម។ អាការៈមួយទៀត អ្នកជំងឺអាចនឹងមានស្នាមជាំលើស្បែក ឬហូរឈាមតាមអញ្ចាញធ្មេញ ស្រកគីឡូ ក្ដៅខ្លួន និងឡើងកូនកណ្ដុរផងដែរ។
ប្រសិនបើអ្នកជំងឺមានចេញរោគសញ្ញាសង្ស័យ ដូចដែលបានរាប់រៀបខាងលើ លោកអ្នកគួរតែស្វែងរកការប្រឹក្សាជាមួយនឹងគ្រូពេទ្យឯកទេសផ្នែកឈាម ដើម្បីធ្វើរោគវិនិច្ឆយ ក៏ដូចជាធ្វើតេស្ដឈាមឲ្យបានច្បាស់លាស់បំផុត ព្រោះជំងឹមហារីកឈាមនេះ មានច្រើនប្រភេទ ដូច្នេះ ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវច្បាស់លាស់ វានឹងធ្វើឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងឆាប់ជាសះស្បើយ។

តើគេអាចព្យាបាលជំងឺមហារីកឈាមតាមវិធីណាខ្លះ?
ជាការពិតណាស់ មនុស្សម្នាក់ៗពេលដែលលឺជំងឺមហារីកឈាម ច្បាស់ជាមានភាពភ័យខ្លាច និងតក់ស្លុត ប៉ុន្ដែ គេមានវិធីសាស្ត្រព្យាបាលវាបានជាសះស្បើយយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត។
បើតាមលោកវេជ្ជបណ្ឌិត លីម ជឺអ៊ី ការព្យបាលជំងឺមហារីកឈាមអាចព្យាបាលត្រូវបានបែងចែកជា៣ដំណាក់កាល។ ទី១ គឺការព្យាបាលតាមបែប Chemotherapy ឬហៅថា ការព្យាលបាល ដោយការចាក់គីមី សម្លាប់កោសិកាអាក្រក់ចោល ហើយវាជាវិធីសាស្ត្រព្យាបាល ដែលមានជាយូរមកហើយ ប៉ុន្ដែ នៅតែមានប្រសិទ្ធភាព ប៉ុន្ដែ វាក៏មានជាផលប៉ះពាល់ (Side Effect) ចំពោះអ្នកជំងឺដែរ។ ទី២ គឺការព្យាបាលតាមបែប Targeted Therapies ជាវិធីសាស្ត្រព្យាបាល ដែលធ្វើឡើងចំគោលដៅទៅតាមប្រភេទជំងឺ ហើយវាក៏កាត់បន្ថយផលប៉ះពាល់ចំពោះអ្នកជំងឺឲ្យមាននៅកម្រិតតិចតួចបំផុត។ ទោះយ៉ាងណា វិធីព្យាបាល Targeted Therapies ពេលខ្លះក៏ត្រូវព្យាបាលទន្ទឹមគ្នា នឹងវិធីសាស្ត្រ Chemotherapy ដែរ ដោយអាស្រ័យលើស្ថានភាពអ្នកជំងឺ។ វិធីសាស្ត្រទី៣នោះ គឺការព្យាបាលតាមបែប Immunotherapy គឺជាការព្យាបាលដោយប្រើថ្នាំ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ សម្រាប់ វាយទប់ទល់នឹងមេរោគមហារីក។

ទោះយ៉ាងណា បើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត លីម ជឺអ៊ី មានករណីខ្លះ ដោយសារជំងឺមហារីកឈាមមានសភាពធ្ងន់ធ្ងរខ្លាំង ដូច្នេះ វិធីសាស្ត្រព្យាបាលទាំងបីខាងលើនេះ ក៏មិនអាចយកឈ្នះលើមេរោគមហារីកឈាមដែលកំពុងរាលដាលខ្លាំងបានដែរ។ ដូច្នេះ គេមានវិធីសាស្ត្រមួយទៀត ដែលជាវិធីសាស្ត្រព្យាបាលពេញនិយម និងមានប្រសិទ្ធភាពខ្ពស់ នោះគឺការព្យាបាលដោយការចាក់ Stem Cell ឬ Bone Marrow Transplant ដែលជាការផ្សាំបណ្ដុះកោសិកាខួរឆ្អឹងថ្មី។ ការព្យាបាលតាមវិធីសាស្ត្រនេះ គឺត្រូវបាន ធ្វើឡើងនៅទូទាំងពិភពលោកអស់រយៈពេល ៦០ឆ្នាំមកហើយ ហើយវាមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការព្យាបាលជំងឺមហារីកឈាមធ្ងន់ធ្ងរ ដ្បិតថា អ្នកជំងឺដែលស្ថិតក្នុងដំណាក់នេះ ភាគច្រើន គឺខួរឆ្អឹងរបស់គាត់លែងដំណើរការ ដូច្នេះ គេត្រូវតែផ្ស៊ាំខួរឆ្អឹងថ្មី ឲ្យដំណើរការឡើងវិញ។ ការផ្ស៊ាំខួរឆ្អឹងនេះ គឺត្រូវការរកខួរឆ្អឹងណា ដែលត្រូវគ្នានឹងខួរឆ្អឹងរបស់អ្នកជំងឺ អាចជាសាច់ញាតិ ឬអ្នកណាផ្សេងក៏បាន។ ទោះយ៉ាងណា និតីវិធីក្នុងការព្យាបាលតាមបែប Stem cell ឬ ការបណ្ដុះកោសិកាខួរឆ្អឹងនេះ គឺមានភាពស្មុគ្រស្មាញច្រើន ដែលទាមទារឲ្យអ្នកជំងឺត្រូវសម្រាកពេទ្យ និងតាមដានរយៈពេល១ខែ។

យ៉ាងណាក៏ដោយ ការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ បានជំរុញឲ្យវិស័យសុខាភិបាលកាន់តែមានភាពជឿនលឿន ពោលគឺ មានថ្នាំល្អៗសម្រាប់ការព្យាបាលជំងឺមហារីក និងបន្ថយផលប៉ះពាល់ទៅលើអ្នកជំងឺមកនៅតិចតួចបំផុត ហើយឧបករណ៍បរិក្ខាសម្រាប់ការព្យាបាលទៀតសោតក៏ទំនើបៗផងដែរ។
លោកវេជ្ជបណ្ឌិត បានលើកឡើងថា ដើម្បីប្រាកដច្បាស់អំពីស្ថានភាពជំងឺ អ្នកជំងឺគួរតែស្វែងរកការប្រឹក្សាពីវេជ្ជបណ្ឌិតឯកទេស និងធ្វើការពិនិត្យតាមដានឲ្យបានម៉ត់ចត់ មុននឹងជ្រើសរើសយកការព្យាបាលតាមវិធីសាស្ត្រណាមួយ។

លោកវេជ្ជបណ្ឌិត លីម ជឺអ៊ី បន្ថែមថា ចំពោះការព្យាបាលជំងឺមហារីកឈាមនេះ នៅប្រទេសសិង្ហបុរី គឺមានការពេញនិយមយ៉ាងខ្លាំង ជាពិសេសនៅ Centre for Clinical Haematology របស់លោកផ្ទាល់ ក្នុងមន្ទីរពេទ្យ Mount Elizabeth Novena ការព្យាបាលជំងឺមហារីកឈាម ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត រាប់តាំងពីការជួបប្រឹក្សាជាមួយអ្នកជំងឺលើកដំបូង រហូតដល់ជាសះស្បើយចេញពីមន្ទីរពេទ្យ។ លើសពីនេះ ការព្យាបាលនៅ Centre for Clinical Haematology មិនផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការព្យាបាលអ្នកជំងឺតែមួយមុខនោះទេ ប៉ុន្ដែ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា តែងតែតាមជួយផ្ដល់ការប្រឹក្សា និងមើលថែក្រុមគ្រួសាររបស់អ្នកជំងឺ ដែលមកជាមួយអ្នកជំងឺផងដែរ។
ជាអនុសាសន៍ ពីលោកវេជ្ជបណ្ឌិត លីម ជឺអ៊ី ដើម្បីសុខភាព ជៀសផុតពីជំងឺផ្សេងៗ យើងម្នាក់ៗគួរតែគិតគូរពីរបបអាហារទទួលទានប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ ដូចជាត្រូវញាំអាហារណា ដែលល្អសម្រាប់សុខភាព មិនផ្អែមពេក ប្រៃពេក ឬមានជាតិខ្លាញ់ច្រើន។ មួយវិញទៀត ត្រូវមានការហាត់ប្រាណជាប្រចាំ និងត្រូវតាមដាន ឬពិនិត្យសុខភាពឲ្យបានទៀងទាត់។
ប្រសិនបើលោកអ្នកមានបំណងចង់សាកសួរព័ត៌មានបន្ថែមអំពីជំងឺឈាម សូមទំនាក់ទំនងទៅកាន់៖
https://www.facebook.com/IHHHealthcareSingaporeKH?mibextid=ZbWKwL









