
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានគូសបញ្ជាក់ថា ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម៤% នៅក្នុងឆ្នាំ២០២៥ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នេះ គឺដោយសារភាពមិនប្រាកដប្រជានៃការស្វែងរកទីផ្សារថ្មីក្នុងការនាំចេញទំនិញរបស់កម្ពុជា ជំនួសឱ្យការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្រោយឥទ្ធិពលនៃការដំឡើងពន្ធយ៉ាងខ្ពស់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ លើទំនិញនាំចូលពីកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ស្របពេលដែលការចរចាលើបញ្ហាពន្ធបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅមិនទាន់មានផ្លែផ្កានៅឡើយ។
សម្រាប់អ្នកជំនាញរូបនេះ បញ្ហាភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន ក៏ជាកត្តារួមផ្សំមួយដែលជំរុញឱ្យ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះផងដែរ។ បើតាមលោក យង់ គិមអេង ប្រសិនបើកម្ពុជា មិនអាចទទួលបានលទ្ធផលល្អប្រសើរលើការចរចាបន្ធូរបន្ថយពន្ធជាមួយសហរដ្ឋអាម៉េរិក ហើយមិនអាចស្វែងរកទីផ្សារថ្មីជំនួសការនាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិក ទេនោះ លោកជឿជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា ទំនងជាអាចធ្លាក់ចុះក្រោមអត្រា៤% នៅឆ្នាំនេះ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្របតាមការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា របស់ IMF ក្នុងអត្រា៤% នៅឆ្នាំ២០២៥ តែកំណើននេះ អាចកើតឡើងក្នុងករណីសហរដ្ឋអាម៉េរិក មិនមានការបន្ធូរបន្ថយពន្ធមកលើការនាំចូលទំនិញពីប្រទេសកម្ពុជា នោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនល្អប្រសើរនៅក្នុងស្ថានភាពដែលមិនប្រាកដប្រជានៃសម្ពាធពន្ធរបស់សហរដ្ឋអាម៉េរិកនេះ កម្ពុជាត្រូវពង្រឹងខ្លួន និងបទបែនឱ្យស្របទៅតាមសហរដ្ឋអាម៉េរិក ពង្រឹងការចរចាជាមួយសហរដ្ឋអាម៉េរិក ក្នុងនាមជាប្រទេសក្នុងតំបន់អាស៊ាន និងជាពិសេសការធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជា ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀតជាដើម។
គួរជម្រាបថា ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២៥ មកត្រឹមអត្រា៤% ទាបជាងតួលេខដែលស្ថាប័ននេះ បានព្យាករកាលពីខែមករា កន្លងទៅ ដែលរំពឹងសម្រេចបានក្នុងអត្រា៥,៨%។ ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជារបស់ IMF នេះ គឺដោយសារបញ្ហាប្រឈមជាសកលពីឥទ្ធិពលនៃការដាក់ពន្ធបដិការរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ។ ដោយឡែកចំពោះអតិផរណានៅកម្ពុជា ត្រូវបាន IMF ព្យាករថា នឹងធ្លាក់មកនៅក្នុងរង្វង់១% ក្នុងឆ្នាំ២០២៥នេះ ដែលធ្លាក់ចុះពីការព្យាករពីមុនចំនួន២%៕