លោក ការីម អេអេ ខាន់ (Karim A.A. Khan) រដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានអះអាងថា លោកនឹងដាក់ពាក្យស្វែងរកការចេញដីការចាប់ខ្លួនមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការបណ្ដេញ និងបង្ក្រាបលើពលរដ្ឋភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
បច្ចុប្បន្នចៅក្រមចំនួន៣រូប កំពុងពិនិត្យមើលថា តើមានមូលហេតុសមរម្យ ដើម្បីឱ្យតុលាការនេះជឿថា លោក មីន អ៊ុងឡាំង ពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មមែនឬយ៉ាងណា។ មានការចោទជាសំណួរថា ប្រសិនបើតុលាការនេះបានរកឃើញកំហុសសមស្រប ហើយបានចេញដីការចាប់ខ្លួនលោក អ៊ុងឡាំង យកទៅកាន់ទោសមែននោះ តើវាមានប្រសិទ្ធភាពប៉ុនណាក្នុងការអនុវត្តតាមដីការនេះ?
កន្លងមក តុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ ក៏បានចេញដីការចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ផងដែរ ប៉ុន្តែមកដល់ពេលនេះ លោក ពូទីន នៅតែអាចរស់នៅយ៉ាងមានសេរីភាពនៅក្នុងប្រទេសរបស់លោក ដោយគ្មានប្រទេសជាសមាជិករបស់តុលាការនេះណាមួយបានអនុវត្តដីការចាប់ខ្លួនលោក ពូទីន នោះឡើយ បើទោះជាលោកធ្លាប់បានទៅទស្សនកិច្ចនៅប្រទេសម៉ុងហ្គោល ដែលជាសមាជិកតុលាការនេះកាលពីប៉ុន្មានខែមុនក៏ដោយ។
ហើយនៅប៉ុន្មានថ្ងៃថ្មីៗនេះ តុលាការអន្តរជាតិមួយនេះ ក៏ទើបចេញដីការចាប់ខ្លួនលោក បេនចាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមន្ត្រីក្រោមឱវាទរបស់លោកម្នាក់ទៀតចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅតំបន់ហ្កាហ្សាផងដែរ ប៉ុន្តែមកដល់ពេលនេះលោក នេតាន់យ៉ាហ៊ូ នៅតែមានសេរីភាពនៅឡើយ បើទោះជារដ្ឋជាសមាជិករបស់តុលាការនេះមួយចំនួននៅតំបន់អឺរ៉ុបបានប្ដេជ្ញាចិត្តថា នឹងអនុវត្តតាមដីការនេះក៏ដោយ។
វាហាក់ដូចជាលឿនពេកហើយក្នុងការវាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តដីការចាប់ខ្លួនលោក មីន អ៊ុងឡាំង ប្រសិនបើតុលាការ ICC បានចេញដីការបែបនេះមែន។ ទោះមាន ឬគ្មានប្រសិទ្ធភាពកម្រិតណាក៏ដោយ ក៏ដីការនេះអាចនឹងកាត់បន្ថយផ្លូវធ្វើដំណើររបស់មេដឹកនាំយោធារូបនេះទៅក្រៅប្រទេស ហើយក៏អាចនឹងរងផលប៉ះពាល់ផ្សេងៗទៀតផងដែរ។ តែយ៉ាងណាក្រុមភាគីប្រឆាំងរដ្ឋាភិបាល និងជនរងគ្រោះដោយសារការធ្វើទុក្ខម្នេញរបស់រដ្ឋាភិបាលយោធាបានចេញមកគាំទ្រចំពោះការសម្រេចចិត្តនេះ៕
អត្ថបទ៖ សុខ មង្គល