អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា សង្រ្គាមធ្វើឲ្យ ផលប៉ះពាល់យ៉ាងទូលំទូលាយ រួមទាំងការគំរាមកំហែងដល់សន្តិសុខស្បៀងពិភពលោកផងដែរ តាមរយៈការធ្វើឱ្យតម្លៃទំនិញកើនឡើងខ្ពស់ និងរារាំងដល់ការដាំដុះដំណាំ ជាពិសេសស្រូវសាលីនៅក្នុងប្រទេសអ៊ុយក្រែន។
ទោះបីជា IMF បានព្រមានអំពីភាពមិនច្បាស់លាស់ជុំវិញការព្យាករណ៍ក៏ពិតមែន ប៉ុន្តែប្រសិនបើជម្លោះត្រូវបានអូសបន្លាយយូរ នោះស្ថានភាពនៅអ៊ុយក្រែននឹងកាន់តែអាក្រក់ទៅៗ និងអាចធ្លាក់ដាំក្បាលចុះ ១០% នៅឆ្នាំ២០២២ បន្ទាប់ពីទើបតែបានកើនឡើង ៣,២%នៅឆ្នាំ ២០២១ ពោលគឺចំពេលមានការប្រមូលផលគ្រាប់ធញ្ញជាតិ និងការចំណាយរបស់អ្នកប្រើប្រាស់មានការកើនឡើងខ្លាំង។
ទោះយ៉ាងណា IMF ព្រមានថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់អ៊ុយក្រែនអាចនឹងកាន់តែអាក្រក់ជាងអ្វីដែលបានព្យាករទៅទៀត ដោយវាអាចនឹងមានការធ្លាក់ចុះដល់ ២៥% ទៅ៣៥% បើគេមើលទៅលើគំរូដែលធ្លាប់កើនឡើង ជាក់ស្ដែងនៅប្រទេសធ្លាប់ជួបវិបត្តិសង្គ្រាមធ្ងន់ធ្ងរ ដូចជាប្រទេស អ៊ីរ៉ាក់ លីបង់ និងប្រទេសផ្សេងៗទៀត។
សូមជម្រាបថា សង្គ្រាមនៅអ៊ុយក្រែនបានបំផ្លិចបំផ្លាញមន្ទីរពេទ្យ សាលារៀន និងផ្ទះសម្បែង ព្រមទាំងផ្លូវរាប់សិបគីឡូម៉ែត្រ និងអ្វីៗជាច្រើនទៀត នៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ បើតាមលោក លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន បានប៉ាន់ប្រមាណថា ការខូចខាតមានចំនួន ១០០ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។
IMF ដែលកាលពីសប្តាហ៍មុនក៏បានអនុម័តកម្មវិធីជំនួយសង្គ្រោះបន្ទាន់ចំនួន ១ពាន់ ៤រយលានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ។ បើតាមការបញ្ជាក់របស់ IMF អ៊ុយក្រែនក៏នឹងនៅតែអាចទទួល បានហិរញ្ញប្បទានពី IMF ដល់ទៅ ២ពាន់ ២រយលានដុល្លាររហូតដល់ខែមិថុនា ខាងមុខក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់នាពេលកន្លងមក។
សូមជម្រាបថា បច្ចុប្បន្ននេះ IMF កំពុងរៀបចំហិរញ្ញប្បទានចំនួន ៣ ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងនានាក្នុងប្រទេសអ៊ុយក្រែន ដែលវានឹងរួចរាល់ក្នុងរយៈពេល ៦ សប្ដាហ៍ ទៅ ៨សប្តាហ៍ខាងមុខនេះ។ ហើយជាមួយគ្នានេះ អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា ខ្លួនបានបែងចែកមូលនិធិចំនួន ៤០ លានដុល្លារអាមេរិក ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ក្នុងគោលបំណងដោះស្រាយជាមួយនឹងវិបត្តិដ៏អាក្រក់នេះផងដែរ។
ដោយឡែក សម្រាប់បំណុលសាធារណៈរបស់អ៊ុយក្រែន ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៦០% នៃទំហំ GDP នៅក្នុងឆ្នាំ២០២២ ពោលគឺបានកើនពី ៥០% នៃ GDP កាលពីឆ្នាំ២០២១៕
អត្ថបទ ស៊ើង និមល់