លោកស្រី គ្រីស្តាលីណា ចចជីវ៉ា បានលើកឡើងថា ការស្ទាបស្ទង់ដោយអ្នកសេដ្ឋកិច្ចវិទូបានបង្ហាញថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងមានសិ្ថរភាពនៅឆ្នាំ២០២៥នេះ ស្របពេលអត្រាអតិផរណា ក៏នឹងស្ថិតក្នុងរង្វង់នៃការគ្រប់គ្រងបាន។ លោកស្រី បានលើកឡើងថា សេដ្ឋកិច្ចអាម៉េរិក កំពុងដំណើរការល្អប្រសើរជាងការរំពឹងទុក ទោះបីជាមានភាពមិនច្បាស់លាស់ខ្ពស់ជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដែលកំពុងបន្ថែមការប្រឈមមុខនឹងសេដ្ឋកិច្ចពិភពលោក និងជំរុញអត្រាការប្រាក់រយៈពេលវែងឲ្យខ្ពស់ជាងមុនក៏ដោយចុះ។
អ្នកជំនាញហិរញ្ញវត្ថុរូបនេះជឿជាក់ថា អត្រាអតិផរណារបស់សហរដ្ឋអាម៉េរិក នឹងរំកិលទៅរកគោលដៅដែលធនាគារកណ្តាលអាម៉េរិក ចង់បាន ហើយទិន្នន័យដែលបង្ហាញពីទីផ្សារការងារ ក៏មានស្ថានភាពវិជ្ជមានផងដែរ។ យ៉ាងណាក៏ដោយ លោកស្រី ជំរុញឲ្យក្រុមអ្នកតាមដានស្ថានការណ៍សេដ្ឋកិច្ចពិភពលោកបន្តតាមដានរបាយការណ៍ថ្មីរបស់ IMF ដែលនឹងចេញនៅមុនថ្ងៃ លោក ដូណាល់ ត្រាំ សម្ពោធតំណែងនៅសេតវិមានជាលើទី២។
តាមរយៈទឡ្ហីករណ៍ខាងលើបានជំរុញឱ្យ លោកស្រី ព្យាករថា សហរដ្ឋអាម៉េរិកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរបន្តិចនៅឆ្នាំនេះ តែនៅតំបន់អាស៊ីហាក់ស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារវាត្រូវផ្សារភ្ជាប់នឹងប្រទេសចិន ក៏ដូចជាឥណ្ឌា ខណៈតំបន់នៅអឺរ៉ុបប្រទេសខ្លះនៅទ្រឹង ហើយប្រទេសខ្លះមានកំណើនតិចតួច។
លោកស្រី បានអះអាងថា IMF មើលឃើញថាប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក កំពុងរងសម្ពាធអប្បផរណា ឬតម្លៃទំនិញ និងសេវាកម្មធ្លាក់ចុះខ្លាំង និងបញ្ហាប្រឈមជាបន្តបន្ទាប់ពាក់ព័ន្ធនឹងតម្រូវការក្នុងស្រុក។ ស្ថិតក្នុងស្ថានភាពនេះ លោកស្រី ជំរុញឲ្យ ប្រទេសភាគច្រើនព្យាយាមកាត់បន្ថយការចំណាយសារពើពន្ធ និងជំរុញកំណែទម្រង់ ដើម្បីជំរុញកំណើនតាមមធ្យោបាយយូរអង្វែង និងមាននិរន្តរភាព៕
ដោយៈ សរ សុជាតិ