
ឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន បានបើកការបង្ក្រាបកាន់តែក្ដៅគគុកលើក្រុមហ៊ុនរុករ៉ែធំៗ ខណៈអាជីវកម្មខុសច្បាប់ទាំងនេះបង្កឱ្យខាតបង់សេដ្ឋកិច្ចជិត២០ពាន់លានដុល្លារអាម៉េរិក។ អាជ្ញាធរឥណ្ឌូនេស៊ី បានរឹបអូសយកដីរាប់រយហិកតាពីក្រុមហ៊ុនរុករករ៉ែនីកែល(Nickel)នានា រួមទាំងក្រុមហ៊ុន Weda Bay Nickel (WBN) ដែលមានចិន នៅពីក្រោយផងដែរ ដោយសារក្រុមហ៊ុនទាំងនោះធ្វើអាជីវកម្មរុករករ៉ែក្នុងតំបន់ដីព្រៃដោយគ្មានលិខិតអនុញ្ញាត។ ចំណាត់ការនេះ គឺជាផ្នែកមួយ នៃវិធានការបង្រ្កាបទ្រង់ទ្រាយធំ ដែលក្រុមការងារទទួលបន្ទុកការពារព្រៃឈើបានចាប់ផ្ដើមដាក់ចេញកាលពីដើមខែកញ្ញា នេះ ដើម្បីបង្ក្រាបការជីកយករ៉ែខុសច្បាប់។
ព្រះរាជអាជ្ញានៅការិយាល័យអគ្គរដ្ឋអាជ្ញាឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃទី១២ ខែកញ្ញា ថា ក្រុមការងារទទួលបន្ទុកការពារព្រៃឈើរឹបអូសដីបានប្រមាណ១៤៨ហិកតាពីក្រុមហ៊ុនរុករករ៉ែខាងលើ ហើយគេជឿថា នៅលើដីដែលត្រូវបានរឹបអូសទាំងនោះមានអណ្តូងរ៉ែនីគែដ៏ធំបំផុតមួយរបស់ពិភពលោក។
ក្រុមហ៊ុនរុករករ៉ែ Weda Bay Nickel (WBN) គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនចិន បារាំង និងក្រុមហ៊ុនឥណ្ឌូនេស៊ី។ ដី១៤៨ហិកតាដែលត្រូវបានរឹបអូសគ្រាន់តែមួយចំណែកតូចប៉ុណ្ណោះ នៃផ្ទៃដីសរុបរហូតដល់ទៅ៤៥,០០០ហិកតា ដែលកាន់កាប់ដោយក្រុមហ៊ុន Weda Bay Nickel (WBN)។
សូមបញ្ជាក់ថា អាជ្ញាធរឥណ្ឌូនេស៊ី បានរកឃើញថា ក្រុមហ៊ុនចំនួន៥១ បានធ្វើប្រតិបត្តិការលើផ្ទៃដីព្រៃរហូតដល់ទៅ៤,២លានហិកតា ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ដែលធ្វើឱ្យរដ្ឋខាតបង់សេដ្ឋកិច្ចប្រមាណ១៩ពាន់លានដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម