អាជីវកម្មធ្យូងថ្មឥណ្ឌូនេស៊ី

សង្គ្រាមនៅអ៊ុយក្រែនជំរុញឲ្យអាជីវកម្មធ្យូងថ្មឥណ្ឌូនេស៊ីកំពុងកាក់កបកាន់តែខ្លាំង


ភាគហ៊ុនរបស់ក្រុមហ៊ុនរុករករ៉ែធ្យូងថ្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្មក្ដៅដ៏ធំបំផុតរបស់ពិភពលោក សម្រាប់ផលិតជាថាមពលអគ្គិសនី បានហក់ឡើងខ្ពស់បំផុត គឺខ្ពស់ជាងតម្លៃទីផ្សារប្រេងទៅទៀត បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបង្កជាក្ដីបារម្ភថា ការផ្គត់ផ្គង់ធ្យូងថ្មពីរុស្ស៊ីនឹងមានការរំខាន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
សង្គ្រាមនៅអ៊ុយក្រែនជំរុញឲ្យអាជីវកម្មធ្យូងថ្មឥណ្ឌូនេស៊ីកំពុងកាក់កបកាន់តែខ្លាំង

បន្ថែម​ពី​នេះ ការ​គំរាមកំហែង​នៃ​ការ​ហាមឃាត់​ការ​នាំ​ចេញ​ធ្យូង​ថ្មី របស់​រដ្ឋាភិបាល ក៏​កំពុង​រារាំង​ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​ផលិត​ធ្យូងថ្ម​ឥណ្ឌូ​នេ​ស៊ី ដែល​វា​ទំនង​នឹង​ធ្វើ​ឲ្យ​តម្លៃ​បន្ដ​កើនឡើង​នៅ​មួយ​រយៈពេល​ខ្លី​បន្ដ​ទៀត​។ 

តម្លៃ​ធ្យូងថ្ម​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​កាលពី​ស​ប្តា​ហ៍​មុន ដោយ​បាន​កើនឡើង​ដល់ ៤០០​ដុល្លារ​ក្នុង​មួយ​តោន ដែល​បំបែក​កំណត់​ត្រា​ថ្មី​កាលពី​ខែតុលា​ឆ្នាំ​មុន តម្លៃ​២៦៩​ដុល្លារ​ក្នុង​មួយ​តោន​។ កត្តា​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជីក​រ៉ែ​ធ្យូងថ្ម​កំពូល​ៗ​របស់​ឥណ្ឌូ​នេ​ស៊ី​បាន​ហក់​ឡើង​ខ្ពស់​ថែម​ទៀត ចំ​ពេល​ដែល​តម្លៃ​ភាគហ៊ុន​របស់​ពួក​គេ​ក៏​បាន​កើនឡើង​ស្រាប់​ទៅ​ហើយ​មួយ​រយៈ​កន្លង​មកនេះ ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្រូវការ​ថាមពល នៅ​គ្រា​ដែល​ប្រទេស​ចិន​មាន​សកម្មភាព​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ ក្រោយ​វិបត្តិ​កូ​វី​ដ​១៩​។

ជាមួយនឹង​ការ​កើនឡើង​តម្លៃ​ធ្យូងថ្ម​នេះ ក្រុមហ៊ុន Adaro Energy Indonesia បាន​នាំមុខ​គេ ដោយ​ភាគហ៊ុន​របស់​ខ្លួន​បាន​កើនឡើង ២៩% ចាប់តាំងពី​ប្រទេស​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​ការ​លុកលុយ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​មក​។ ហើយ​បន្ទាប់​មក​ទៀត តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន Indika Energy និង​ក្រុមហ៊ុន Bukit Asam ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី ក៏​បានឃើញ​ការ​កើនឡើង​តួលេខ​ភាគរយ​ពីរ​ខ្ទង់​ផង​ដែរ​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​នាំ​ចេញ​ធ្យូងថ្ម​ធំ​ជាងគេ​លើ​ពិភពលោក តាម​ពីក្រោយ​ដោយ​អូស្ត្រាលី និង​រុ​ស្ស៊ី ខណៈ​ធ្យូង​ថ្មី​នាំ​ចេញពី​ឥណ្ឌូ​នេ​ស៊ី​ភាគច្រើន​ទៅ​កាន់​អាស៊ី​អាគ្នេយ៍ និង​ភាគ​ខាងកើត​នៃ​ទ្វីបអាស៊ី ខណៈ​រុ​ស្ស៊ី​ភាគច្រើន​ដឹក​ទៅ​កាន់​អាស៊ី​ខាងកើត និង​អឺរ៉ុប​។

ក្រោយ​ពី​មើលឃើញ​នូវ​កំណត់​ត្រា​ហក់​ឡើង​ខ្ពស់​នៃ​តម្លៃ​ធ្យូងថ្ម​រួច​មក រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​កំពុង​កំណត់​ទិស​ដៅ​ទិន្នផល​ធ្យូងថ្ម​ចំនួន ៦៦៣ លាន​តោន​នៅ​ឆ្នាំ​នេះ កើនឡើង ៨% ពី​ឆ្នាំ ២០២១​។ ក្នុង​ចំណោម​ចំនួន​ទាំងនោះ មាន​២៥% ឬ​ប្រហែល ១៦៦ លាន​តោន​ត្រូវ​បាន​បែងចែក​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​។ បើ​តាម រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌូ​ណេ​ស៊ី​លោកស្រី Sri Mulyani Indrawati បាន​និយាយ​ថា ប្រាក់​ចំណូល​រដ្ឋ​បាន​មក​ពី​វិស័យ​រ៉ែ និង​ធ្យូងថ្ម រួម​ទាំង​ពន្ធ ពន្ធ​នាំ​ចេញ និង​សួយសារអាករ បាន​ឈាន​ដល់​ជិត ៩​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ដែល​ជា​តួរ​លេខ​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ​។

 គួរ​ដឹង​ដែរ​ថា ធ្យូងថ្ម​គឺជា​ទំនិញ​នាំ​ចេញ​ដ៏​ធំ​បំផុត​តែ​មួយ​គត់​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បន្ទាប់​ពី​ប្រេងដូង ហើយ​តម្លៃ​កាន់តែ​ខ្ពស់​សម្រាប់​ទំនិញ​ទាំង​ពីរ​មុន​នេះ​បាន​ជួយ​ប្រទេស​នេះ​រក្សា​អតិរេក​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​មុន​៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងរកបានចំណូល៣៥លានដុល្លារពីវិស័យបនល្បែងនៅឆ្នាំនេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា នៅឆ្នាំ២០២២នេះ កម្ពុជាដាក់គោលដៅប្រមូលចំណូលពីវិស័យកាស៊ីណូ…

ការនាំចេញម្រេចនៅតែសម្រេចបានកំណើនខ្ពស់ក្នុងអត្រា៣ខ្ទង់ និងតម្លៃទីផ្សារថេរ នៅ២ខែដំបូងឆ្នាំ២០២២

ព័ត៌មាន
កម្ពុជាបាននាំចេញកសិផលសរុបជាង១លាន៣សែនតោន ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនតិចតួចប៉ុណ្ណោះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមរបាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ