ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន

ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនកើនឡើងក្នុងល្បឿនលឿនជាងមុន ចំពេលពាណិជ្ជកម្មជាមួយអាស៊ីកណ្ដាលកើនខ្លាំង


ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសចិនបានកើនឡើងកាន់តែលឿនជាងមុន ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទោះបីជាមានភាពមិនច្បាស់លាស់អំពីតម្រូវការពីខាងក្រៅ ហានិភ័យពាណិជ្ជកម្ម និងបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ។ កំណើននេះបានកើតឡើងស្របពេលដែលប្រទេសចិនកំពុងជំរុញពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ីកណ្ដាល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួ។
ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនកើនឡើងក្នុងល្បឿនលឿនជាងមុន ចំពេលពាណិជ្ជកម្មជាមួយអាស៊ីកណ្ដាលកើនខ្លាំង

រដ្ឋបាលគយទូទៅ (GAC) បាននិយាយកាលពីថ្ងៃអង្គារថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៣ នេះ ការនាំចេញ និងនាំចូលសរុបរបស់ប្រទេសចិនបានកើនឡើងជិត ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡើងដល់ទំហំទឹកប្រាក់ប្រហែលជិត ២ ទ្រីលានដុល្លារអាមេរិក។ ស្ថាប័នដដែលបានបន្តថា កំណើនបានកើនឡើង ១ ពិន្ទុភាគរយ លើសល្បឿនកំណើនដែលត្រូវបានកត់ត្រានៅក្នុងត្រីមាសទីមួយឆ្នាំនេះ។

រដ្ឋបាលគយទូទៅបានបន្ថែមថា ការនាំចេញ បានកើនឡើង ១០,៦% បើធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលបានកើនឡើងតែ ០,០២% ប៉ុណ្ណោះ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ។

ទិន្នន័យខាងលើបានបង្ហាញលម្អិតថា ចាប់ពីខែមករាដល់ខែមេសា អត្រាកំណើនពាណិជ្ជកម្មរបស់ចិនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានចំនួនជិត ១៤% និងជាមួយសហភាពអឺរ៉ុបមានចំនួនជាង ៤%។

ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់និងផ្លូវ»របស់ចិន បានកើនឡើង ១៦% បើធៀបនឹងឆ្នាំមុន ពោលគឺឡើងដល់ទំហំជាង ៦៦៥ ពាន់លានដុល្លារនៅក្នុងរយៈពេលដដែលនេះ។

ជាពិសេស ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសអាស៊ីកណ្តាលចំនួន ៥ គឺកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន ដែលជាទីផ្សារថ្មី បានកើនឡើង ៣៧,៤%។ កំណើននេះជួយប៉ះប៉ូវការបាត់បង់មួយចំណែកដែលបណ្ដាលមកពីតម្រូវការខ្សោយនៅក្នុងទីផ្សារប្រពៃណី។

សហគ្រាសឯកជនបានឃើញអត្រាកំណើនយ៉ាងឆាប់រហ័ស នៅពេលដែលការនាំចូលនិងការនាំចេញបានកើនឡើងជិត ១៦% ដោយឡើងដល់ទំហំជាង ១ ទ្រីលានដុល្លារក្នុងរយៈពេល ៤ ខែដំបូង ពោលគឺស្មើនឹងជាងពាក់កណ្តាលនៃចំនួនសរុបរបស់ប្រទេសចិន។

ពាក់ព័ន្ធនឹងប្រភេទទំនិញវិញ ការនាំចេញផលិតផលគ្រឿងម៉ាស៊ីននិងគ្រឿងអគ្គិសនីបានកើនឡើង ១០,៥% ឬស្មើនឹងជិត ៥៨% នៃការនាំចេញសរុប ហើយការនាំចេញរថយន្តបានកើនឡើងជាង ១២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


ប្រទេសជប៉ុនកំពុងធ្វើការដើម្បីបើកការិយាល័យទំនាក់ទំនងណាតូនៅក្នុងទីក្រុងតូក្យូ

ព័ត៌មាន
ឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក លោក កូជី តូមីតា បាននិយាយកាលពីថ្ងៃអង្គារទី៩ឧសភាថា ប្រទេសជប៉ុនកំពុងធ្វើការដើម្បីឆ្ពោះទៅបើកការិយាល័…

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នៅឥណ្ឌូនេស៊ីចាប់ផ្ដើមហើយ ខណៈវិបត្តិមីយ៉ានម៉ា និងការប្រជែងគ្នារវាងអាមេរិក-ចិន ជាកិច្ចពិភាក្សាចម្បង

ព័ត៌មាន
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រយៈពេល២ថ្ងៃ ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះបានចាប់ផ្ដើមហើយកាលពីព្រឹកថ្ងៃទី ១០ ខែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ