លី យ៉ុងផាត់ មហាសេដ្ឋី​លេចធ្លោនៅកម្ពុជា

អ្នកឧកញ៉ា លី យ៉ុងផាត់ មហាសេដ្ឋី ដ៏លេចធ្លោជាងគេ នៅកម្ពុជា ក្នុងឆ្នាំ២០១៨


ដ្បិតតែកម្ពុជា ជាប្រទេសមួយតូច ដែលធ្លាប់ស្ថិតនៅក្នុងនាមជាប្រទេសក្រីក្រតោកយ៉ាក និងបច្ចុប្បន្ន បានវិវឌ្ឍខ្លួនមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប មិនទាន់មានការអភិវឌ្ឍខ្លាំងក្លាដូចបណ្ដាប្រទេសជឿនលឿនផ្សេងទៀតក៏ដោយ ប៉ុន្ដែ បើនិយាយពីចំនួនឧកញ៉ា និងសេដ្ឋីដែលមានទ្រព្យមហាសាល ក៏មានច្រើនគួរសមដែរ។ តាមការកត់សម្គាល់ផ្ទាល់ខ្លួន ពីសារព័ត៌មាន ខេមបូណូមីស យើងសូម ជ្រើសយកកំពូលមហាសេដ្ឋីមួយរូបរបស់កម្ពុជា ដែលមានសកម្មភាពជំនួញលេចធ្លោជាងគេ ក្នុងឆ្នាំ២០១៨នេះ។ នោះ គឺឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group។
អ្នកឧកញ៉ា លី យ៉ុងផាត់ មហាសេដ្ឋី ដ៏លេចធ្លោជាងគេ នៅកម្ពុជា ក្នុងឆ្នាំ២០១៨

អ្នកឧកញ៉ា លី​ យ៉ុងផាត់ ត្រូវ​បាន​មហាជន​​ស្គាល់​យ៉ាង​ច្បាស់​ថា ជាមហា​សេដ្ឋី​​លំដាប់​កំពូល​​មួយ​នៅកម្ពុជា ដែល​មាន​ក្ដោប​ក្ដាប់​ជំនួញ​ធំៗ ពហុវិស័យ ដូចជា រមណីយដ្ឋាន កាស៊ីណូ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ផ្សារលក់​ទំនិញ​បោះដុំ សួនសត្វ ទីក្រុងរណប តំបន់​សេដ្ឋកិច្ច​ពិសេស ការ​នាំចេញ​បារី ស្ថាននីយ​ទូរទស្សន៍​ភីអិនអិន ចម្ការអំពៅ និងការ​ផ្គត់ផ្គង់​ថាមពល​ទឹកភ្លើង​នៅខេត្ត​កោះកុង​ជាដើម។ 

២ឆ្នាំចុងក្រោយនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ វិនិយោគ​លើជំនួញអ្វីខ្លះ?

នៅរយៈ​ពេល ២ឆ្នាំចុង​ក្រោយនេះ មហាសេដ្ឋី ដែលមាន​ដើម​កំណើត​​ពីខេត្ត​កោះកុង​រូបនេះ បាននិង​កំពុងពង្រីក​ការវិនិយោគ​​អាជីវកម្ម​ធំៗ​ជាច្រើន​គួរឲ្យ​ចាប់​អារម្មណ៍ ក្នុងនោះ រួម​មាន​ដូចជា៖

១, កាលពី ចុងឆ្នាំ២០១៧​កន្លងទៅ អ្នកឧកញ៉ា លី យ៉ុងផាត់​ បាន​ចាប់ដៃគូ​ជាមួយ​​នឹង​​វិនិយោគិន​​ថៃ ដោយបាន​បោះ​ទុន​វិនិយោគ​រាប់លាន​ដុល្លារ បើក​ដំណើរការ​ផ្សារលក់​ទំនិញ​បោះដុំ យីហោ​ពីប្រទេស​ថៃ គឺផ្សារ ម៉ាក្រូ ។ បច្ចុប្បន្ន ផ្សារ​លក់ទំនិញ​បោះដុំ​មួយនេះ កំពុង​​ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន។

២, កាលពី​​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ បានបោះ​ទុន​​ជាង ១០លានដុល្លារ សាង​សង់​​សួនសត្វ​ភ្នំពេញ​សាហ្វារី ដែលជា​សួនសត្វ​ដ៏ធំ​ជាងគេ​​បំផុត​នៅ​កម្ពុជា។ បច្ចុប្បន្ន សួនសត្វ ដែល​មាន​​ផ្ទៃដី ជាង៦០ ហិកតា​នេះ បាននិង​កំពុង​បើកដំណើរ​ការ​​ទទួល​ភ្ញៀវ​ចូល​ទស្សនា​​ជារៀង​រាល់ថ្ងៃ។ 

៣, កាល​ពីដើម​ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន អិលវ៉ាយភី របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ បានបើក​ដាក់ឲ្យ​ដំណើរ​ការនូវ មជ្ឈមណ្ឌល​​អាពាហ៍​ពិពាហ៍ សន្និបាត និង​​ពិព័រណ៍​​ដ៏​ធំ​​ប្រណីត​​មួយ​ ដែល​​មាន​​ឈ្មោះ​ថា ឌឹ ព្រីមៀរ សែនសុខ សេនធ័រ ដោយ​មជ្ឈមណ្ឌល​នេះ បាន​​បោះទុន​​វិនិយោគ​​សាងសង់​​អស់​​ទឹក​​ប្រាក់​​ជាង ១០​លាន​​ដុល្លារ​​អាមេរិក។

៤, កាលពីជាង​ពាក់​កណ្ដាល​ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ អ្នក​ឧកញ៉ា លី យ៉ុងផាត់ បាន​បើក​ដាក់ឲ្យ​ដំណើរការ​សាកល្បង​នូវ​ផ្សារ​ទំនើប​​លក់​គ្រឿង​សំណង់ និងសម្ភារ​លំនៅដ្ឋាន Global House ដ៏ធំជាងគេ​នៅ​កម្ពុជា។ ផ្សារទំនើបនេះ ត្រូវបាន​សហការ​វិនិយោគ​រួមគ្នា ជាមួយ​នឹង​វិនិយោគិន​ថៃ ដោយ​ចំណាយ​ទុន​ជាង ១០លាន​ដុល្លារ​អាមេរិក លើផ្ទៃដី​ជិត ១០ហិកតា។ ផ្សារលក់ Global House នេះ នឹង​បើក​ដំណើរ​ការ​ផ្លូវការ​​នៅ​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨។

៥, កាលពី​ជាង​ពាក់​កណ្ដាល​​ខែ​វិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុន​អិលវ៉ាយភី គ្រុប បាន​បើក​ដំណើរការ​នូវសួន​​កម្សាន្ដ ដាយណូស័រ Jurassic Kingdom ដ៏ថ្មី​សន្លាង​មួយនៅ​ជាប់នឹង ផ្សារទំនើប Global House ដោយ​សួន​កម្សាន្ដនេះ មានការ​វិនិយោគ​ជាមួយនឹង​​ក្រុមហ៊ុន​មកពី​ប្រទេសថៃ។ 

គម្រោង​​ដែល​អ្នកឧកញ៉ា លី យ៉ុងផាត់ កំពុង​សាងសង់

ក្រៅពីគម្រោង​​ដែលបាន​សាងសង់​​រួចរាល់​ខាងលើនេះ បច្ចុប្បន្ន ក្រុមហ៊ុន​​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ក៏បាន​និង​កំពុង​​អភិវឌ្ឍ​សាងសង់​​គម្រោង​ធំៗ ជាច្រើន​ផ្សេង​ទៀត ដូចជា គម្រោង​បុរីលំនៅដ្ឋាន​ដ៏ប្រណីត​ The Premier Land សែនសុខ ដោយ​គម្រោងនេះ មានសាងសង់ជា ៣ដំណាក់​កាល ដោយដំណាក់​កាល​នីមួយៗ​ត្រូវចំណាយ​ដើមទុន​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក។ នេះបើ​តាម​ការអះអាង​ពី នាយកគ្រប់គ្រង​គម្រោង​នេះ។

បន្ថែមពីនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បាននិង​ក៏កំពុង​សាងសង់​សួន​ទឹក​​កម្សាន្ត​​ដ៏​ទំនើប ​និង​ធំ​​ជាង​គេ​បង្អស់​​នៅ​​កម្ពុជា ហើយ​​ក៏​ធំ​ជាង​​គេ​​បង្អស់​នៅ​ក្នុង​​តំបន់​អាស៊ី ដែល​វិនិយោគ​​ក្នុង​​ទឹកប្រាក់​​ជាង ៣០​លាន​ដុល្លារ​អាមេរិក នឹង​បើក​​ដំណើរ​ការ​​​សាងសង់​​នៅ​ពេល​​ឆាប់ៗ​​ខាង​​មុខ​នេះ​​។

ពិសេស​ជាងនេះ ទៀតនោះ ក្រុមហ៊ុន LYP Group ក៏បាន​និងកំពុង​​សាង​សង់​​គម្រោង​​ទីក្រុងមិត្តភាព​​កម្ពុជា​​-ចិន ក្នុងទឹក​ដីអភិវឌ្ឍន៍​ក្រុងរណប ហ្គាឌិន ស៊ីតធី ​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ផងដែរ។ គម្រោងនេះ ត្រូវបាន​ដឹងថា គ្រោងចំណាយ​ទុន​​ជាង​ ១.៥០០ លាន​ដុល្លារ​អាមេរិក ដែល​វិនិយោគ​រួមគ្នា រវាង​​ក្រុមហ៊ុន​ LYP Group ជាមួយ​នឹង​ក្រុមហ៊ុន​​ចិន។

បើតាមការ​គូស​បញ្ជាក់ពី អ្នកឧកញ៉ា លី យ៉ុងផាត់ នៅពេល​ឆាប់ៗ​ខាង​មុខនេះ នៅក្នុង​តំបន់​​ទីក្រុង​រណប​ហ្គាឌិន ស៊ីតធី អ្នក​ឧកញ៉ា​លីយ៉ុង​ផាត់នេះ លោកក៏​បាន​និងកំពុង​​ពិចារណា​​បង្កើត​​សាកលវិទ្យា​ល័យ​ល្បីឈ្មោះ​ចំនួន ២ ផងដែរ។ 

សម្រាប់​អត្ថបទ​បន្ដ​បន្ទាប់​ទៀតនេះ ខេមបូណូមីស នឹង​លើកយក​ពីគំនិត​​ដឹកនាំ និង​​ទស្សន​ជំនួញ​របស់​ អ្នក​ឧកញ៉ា លី យ៉ុងផាត់ មកចែក​ជូន​​លោកអ្នក ដើម្បីស្វែង​យល់​ជា​បន្ដ។ ដូច្នេះ សូមបន្ត​តាម​ដាន​​គេហទំព័រ​របស់​យើង​ ដើម្បី​​ទទួល​បាន​​អត្ថបទ​​ល្អៗ​ជាច្រើន​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាប់​ចោទ​​​បទ​"រំលោភ​អំណាច" ប្រធានធនាគារ​មួយ​ជាប់​ពន្ធនាគារ ១៣ឆ្នាំ នៅវៀតណាម

ព័ត៌មាន
នៅប្រទេស​វៀតណាម ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​មួយ​ ឈ្មោះធនាគារ លំនៅដ្ឋាន មេគង្គ (Mekong Housing Bank) ត្រូវ​បាន​តុលាការ​កាត់​ទោ…

កម្ពុជានាំចេញកៅស៊ូកើនឡើង ជាង ២០% ខណៈតម្លៃជ័រកៅស៊ូរអិលធ្លាក់ចុះជាង ១៨%

ព័ត៌មាន
ក្នុងរយៈពេល ១០ខែ ឆ្នាំនេះ កម្ពុជា បាននាំចេញជ័រកៅស៊ូប្រមាណ ជាង ១៦ ម៉ឺនតោន ដែលស្មើនឹងកំណើនប្រមាណ ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ