វិស័យកសិកម្ម

តើការប្រើប្រាស់ជីថ្នាំគីមីក្នុងវិស័យកសិកម្មនៅកម្ពុជា មានស្ថានភាពយ៉ាងណាដែរ?


ការប្រើប្រាស់ជីគីមីនៅក្នុងវិស័យកសិកម្មប៉ុន្មានឆ្នាំចុងក្រោយ ត្រូវបានគេសង្កេតឃើញមាននិន្នាការកើនឡើង ខណៈការប្រកួតប្រជែងលើការលក់ជីថ្នាំ ក៏កំពុងមានការកើនឡើងដូចគ្នាដែរ។ ទន្ទឹមនឹងការប្រើប្រាស់ជីថ្នាំគីមីមានការកើនឡើង អ្នកជំនាញក្នុងវិស័យកសិកម្មស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការត្រួតពិនិត្យលើធាតុសកម្ម ឬគុណភាពជីនាំចូល ដើម្បីបង្ការផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងវិស័យកសិកម្មនៅកម្ពុជា។
វិស័យកសិកម្ម
ដោយ

ឧកញ៉ា ចាន់ ស៊ីថា អ្នកជំនួញក្នុងវិស័យកសិកម្មម្នាក់នៅខេត្តកំពត កត់សម្គាល់ឃើញថា ការប្រើប្រាស់ជីលើវិស័យកសិកម្មនាពេលបច្ចុប្បន្នមានរូបភាពផ្សេងៗគ្នា ដោយក្នុងនោះមានកសិករខ្លះបានប្រើប្រាស់ជីផលិតចេញពីធម្មជាតិ ខណៈកសិករខ្លះបានប្រើជីថ្នាំគីមី លាយផ្សំជាមួយជីធម្មជាតិ ដែលផលិតដោយខ្លួនឯង។ បើតាមម្ចាស់ចម្ការរូបនេះ ការប្រើប្រាស់ជីធម្មជាតិ និងជីគីមីមានគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗគ្នា ខណៈប្រសិទ្ធភាពដែលទទួលបានគឺអាស្រ័យលើការយល់ដឹងពីបច្ចេកទេសក្នុងការប្រើប្រាស់។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ លើកឡើងថា ប្រសិនបើការនាំចូលជីថ្នាំគីមី មានការត្រួតពិនិត្យលើគុណភាព និងមានការអនុញ្ញាតពីស្ថាប័នជំនាញត្រឹមត្រូវនោះពុំសូវជាបញ្ហាច្រើននោះទេ។ តែយ៉ាងណាលោកឧកញ៉ា លើកទឹកចិត្តឱ្យកសិករប្រើជីធម្មជាតិ ដើម្បីរួមចំណែកជួយការពារសុខភាព និងរក្សាគុណភាពដីបានយូរអង្វែង។

​ដោយឡែកលោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន សង្កេតឃើញថា ការប្រើប្រាស់ជីថ្នាំគីមីនៅក្នុងដំណាំទុរេនកំពុងមានការកើនឡើង ខណៈការផ្គត់ផ្គង់ក៏មានការកើនឡើងដែរ។ ទន្ទឹមនឹងការប្រើប្រាស់មានការកើនឡើង ការលក់ជីថ្នាំក៏កំពុងមានការប្រកួតប្រជែងគ្នាខ្លាំងលើតម្លៃផងដែរ ខណៈស្តង់ដានៃគុណភាពនៅតែជាក្ដីបារម្ភរបស់អ្នកប្រើប្រាស់។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើមានការត្រួតពិនិត្យលើធាតុសកម្ម និងគុណភាពជីថ្នាំនាំចូលឱ្យបានត្រឹមត្រូវ នោះការធ្វើកសិកម្មរបស់កសិករ នឹងទទួលទិន្នផលខ្ពស់ទៅតាមនឹងដែរ។

​ពាក់ព័ន្ធបញ្ហានេះដែរ នៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១កាលពីពេលថ្មីៗ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេស្គាល់ថាជាមហាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យគុណភាពជីនាំចូលពីប្រទេសនានា ក្រោយអ្នកឧកញ៉ា បារម្ភជីនាំចូលមិនសូវមានគុណភាព ដែលអាចធ្វើឱ្យការដាំដុះរបស់កសិករមិនសូវទទួលបានផល និងចំណាយពេលវេលានិងថ្លៃដើមខ្ពស់។

ឆ្លើយតបនឹងការបង្ហាញក្តីបារម្ភនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងតែងយកសំណាកគំរូជីនាំចូល ដើម្បីពិសោធន៍រកកម្រិតបទដ្ឋាននានា ហើយតាមរយៈការពិនិត្យសំណាកជីថ្នាំកសិកម្មចំនួន៥០០សំណាកកន្លងទៅក្រសួងរកឃើញថា ជីថ្នាំទាំងនោះមានគុណភាពអាចទទួលយកបាន។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរូបនេះ ប្ដេជ្ញាអនុវត្តវិធានការចាំបាច់នានា និងព្រមានលុបបញ្ជីការចំពោះជីថ្នាំកសិកម្មណាដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងប្រមូលជីថ្នាំទាំងនោះចេញដើម្បីកុំឱ្យប៉ះពាល់ដល់ការប្រើប្រាស់របស់កសិករ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាបាននាំចូលជី និងថ្នាំកសិកម្មគិតជាទឹកប្រាក់ប្រមាណជាង៦១៥លានដុល្លារ មានការកើនឡើងជាង២៥% បើធៀបឆ្នាំ២០២៣ ដែលមានចំនួនជាង៤៨៨លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើជម្លោះព្រំដែនកម្ពុជា-ថៃ អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគដែរឬទេ?

ក្រុមអ្នកជំនាញបានចាត់ទុកប្រទេសថៃ ជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ទាំងលើការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួ…

វៀតណាម ចុះកិច្ចព្រមព្រៀងទិញទំនិញពីអាម៉េរិក តម្លៃ៣ពាន់លានដុល្លារ មុនការចរចាពន្ធជុំថ្មីមកដល់

វៀតណាម ដែលជាប្រទេសក្បែរខាងកម្ពុជា បានបង្កើនការនាំចូលទំនិញពីអាម៉េរិក មានតម្លៃរហូតដល់៣ពាន់លានដុល្លារ ដើម្បីផ្គាប់ចិត្តអាម៉េរិក មុនការចរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ