លោកស្រី ជីតា ហ្គោ ភីណាត ប្រធានសេដ្ឋកិច្ចវិទូនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានពន្យល់បង្ហាញថា បើធៀបនឹងការព្យាករកាលពីខែមេសា ការព្យាករថ្មី បានរកឃើញថា សេដ្ឋកិច្ចសកល នឹងធ្លាក់ចុះកាន់តែខ្លាំង ក្នុងឆ្នាំ ២០២០ ហើយការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងឆ្នាំ ២០២១ខាងមុខ គឺកាន់តែយឺតជាងមុនទៅទៀត។
លោកស្រី ជីតា បញ្ជាក់ថា តួលេខធ្លាក់ចុះនេះ គឺបង្ហាញពីការខាតបង់របស់សេដ្ឋកិច្ចសកល ពោលគឺ ខាតជាង ១២ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល ២ឆ្នាំនេះ ដោយសារតែវិបត្តិមេរោគកូវីដ-១៩។
សេដ្ឋកិច្ចរបស់បណ្តាប្រទេសទូទាំងសកលលោក បង្ហាញពីលទ្ធផលអវិជ្ជមានរួចទៅហើយ ក្នុងឆមាសទី ១ ដើមឆ្នាំ ២០២០នេះ ហើយសម្រាប់ឆមាសទី ២នេះ វានឹងកាន់តែដុនដាប ដោយសារតែ ការកំណត់យកវិធានការគម្លាតសង្គម និងផលប៉ះពាល់ទៅដល់ ខ្សែចង្វាក់ផ្គត់ផ្គង់ទូទាំងសកល។
លើសពីនេះ សេដ្ឋកិច្ចរបស់ បណ្តាប្រទេសជឿនលឿន អាចនឹងធ្លាក់ចុះ ៨% នៅក្នុងឆ្នាំ ២០២០នេះ ក្នុងនោះ សេដ្ឋកិច្ចអាមេរិករំពឹងនឹងធ្លាក់ចុះ ៨% ហើយសេដ្ឋកិច្ចតំបន់ប៉ែកអឺរ៉ុប នឹងធ្លាក់ចុះ ១០% ខណៈសេដ្ឋកិច្ចប្រទេសជប៉ុន អាចនឹងថមថយប្រមាណ ៥,៨%។
ដោយឡែកសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបានព្យាករដែរថា អាចនឹងធ្លាក់ចុះ ៣% នៅក្នុងឆ្នាំ២០២០នេះ រួមមានសេដ្ឋកិច្ចប្រទេសឥណ្ឌា អាចថយចុះ ៤,៥% ខណៈដែលប្រទេសចិន មានភាពជឿជាក់ក្នុងការរក្សាកំណើន ១% សម្រាប់ឆ្នាំនេះ។
ទោះយ៉ាងណា សម្រាប់ឆ្នាំ២០២១ សេដ្ឋកិច្ចសកលរំពឹងថា នឹងកំណើនមកវិញប្រមាណ ៥,៤%។
ប្រធានសេដ្ឋកិច្ចវិទូនៃអង្គការ IMF បានព្រមានដែរថា វិបត្តិមេរោគនេះ នឹងបង្កជាបញ្ហាប្រឈមរយៈពេលមធ្យម ដែលរុញច្រានឲ្យបំណុលសាធារណៈ ក្នុងឆ្នាំនេះ កើនដល់កម្រិតមួយខ្ពស់បំផុត ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។
យ៉ាងណាក៏ដោយ ការព្យាករថ្មីនេះ នៅមានភាពស្រពិចស្រពិលច្រើនណាស់ អាចនឹងធ្លាក់ចុះ ឬកើនឡើង អាស្រ័យទៅនឹងស្ថានភាពជាក់ស្តែង បើសិនជាសេដ្ឋកិច្ចសកលមានកំណើន លុះត្រាតែមាន វ៉ាក់សាំង និងគោលនយោបាយថ្មីបន្ថែមទៀត ដើម្បីជួយគាំទ្រដល់ សកម្មភាពសេដ្ឋកិច្ច ឲ្យបន្តបើកដំណើរការឡើងវិញបានឆាប់រហ័ស។
បើសិនជា ស្ថានការណ៍នាពេលខាងមុខ កាន់តែអាក្រក់នោះ ដូចជា មានករណីឆ្លងបន្ថែមទៀតនោះ វានឹងកាត់បន្ថយការធ្វើដំណើរ និងការចំណាយរបស់ប្រជាពលរដ្ឋ រឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុឲ្យកាន់តែចង្អៀតជាងមុនទៅទៀត បង្កជាបញ្ហាបំណុលវ័ណ្ឌ ក ហើយភាពតានតឹងផ្នែកជំនួញពាណិជ្ជកម្ម នឹងកាន់តែអាក្រក់ ដែលអាចធ្វើឲ្យជំនួញពាណិជ្ជកម្មទូទាំងសកលលោក ធ្លាក់ចុះ ១២%៕