ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញថា ប្រទេសចិននឹងរួមចំណែកច្រើនជាង ១ភាគ៥ នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ក្នុងរយៈពេល៥ឆ្នាំខាងមុខ ពោលគឺចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា នឹងកើនឡើងជាង ២៨ទ្រីលានដុល្លារបន្ថែមទៀត ពោលគឺ នឹងកើនដល់ប្រមាណ ១២២ទ្រីលានដុល្លារ អំឡុងពេល ៥ឆ្នាំខាងមុខនេះ។
គួរបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកបានធ្លាក់ចុះអស់ជាង ២,៨ទ្រីលានដុល្លាររួចម្តងហើយកាលពីឆ្នាំមុន ដោយសារតែការរាតត្បាតកូវីដ-១៩ ។ ការធ្លាក់ចុះច្រើនដូចនេះមិនធ្លាប់កើតឡើងនោះទេ រាប់ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចសកលតាំងពីទសវត្សរ៍ឆ្នាំ១៩៣០មក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករថាអាមេរិកនឹងក្លាយជាអ្នករួមចំណែកជួយរុញច្រានកំណើនសេដ្ឋកិច្ចសកលលំដាប់ទី២ប៉ុណ្ណោះ តាមពីក្រោយប្រទេសចិន ខណៈដែលឥណ្ឌាឯណោះ ស្ថិតនៅលេខរៀង៣ ហើយ ជប៉ុន និង អាល្លឺម៉ង់ស្ថិតនៅលេខរៀងទី ៤ និងលេខរៀងទី៥ ដែលជាប្រទេសមានសេដ្ឋកិច្ចខ្លាំងក្នុងការជួយរុញកំណើនសេដ្ឋកិច្ចពិភពលោក។
យ៉ាងណាមិញ នៅក្នុងរបាយការណ៍ដដែលរបស់ IMF បានបង្កើនព្យាករថា សេដ្ឋកិច្ចរបស់អាមេរិកនឹងកើនឡើង ៦,៤% ក្នុងឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងការព្យាករកាលពីខែមករា ថាមាន ៥,១%ប៉ុណ្ណោះ។
សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ពិភពលោកក្នុងឆ្នាំ២០២១ នឹងមាន ៦% ដែលកំណើននេះ ត្រូវបានជួយរុញច្រានយ៉ាងសំខាន់ពីកំណើនសេដ្ឋកិច្ចនៃប្រទេសនានា ពិសេសមហាអំណាចសេដ្ឋកិច្ចធំៗដូចជាអាមេរិក និង ចិនជាដើម។ ប៉ុន្តែ IMF បានទាញសញ្ញាអាក្រក់សម្រាប់ប្រទេសតូចៗថា អាចនឹងធ្លាក់ចូលក្នុងវិបត្តិដោយសារពុំមានថវិកាគ្រប់គ្រាន់ក្នុងការទំនុកបម្រុងសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕