
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានពង្រីកសង្រ្គាមពាណិជ្ជកម្មពិភពលោកកាន់តែធំក្រោយលោកប្រកាសយកពន្ធ៥០% លើផលិតផលទង់ដែង ដែលមាំចូលទីផ្សារសហរដ្ឋអាម៉េរិក និងពន្ធ៥០% លើទំនិញនាំចូលពីប្រទេសប្រេស៊ីល ដែលពន្ធទាំងពីរនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ហើយលោកក៏បានប្រកាសដាក់ពន្ធខ្ពស់លើប្រទេស២១ផ្សេងទៀតផងដែរ។
មូលនិធិរូបិយវត្ថុអន្តរជាតិ បានអះអាងថា ក្រោមគោលនយោបាយពន្ធរបស់លោក ត្រាំ ដែលបានប្រកាសដាក់ចេញកាលពីពេលថ្មីៗនេះ បានគំរាមកំហែងកាន់តែខ្លាំងលើការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះ IMF ស្នើឱ្យប្រទេសនានា បន្តធ្វើការដោយភាពយោគយល់ និងបត់បែនខ្ពស់ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងដោះស្រាយបញ្ហាប្រឈមនានា។
ការស្ទង់មតិមួយបានបង្ហាញថា ការព្រួយបារម្ភចំពោះពន្ធគយរបស់អាម៉េរិកនាពេលអនាគត កំពុងធ្វើឱ្យមានភាពស្រពេចស្រពិលដល់ចក្ខុវិស័យរបស់ក្រុមហ៊ុន និងរោងចក្រនៅទូទាំងសហរដ្ឋអាម៉េរិក អាស៊ី និងអឺរ៉ុប។ ក្រុមអ្នកវិភាគ បានលើកឡើងថា ចំណុចសំខាន់នៅក្នុងការស្ទង់មតិនេះ បានបង្ហាញពីបញ្ហា ដែលកំពុងប្រឈមសម្រាប់ក្រុមហ៊ុនអាជីវកម្ម និងអ្នកបង្កើតគោលនយោបាយ នៅពេលពួកគេព្យាយាមសម្របតាមការផ្លាស់ប្តូរសណ្ដាប់ធ្នាប់ពាណិជ្ជកម្មជាសកលរបស់លោក ត្រាំ។
មូលនិធិ IMF បានអះអាងថា ខ្លួននឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅក្នុងរបាយការណ៍ថ្មីស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលនឹងចេញផ្សាយនៅចុងខែកក្កដា នេះ ពោលគឺនៅមួយថ្ងៃមុនការអនុវត្តពន្ធរបស់លោក ដូណាល់ ត្រាំ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១ ខែសីហា៕
ដោយ៖ សុខ មង្គល