 
      លោកស្រី គ្រីស្ដាលីណា ចចហ្គីវ៉ា ប្រធានគ្រប់គ្រង IMF បាននិយាយថា លោកស្រីមានក្ដីបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ទៅលើប្រជាជនអ៊ុយក្រែន ដោយសារតែសង្គ្រាមផ្ទុះឡើងជាមួយនឹងរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។ បញ្ហាសង្គ្រាមនេះ ក៏នឹងធ្វើឲ្យប៉ះពាល់ ក៏ដូចជាបន្ថែមនូវហានិភ័យកាន់តែធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។
IMF នឹងបន្ដវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ច ប៉ុន្ដែទន្ទឹមនឹងនោះ ក៏នឹងនៅចាំជួយគាំទ្រដល់ប្រទេសជាសមាជិក ដែលត្រូវការជំនួយផងដែរ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ កំពុងស្ថិតក្នុងដំណើរការផ្ដល់ជំនួយប្រហែល ២ពាន់២រយលានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន នៅក្រោមកម្មវិធីប្រាក់កម្ចី ដែលបានគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនាខាងមុខ។
ជាមួយគ្នានេះដែរ លោក ដេវីត ម៉ាល់ផាស ប្រធានធនាគារពិភពលោក បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ធនាគារពិភពលោក មានការតក់ស្លុតយ៉ាងខ្លាំង ក្រោយកើតមានអំពើហិង្សា និងការបាត់បង់ជីវិតមនុស្ស ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ លោក ដេវីត ម៉ាល់ផាស បានព្រមានថា ការបំផ្លិចបំផ្លាញនៅប្រទេសអ៊ុយក្រែន នឹងនាំមកនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរ។
លោកបន្ថែមថា ធនាគារពិភពលោកនឹងផ្ដល់ការគាំទ្រទាន់ពេលវេលាសម្រាប់អ៊ុយក្រែន និងបានរៀបចំនូវជម្រើសសម្រាប់ការគាំទ្រផងដែរ រួមទាំងការពន្លឿនការបែងចែកហិរញ្ញប្បទានជាដើម។ ធនាគារពិភពលោក និង IMF នឹងឃ្លាំមើលយ៉ាងដិតដល់នូវផលប៉ះពាល់ដែលបង្កឡើងដោយការទង្វើដ៏គគ្លើនរបស់រុស្ស៊ីទៅលើអ៊ុយក្រែននេះផងដែរ។
គួរបញ្ជាក់ថា ក្រោយផ្ទុះសង្គ្រាមកើតឡើងនៅអ៊ុយក្រែន តម្លៃប្រេងឆៅពិភពលោកបានហក់ឡើងថ្លៃខ្ពស់ដល់ជាង ១០០ដុល្លារអាមេរិកហើយក្នុងមួយធុងបារ៉ែល ខណៈតម្លៃភាគហ៊ុនពិភពលោកក៏នៅតែបន្ដដាំក្បាលចុះដែរនៅថ្ងៃទី ២៥ ខែកុម្ភៈនេះ។ តម្លៃប្រេងឡើងថ្លៃកាន់តែខ្ពស់ កំពុងចោទជាក្ដីបារម្ភកាន់តែខ្លាំងផងដែរ ទៅលើការកើនឡើងនៃអតិផរណាសកលលោក។
គេនៅចាំបានថា កាលពីពីខែមករាកន្លងទៅ IMF បានកាត់បន្ថយការព្យាករកំណើន GDP ពិភពលោកមកនៅត្រឹម ៤,៤% ទាបជាងការព្យាករពីមុន០,៥% ដោយសារតែឧបសគ្គដែលបង្កឡើងដោយមេរោគរាតត្បាតកូវីដ១៩។ ប៉ុន្ដែ គេមិនទាន់ដឹងនៅឡើយទេថា តើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន អាចនឹងទាញឲ្យកំណើនសេដ្ឋកិច្ចពិភពលោកមានការថមថយចុះកម្រិតណាមបន្ថែមទៀតនោះទេ ខណៈដែលវាកំពុងស្ថិតក្រោមការតាមដានវាយតម្លៃពីស្ថាប័នអន្តរជាតិ IMF និង ធនាគារពិភពលោកនៅឡើយ។
ការឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន ក៏មានការថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ពីសំណាក់ប្រទេសលោកខាងលិច ខណៈដែល សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទើបតែបានប្រកាសដាក់ទណ្ឌកម្មថ្មីទៀត ទៅលើរុស្ស៊ី រួមទាំងការបង្កកទ្រព្យសម្បត្តិ នៃធនាគារធំៗ និងកាត់ផ្ដាច់ការនាំចេញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ទៅកាន់រុស្ស៊ីផងដែរ។
ក្រុមអ្នកវិភាគបានកត់សម្គាល់ថា សង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន គឺមិនមែនជារឿងចៃដន្យទេ ប៉ុន្ដែវាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្ស៊ី ព្រោះទីក្រុងម៉ូស្គូ បានត្រៀមខ្លួនមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីប្រឈមទប់ទល់នឹងទណ្ឌកម្មពីលោកខាងលិច ដោយបានបង្កើតនូវធនធានសម្រាប់ការធ្វើសង្គ្រាម ដូចជាលុយ និងមាស និងមានកម្រិតបំណុលទាបផងដែរ៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              